លោកមហាសេដ្ឋី Elon Musk ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបង្រួញរដ្ឋាភិបាលសហព័ន្ធ បាននិយាយកាលពីព្រឹកថ្ងៃចន្ទថាដំណើរការបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) កំពុងចាប់ផ្តើមហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters និង AP។
លោក Musk បាននិយាយក្នុងកម្មវិធីផ្សាយផ្ទាល់នៃវេទិកា Spaces របស់ប្រព័ន្ធផ្សព្វផ្សាយអនឡាញ X កាលពីព្រឹកថ្ងៃចន្ទថា៖ «វាច្បាស់ណាស់ថាទីភ្នាក់ងារនេះមិនមែនមានបញ្ហាតូចទេ។ វាដូចជាផ្លែប៉ោមដែលមានសុទ្ធតែដង្កូវចោះដូច្នោះដែរ។ យើងត្រូវតែលុបស្ថាប័នទាំងមូលចោល ព្រោះវាកែខៃលែងកើតហើយ»។ លោកបានបន្ថែមថាលោកប្រធានាធិបតី Trump យល់ព្រមឲ្យបិទទីភ្នាក់ងារនេះ។
ទន្ទឹមពេលគ្នានេះ បុគ្គលិក USAID ភាគច្រើនត្រូវបានប្រាប់កុំឲ្យទៅធ្វើការនៅទីស្នាក់ការធំរបស់ខ្លួនក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ ហើយឲ្យធ្វើការពីចម្ងាយ។ នេះបើយោងតាមសារអ៊ីមែលផ្ញើទៅកាន់បុគ្គលិកនៃទីភ្នាក់ងារនេះ ដែល Reuters បានឃើញ។ សារនោះសរសេរទៀតថា៖ «នឹងមានការជូនដំណឹងបន្ថែមនៅពេលក្រោយ»។
កាលពីថ្ងៃអាទិត្យ សារព័ត៌មាន Reuters បានរាយការណ៍ថារដ្ឋបាលលោក Trump បានដកចេញនូវមន្រ្តីសន្តិសុខកំពូលពីរនាក់នៅទីភ្នាក់ងារ USAID កាលពីចុងសប្តាហ៍ ក្រោយពីមន្ត្រីទាំងពីរនាក់នោះព្យាយាមឃាត់តំណាងក្រុមអធិការកិច្ចនៃគណៈកម្មាធិការប្រសិទ្ធផលរដ្ឋាភិបាល (DOGE) កុំឲ្យចូលទៅកាន់ផ្នែកហាមឃាត់នៃអគារនោះ។ នេះបើយោងតាមប្រភពបី។
ក្រោយមក នៅថ្ងៃអាទិត្យនោះដែរ លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មានថា USAID «ដឹកនាំដោយមនុស្សភ្លីភ្លឺជ្រុលនិយមមួយក្រុម»។ លោកបានបន្ថែមថា៖ «យើងនឹងដេញពួកគេចេញ ហើយយើងនឹងធ្វើការសម្រេចចិត្ត»។
ទីភ្នាក់ងារ USAID ជាម្ចាស់ជំនួយធំជាងគេបង្អស់តែមួយគត់នៅលើពិភពលោក។ ក្នុងឆ្នាំសារពើពន្ធ ២០២៣ សហរដ្ឋអាមេរិកបានបញ្ចេញជំនួយ ៧២ ពាន់លានដុល្លារនៅជុំវិញពិភពលោកទៅលើផ្នែកគ្រប់មុខរាប់ចាប់ពីសុខភាពស្ត្រីក្នុងតំបន់សង្គ្រាមរហូតដល់ការទទួលបានទឹកស្អាត ការព្យាបាលវីរុសឬជំងឺអេដស៍ សន្តិសុខថាមពល និងការងារប្រឆាំងអំពើពុករលួយ។
ទីភ្នាក់ងារនេះបានផ្តល់ជំនួយមនុស្សធម៌ ៤២% ក្នុងចំណោមជំនួយមនុស្សធម៌ទាំងអស់ដែលកត់ត្រាដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២៤៕
វេទិកាបញ្ចេញមតិ