ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា​ជនជាតិ​ប៉ាឡេស្ទីន​គ្មាន​សិទ្ធិ​ត្រឡប់​ទៅ​ហ្កាហ្សា​ទេ​ក្រោម​ផែនការ​របស់​លោក


រូបឯកសារ៖ ប្រធានាធិបតី​ Donald Trump ថ្លែងនៅ​សេតវិមាន​កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៥។
រូបឯកសារ៖ ប្រធានាធិបតី​ Donald Trump ថ្លែងនៅ​សេតវិមាន​កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៥។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថា​ជនជាតិ​ប៉ាឡេស្ទីន​នឹង​គ្មាន​សិទ្ធិ​វិល​ត្រឡប់​ទៅ​តំបន់​ហ្កាហ្សា​វិញ​ទេ​ក្រោម​ផែនការ​របស់​លោក​ក្នុង​ការ​ឲ្យ​អាមេរិក​ជា​អ្នក​គ្រប់គ្រង​តំបន់​នោះ។ លោក Trump បាន​លើកឡើង​បែប​នេះ​ក្នុង​បទសម្ភាសន៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ដោយ​លោក​បាន​ហៅ​ផែនការ​នោះ​ថា​ជា «គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​សម្រាប់​អនាគត»។

លោក Trump បាន​ប្រាប់​ទូរទស្សន៍ Fox News ថា៖ «ខ្ញុំ​នឹង​ធ្វើ​ម្ចាស់​គម្រោង​នេះ» និង​ថា​អាច​មាន​ទីតាំង​ផ្សេងៗ​រហូត​ដល់​ទៅ ៦ កន្លែង​សម្រាប់​ឲ្យ​ជនជាតិ​ប៉ាឡេស្ទីន​រស់នៅ​ក្រៅ​តំបន់​ហ្កាហ្សា​តាម​ផែនការ​របស់​លោក។ កន្លង​មក បណ្ដា​ប្រទេស​អារ៉ាប់​បាន​ប្រឆាំង​នឹង​ផែនការ​របស់​លោក​នេះ។

នៅ​ពេល​សួរ​ថាតើ​ជនជាតិ​ប៉ាឡេស្ទីន​នឹង​អាច​វិល​ត្រឡប់​ទៅកាន់​តំបន់​ដែល​ខ្ទេចខ្ទី​ដោយសារ​សង្គ្រាម​នោះ​បាន​ដែរ​ឬ​ទេ លោក Trump បាន​ឆ្លើយថា៖ «ទេ ពួកគេ​នឹង​មិន​អាច​ទេ ព្រោះ​ពួកគេ​នឹង​មាន​ផ្ទះ​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់»។

លោក Trump បាន​បន្ថែម​ថា៖ «និយាយ​ម្យ៉ាង​ទៀត ខ្ញុំ​កំពុង​និយាយ​អំពី​ការ​សាងសង់​ទីកន្លែង​អចិន្ត្រៃយ៍​ឲ្យ​ពួកគេ ព្រោះ​បើ​ពួកគេ​វិល​ត្រឡប់​ពេល​នេះ វា​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ទម្រាំ​ពួកគេ​អាច [មាន​កន្លែង​រស់នៅ​បាន ដោយសារ​ពេល​នេះ] វា​ជា​កន្លែង​ដែល​មិន​អាច​រស់នៅ​បាន»។

លោក Trump បាន​លាត​ត្រដាង​ជា​លើក​ដំបូង​នូវ​ផែនការ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​អំពី​តំបន់​ហ្កាហ្សា​នេះ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ដោយ​នាំឲ្យ​មាន​ការ​ខឹង​សម្បា​ពី​ជនជាតិ​ប៉ាឡេស្ទីន។ លោក Trump ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​យក​ជនជាតិ​ប៉ាឡេស្ទីន​ចេញពី​តំបន់​ហ្កាហ្សា​ដែល​ខ្ទេចខ្ទី​ដោយសារ​សង្គ្រាម​ផងដែរ ហើយ​ឲ្យ​ប្រទេស​អេហ្ស៊ីប​និង​ហ្ស៊កដានី​ទទួល​យក​ពួកគេ។

កាលពី​ថ្ងៃ​អាទិត្យ លោក Trump បាន​បញ្ជាក់​ជាថ្មី​អំពី​ការ​ប្ដេជ្ញា​របស់​លោក​ថា​សហរដ្ឋ​អាមេរិក​នឹង​គ្រប់គ្រង​តំបន់​ហ្កាហ្សា ហើយ​ជនជាតិ​ប៉ាឡេស្ទីន​នឹង​ត្រូវ​ផ្លាស់ទី​លំនៅ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ទិញ​និង​ធ្វើ​ជា​ម្ចាស់​តំបន់​ហ្កាហ្សា។ ពេល​យើង​សាងសង់​វា​ឡើងវិញ យើង​អាច​ប្រគល់​តំបន់​នោះ​ទៅ​ឲ្យ​ប្រទេស​ដទៃ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ឲ្យ​សាងសង់​ផ្នែក​ខ្លះ។ អ្នក​ដទៃ​អាច​ធ្វើ​ដូច្ចោះ​បាន​តាមរយៈ​អធិបតីភាព​របស់​យើង។ តែ​យើង​ប្តេជ្ញា​ថា​នឹង​ធ្វើ​ជា​ម្ចាស់​តំបន់​នោះ...និង​ធ្វើឲ្យ​ប្រាកដ​ថា​ក្រុម​ហាម៉ាស់​មិន​អាច​ត្រឡប់​ទៅ​ទីនោះ​វិញ​បាន»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG