ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ថា​ត្រៀម​​ទទួល​ជន​អន្តោប្រវេស​ន៍ខ្មែរ​ជិត២ពាន់នាក់ ដែល​រដ្ឋបាល​​លោក Trump​ គ្រោង​បញ្ជូន​ចេញ​ពី​អាមេរិក


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោកDonald Trump កាន់ឯកសារ​មួយ​នៅ​សេតវិមាន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ២០២៥។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោកDonald Trump កាន់ឯកសារ​មួយ​នៅ​សេតវិមាន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ២០២៥។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ដូណាល់ ត្រាំ ​(Donald Trump) ប្រធានាធិបតី​អាមេរិកជា​លើក​ទីពីរ​នេះ កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​ទទួល​យក​ជន​អន្តោប្រវេសន៍​ជា​ពលរដ្ឋ​ខ្មែរ ដែល​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ទឹក​ដី​អាមេរិក​។

អ្នកនាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​កម្ពុជា​អះអាង​ថា ​កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការទទួល​យក​ប្រជា​ពលរដ្ឋ​ខ្មែរ​ជិត ​២​ ពាន់​នាក់​ឱ្យ​មក​រស់​នៅប្រទេស​កំណើត​វិញ​។

រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ មាន​គម្រោង​បណ្តេញ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ចេញ​ពី​សហរដ្ឋ​អាមេរិក​ប្រមាណ ​១​លាន​៤​សែន​នាក់ ​ទៅ​ប្រទេស​កំណើត​វិញ​។ នៅ​ក្នុង​ចំណោម​មនុស្ស​ជាង​១លាន​នាក់​នោះ មាន​ជនជាតិ​ខ្មែរ​ប្រមាណ ​១ ​៧៤៧​នាក់ ហើយ​ប្រទេស​ជិត​ខាង​កម្ពុជា ​ដូច​ជា​ឡាវ មាន​ប្រមាណ​ ៤ ៨៥០​នាក់ ថៃប្រមាណ ៦១៩​នាក់ និងវៀត​ណាម​ប្រមាណ​ ៨ ៦៧៥​នាក់​។ នេះ​បើ​តាម​របាយ​ការណ៍​ដែល​ផ្សព្វ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​អាមេរិក​ឈ្មោះ​ Fox News

ការ​បណ្តេញ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​យ៉ាង​ច្រើនបែប​នេះ ​ក៏​ធ្លាប់​កើត​ឡើង​ម្តង​រួច​មក​ហើយ​ ក្រោម​ការ​ដឹកនាំ​របស់​លោក ដូណាល់ ត្រាំ កាល​ពី​អាណត្តិ​មុន​។

អ្នកនាំ​ពាក្យ​របស់​រដ្ឋាភិបាល លោក ប៉ែន បូណា ​ថ្លែង​ថា ​កម្ពុជា​ត្រៀម​ខ្លួន​ជានិច្ច ដើម្បី​ទទួលប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​អាមេរិក​គ្រោងបញ្ជូន​មក​កម្ពុជាវិញ​។

លោក​ប្រាប់​វីអូអេ​ថា៖ «​រាជ​រដ្ឋា​ភិបាល​ ត្រៀម​សហការ ​ដើម្បី​ទទួល​យក​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​រូប​ណា ដែល​រដ្ឋាភិ​បាលសហរដ្ឋ​អាមេរិក ​ចាប់​បញ្ជូន​ត្រឡប់មក​ប្រទេស​វិញ​ ពីព្រោះ​ថា​បង​ប្អូន​ទាំង​នោះ គឺ​ជា​ពលរដ្ឋ​ខ្មែរ​។ រាជ​រដ្ឋា​ភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខទុក្ខបង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​ ដោយ​មិន​បោះ​បង់​ចោល​ពលរដ្ឋ​ខ្មែរ ​រូបណា​ម្នាក់​ទេ​។ នេះ​គឺ​ជាអ្វី​ដែល​រាជ​រដ្ឋាភិបាល បាន​ធ្វើ​រួច​មក​ហើយ ​យើង​ធ្លាប់​បាន​ទទួល​ប្រជា​ពលរដ្ឋ​ខ្មែរ ​ជាហូរ​ហែ​ដែល​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ហ្នឹង​បញ្ជូន​មក​ប្រទេស​វិញ​ហ្នឹង​»។

វីអូអេមិន​ទាន់​អាច​សុំការ​បញ្ជាក់​ពី​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​នៅ​ឡើយ​ទេ​។

រហូត​មកដល់​ពេលនេះ មិន​ទាន់​មាន​ព័ត៌​មាន​ជាក់​លាក់​អំពី​ពេល​វេលា​ថា​តើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​នឹង​ត្រូវមក​ដល់​ប្រទេស​កម្ពុជា​វិញ ​នា​ពេល​ណា​នោះ​ទេ។

លោក អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​កត់​សម្គាល់​ថា​ ការ​បញ្ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជិត​ ២​ពាន់​នាក់ ស្រប​ពេល​ដែល​ស្ថាន​ភាព​របស់ទីភ្នាក់​ងារ​ជំនួយ​អាមេរិក​ USAID ​កំពុង​ស្ថិតក្នុង​ស្ថាន​ភាព​មិន​ច្បាស់​លាស់​បែប​នេះ នោះ​វា​នឹង​ធ្វើ​ឱ្យ​បន្ទុក​ទាំង​អស់​ធ្លាក់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ ​ព្រោះ​កន្លង​មក​ការបញ្ជូន​ជន​អន្តោ​ប្រវេស​ន៍​ខុសច្បាប់​មក​កម្ពុជា​ ត្រូវ​បាន​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ USAID​ ជួយ​គាំទ្រ​ការធ្វើ​មាតុ​ភូមិ​និវត្តន៍​ទាំង​នោះ។

លោក​ថ្លែង​ថា៖ «ការ​អនុវត្ត​ច្បាប់ វា​ជា​រឿង​របស់​ប្រទេស​នីមួយ​ៗ ក៏​ប៉ុន្តែ​បើ​យើង​គិត​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​បញ្ហា​មនុស្សធម៌ ​និង​សីល​ធម៌ ​អាហ្នឹង​គួរតែ​ពិនិត្យ​មើល​ឱ្យបាន​ច្បាស់​លាស់​មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ការ​បញ្ជូន​វិល​ត្រឡប់​ទៅ​ប្រទេស​ដើមវិញ ជួន​កាល​អ្នកខ្លះ អាច​នឹង​រង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ពួក​គេ មុន​នឹង​ពួក​គេ ​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​ការ​ភៀស​ខ្លួន​ទៅ​សហ​រដ្ឋ​អាមេ​រិក ហើយ​នៅ​ពេល​បញ្ជូន​ត្រឡប់​ទៅវិញ ​អាច​នឹង​ជួប​បញ្ហា​នៃ​ការ​ធ្វើទុក្ខ​បុក​ម្នេញ ​ពាក់​ព័ន្ធ​បញ្ហា​សិទ្ធិ​មនុស្ស​ផងដែរ»។

គួរ​បញ្ជាក់​ថា ​អំឡុង​ពេល​អ្នកស្រី Samantha Power នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ (USAID) មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៤ គឺ​អ្នកស្រី​បាន​ប្រកាស​កម្មវិធី​ថ្មី​ៗ និង​ផ្តល់​ថវិកា​បន្ថែម​ជាង​ ៣៨​លាន​ដុល្លារ​ដល់​កម្ពុជា​។ នាពេល​នោះ ​អ្នកស្រី ​Samantha Power ​ក៏​បាន​លើក​ឡើង​ថា​ទីភ្នាក់ងារ​ជំនួយ​អាមេរិក ​USAIDនឹងបន្ត​ជួយ​គាំទ្រ​ដល់​ការធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​ប្រជាជន​កម្ពុជា​ពី​សហរដ្ឋ​អាមេរិក​វិញ ក្នុង​ពេល​ដែល​ពួកគេ​ធ្វើ​សមា​ហរណកម្ម​ចូល​ក្នុង​សង្គម​កម្ពុជា​វិញ និង​កសាង​នូវ​ជីវភាព​ដែល​មាន​លំនឹង និង​ប្រកប​ដោយ​ភាព​ឯក​រាជ្យ​។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ​USAIDកាល​ពី​កន្លង​ទៅ។

ប៉ុន្តែ​សារព័ត៌​មាន​អន្តរ​ជាតិ​បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ថា​ សហរដ្ឋ​អាមេរិក​កំពុង​តែ​រៀបចំ​ដាក់​បញ្ចូល​ USAID ទៅ​ដាក់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ការ​បរទេស​អាមេរិក​។ ​ក្រោយ​មាន​ចំណាត់​ការ​បែប​នេះ មាន​ការ​លើក​ឡើង​ថា ​អាមេរិក​នឹង​បញ្ចប់​ជំនួយ​មនុស្ស​ធម៌​និង​អភិវឌ្ឍន៍​របស់​ខ្លួន​មក​ប្រទេស​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG