ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដាន​៖ ការ​ដាក់​ USAID ក្រោម​ក្រសួង​ការបរទេស​អាមេរិក​អាច​ធ្វើឲ្យ​ធ្លាក់​ជំនួយ​អភិវឌ្ឍន៍​នៅ​កម្ពុជា


រូបឯកសារ៖ ស្លាកសញ្ញា​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ ឬ​ហៅ​ថា​ USAID។
រូបឯកសារ៖ ស្លាកសញ្ញា​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ ឬ​ហៅ​ថា​ USAID។

សារព័ត៌មាន​អន្តរ​ជាតិ​បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ថា​ សហរដ្ឋ​អាមេរិក​កំពុង​តែ​រៀបចំ​ដាក់​បញ្ចូល​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ ឬ​ហៅ​ថា​ USAID ទៅ​ដាក់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ការ​បរទេស​អាមេរិក។ ការណ៍​នេះ​នាំ​ឱ្យ​អ្នក​តាម​ដាន​មើល​ឃើញ​ថា ​ជំនួយ​របស់​អាមេរិក​នឹង​កាន់​តែ​មាន​បែបផែន​នយោ​បាយ និង​បំពេញ​ទៅ​តាម​របៀប​វារៈ​អាមេរិក​ច្រើន​ជាង​មុន​ នៅ​ក្នុង​ប្រទេស​ទូទាំង​ពិភព​លោក ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា ថ្លែង​ថា​ ការ​ដាក់ ​USAID ​ទៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ការបរទេស​អាមេរិក​នឹង​ប៉ះ​ពាល់​ពី​របៀប​នៃ​ការ​ផ្តល់​ជំនួយ និង​បរិមាណ​នៃ​ការ​ផ្តល់​ជំនួយ​ដែល​ផ្តោត​ទៅ​លើ​ការងារ​មនុស្ស​ធម៌ និង​ការងារ​អភិវឌ្ឍន៍។

លោក​ប្រាប់​វីអូអេ​ថា៖ «ហេតុ​នេះ​ហើយ ការ​ទាញ​យក ​USAID មក​ដាក់​នៅ​ក្រោម​ State Department [ក្រសួង​ការបរទេស​អាមេរិក]​ នឹង​ធ្វើ​ឱ្យ​មាន​ការ​បាត់​បង់​នូវ​ឯក​រាជ្យ​ភាព​នៃ​ការ​ផ្តល់​ជំនួយ​ដែល​ផ្តោត​ទៅ​លើ​ការ​ងារ​មនុស្ស​ធម៌​ និង​ការ​អភិវឌ្ឍ»។

លោក​បន្ថែម​ថា​ ការ​ផ្តល់​ជំនួយ​របស់​អាមេរិក​នៅ​ពេល​អនាគត​អាច​មាន​លក្ខ​ខណ្ឌ​ច្រើន ជា​ពិសេស​លក្ខខណ្ឌ​ផ្នែក​នយោបាយ និង​ការ​ទូត។

លោក​បន្ថែម​ថា៖ «បើ​សិន​ជា​គម្រោង​នៃ​ការ​ទាញ​យក​ស្ថាប័ន​ USAID ​មក​ដាក់​នៅ​ក្រោម​ឆត្រ​ US State Department​ ហ្នឹង​បាន​ជោគជ័យ​មែន ខ្ញុំ​គិត​ថា ​ប្រទេស​ទាំង​អស់​ទូទាំង​ពិភព​លោក រួម​ទាំង​ប្រទេស​កម្ពុជា​យើង​ផង នឹង​រឹត​តែ​ពិបាក​នៅ​ក្នុង​ការ​ទទួល​បាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ ជា​ពិសេស​ការ​បាត់​បង់​មួយ​ផ្នែក​ទៅ​លើ​ផ្នែក​ជំនួយ​មនុស្ស​ធម៌​ និង​ការ​អភិវឌ្ឍ»។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​មួយ ប្រាប់​វីអូអេ​ថា​ គោល​នយោ​បាយ​របស់​អាមេរិក​មាន​ការ​កែ​ប្រែ​ច្រើន តាំង​ពី​លោក ដូណាល់ ត្រាំ (Donald Trump) ឡើង​កាន់​អំណាច​លើក​ទីមួយ ដែល​លោក​អះអាង​ថា​ សហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជាប្រទេស​ថ្មី​មួយ។ អ្នក​តាម​ដាន​រូប​នោះ​អះអាង​ថា ​សហរដ្ឋ​អាមេរិក​នៅ​តែ​គាំទ្រ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស ហើយ​នឹង​សកម្មភាព​ទាំង​ឡាយ​ណា ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ក្នុង​ពិភព​លោក។

បើ​តាម​លោក អ៊ូ វីរៈ ស្ថានទូត​អាមេរិក​នឹងមាន​សកម្មភាព​ច្រើន​ជាង​មុន​ដោយ​សារ​មាន​ថវិកា និង​ធនធាន​មនុស្ស​ធ្វើ​ការ​ច្រើន​ជាង​មុន។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា ​USAID មិន​អាច​វិល​វិញ​ដូច​ដើម​ទេ។ អ៊ីចឹងជំនួយ​មិន​អាច​វិលវិញ​ដូច​ដើម​ទេ។ អ៊ីចឹង​បើ​សិន​ជា​មាន​វិញ តាម​រយៈ​ក្រសួង​ការបរទេស គឺ​តាម​រយៈ​ទូត​តែ​ម្តង។ ហើយ​បើ​តាម​រយៈ​ទូត ការងារ​ភាគ​ច្រើន​មាន​តែ​រឿង​មួយ​ចំនួន​ទេ ដើម្បី​បាន​ផល​ប្រយោ​ជន៍​សហរដ្ឋ​អាមេរិក គឺ​ទាក់ទង​នឹង​ការ​ទប់​ឥទ្ធិពល​ចិន ការ​ពង្រឹង​អំណាច​ផ្ទាល់​របស់​សហរដ្ឋ​អាមេរិក ហើយ​នឹង​ការ​រុញ​របៀប​វារៈ​របស់​សហរដ្ឋ​អាមេរិក អ្វី​ដែល​អាមេរិក​គិត​ថា​សំខាន់»។

បើ​តាម​លោក អ៊ូ វីរៈ សហរដ្ឋ​អាមេរិក​នឹងផ្តល់​ជំនួយ​ដែល​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​គោល​នយោបាយ​របស់​ខ្លួន ដែល​លោក​ថា​ អាមេរិក​នឹង​ពង្រឹង​«អំណាច​រឹង»​របស់​ខ្លួន​ឡើង​វិញ។ «អំណាច​រឹង»នោះ លោក អ៊ូ វីរៈ សំដៅ​លើ​ថវិកា សេដ្ឋកិច្ច និង​យោធា​ជាដើម។

លោក​បន្ថែម​ថា៖ «កម្ពុជា​ជា​ប្រទេស​តូច គ្មាន​អំណាច​រឹង​ទេ។ យើង​សង្ឃឹម​ថា​ យើង​អាច​ពង្រឹង​អំណាច​ទន់​បាន​ខ្លះ។ អំណាច​វប្បធម៌ យើង​មាន​ប្រវត្តិ​សាស្រ្ត​ដែល​ពិភព​លោក​ចាប់​អារម្មណ៍»។

លោក អៀ សុផល សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យា​ល័យ ​Arizona State University នៅ​សហរដ្ឋ​អាមេរិក ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​ ប្រសិន​បើ​ជំនួយបរទេស​ទាំង​នោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការបរទេស​អាមេរិក នោះ​ការ​ប្រើ​ប្រាស់​ជំនួយ​នឹង​ចងភ្ជាប់​នឹង​គោល​នយោបាយ​ការបរទេស​អាទិភាព​របស់​អាមេរិក។ លោក​បន្ថែម​ថា ​ប្រសិន​បើ​លោក ដូណាល់ ត្រាំ នឹង​បិទ​ទាំង​ស្រុង​ជំនួយ​មក​កម្ពុជា នោះ​អង្គការ​សង្គម​ស៊ីវិល​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ។

បើ​តាម​លោក អៀ សុផល ប្រសិន​បើ​ជំនួយ​អាមេរិក​ត្រូវ​បាន​កាត់ កម្ពុជា​នឹង​កាន់​តែ​ពឹង​ផ្អែក​លើ​ចិន ខណៈ​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្ពុជា និង​អាមេរិក​ធ្លាក់​ចុះ ដោយ​សារ​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស។

លោក​បន្ថែម​ថា៖ «ប្រសិន​បើ​ជំនួយ​របស់ ​USAID ​ត្រូវ​បាន​កាត់ ឬ​ផ្លាស់​ប្តូរ​ទិស​ដៅ វា​អាច​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​អាមេរិក​កាន់​តែ​ខ្សោយ​ទៅ​ក្នុង​ប្រទេស ហើយ​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​ពឹង​ផ្អែក​លើ​ការ​គាំទ្រ​ទាំង​នយោបាយ និង​ហិរញវត្ថុ​ពី​ប្រទេស​ចិន»។

ចំណែក​លោក មាស នី អ្នក​វិភាគ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ថ្លែង​ថា​ ជំនួយ​របស់​អាមេរិក​កាល​ពី​កន្លង​ទៅ តែង​ភ្ជាប់​នឹង​លក្ខខណ្ឌ​ប្រជាធិបតេយ្យ ការ​ពង្រឹង​សិទ្ធិ​មនុស្ស និង​គោល​នយោបាយ​ការបរទេស​របស់​អាមេរិក។ លោក​បន្ថែម​ថា​ ប្រសិន​បើ USAID ​ស្ថិត​នៅ​ក្រោម​ក្រសួង​ការបរទេស​អាមេរិក នោះ​ជំនួយ​បរទេស​នឹង​«ភ្ជាប់​នឹង​លក្ខខណ្ឌ​កាន់​តែ​ច្រើន​ឡើង»​ក្នុង​ពេល​អនាគត។

លោក មាស នី បន្ថែម​ថា ​វា​មិន​ប្រាកដ​ថា​សហរដ្ឋ​អាមេរិក​នឹង​ប្រើប្រាស់​ជំនួយ​បរទេស​នោះ ដើម្បី​គាប​សង្កត់​ទៅ​លើ​ប្រទេស​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រជាធិប​តេយ្យ​នោះ​ទេ។

លោក​បញ្ជាក់​ថា​៖ «ប្រសិន​បើ​លុយ​នេះ​នឹង​ត្រូវ​ប្រើ​ដោយ​ក្រសួង​ការបរទេស នៅ​ពេល​ដែល​មាន​ចំណាត់​ការ​ណាមួយ​ពី​រដ្ឋាភិបាល​អាមេរិក ឧបមា​ថា​ដាក់​សម្ពាធ​ផ្សេងៗ​មក​លើ ប្រហែល​ជា​មាន​ប្រសិទ្ធភាព​ចំៗ ត្រង់ៗ​តែ​ម្តង»។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​តុលា ឆ្នាំ​ ២០២៤ នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​ (USAID) អ្នកស្រី Samantha Power បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​អ្នកស្រី​បាន​ប្រកាស​កម្មវិធី​ថ្មីៗនិង​ផ្តល់ថវិកា​បន្ថែម​ជាង ​៣៨លាន​ដុល្លារ​ដល់​កម្ពុជា ក្នុង​នោះ​រួមមាន​ជំនួយ​ដល់​ផ្នែក​សន្តិសុខ​ស្បៀង បរិស្ថាន សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វិស័យ​ការងារ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID ​កាល​ពី​កន្លង​ទៅ។ ការ​បង្កក​ជំនួយ​របស់​អាមេរិក​កំពុង​ប៉ះពាល់​ដល់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​សកម្មភាព​មួយ​ចំនួន​ទៀត ក្នុង​នោះ​មាន​ការ​ដោះមីន និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ក្នុង​ប្រទេស​កម្ពុជា​ជា​ដើម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG