ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលនឹងប្រគល់តំបន់ហ្កាហ្សាទៅឱ្យសហរដ្ឋអាមេរិក ក្រោយពីសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់បានបញ្ចប់ ហើយថាទាហានអាមេរិកនឹងមិនត្រូវការបញ្ជូនទៅទីនោះទេ។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះ ដែលបានអំពាវនាវឱ្យអាមេរិកយកកម្មសិទ្ធិលើដែនដីដ៏ចង្អៀតនេះ តាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ានេ បានចេញសេចក្តីប្រកាសនេះតាមបណ្តាញ Truth Social របស់លោក។ លោកថា ក្រោមផែនការរបស់លោក ប្រជា ជនប៉ាឡេស្ទីនជាង២លាននាក់ដែលកំពុងរស់នៅតំបន់ដែលហែកហួរដោយសង្គ្រាមនេះ «នឹងត្រូវបានគេតាំងទីលំនៅរួចហើយ នៅតាមសហគមន៍ដែលកាន់តែមានសុវត្ថិ ភាពនិងស្រស់ស្អាតជាងនៅក្នុងតំបន់ ដោយមានគេហដ្ឋានថ្មីនិងទំនើប»។
លោក Trump មិនបានបញ្ជាក់ថាការតាំងទីលំនៅនេះ គឺនៅតំបន់ ហ្កាហ្សា ឬនៅប្រទេសផ្សេងទៀត ដែលមានទល់នឹងពេលនេះមិនទាន់បានទទួលយកជនភៀសខ្លួនប៉ាឡេស្ទីននៅឡើយ។
លោក Trumpសរសេរថា៖«ពួកគេនឹងមានឱកាលទទួលបានសេចក្តីសុខសប្បាយ សុវត្ថិភាពនិងសេរីភាព»។
ក្នុងពេលនេះដែរ ក្រុមហាម៉ាស់កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវបានអំពាវនាវឱ្យក្រុមប៉ាឡេស្ទីនផ្សេងៗបង្រួបបង្រួមគ្នាប្រឆាំងនឹងសំណើកាន់កាប់ហ្កាហ្សារបស់លោក Trump។
លោក Trump កាលពីដើមសប្តាហ៍នេះបាននិយាយថា លោកអាចស្រម៉ៃឃើញពីការបញ្ជូនទាហានអាមេរិកទៅតំបន់ហ្កាហ្សា ដើម្បីសម្រួលដល់ការចូលកាន់កាប់របស់អាមេរិក ប៉ុន្តែលោកបាននិយាយនៅក្នុងការសរសេរតាមបណ្តាញសង្គមនោះថា ដោយមានការប្រគល់ដែនដីនេះពីអ៊ីស្រាអែលវិញ «គេនឹងមិនត្រូវការទាហានអាមេរិកទេ! ស្ថេរភាពសម្រាប់តំបន់នឹងកើតមានឡើង»។
សំណើចូលកាន់កាប់ហ្កាហ្សាដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Trump ដែលត្រូវបានប្រកាសកាលពីដើមសប្តាហ៍នេះ ជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងសេតវិមាន ត្រូវបានគេរិះគន់យ៉ាងខ្លាំង ទាំងក្នុងចំណោមសម្ពន្ធមិត្តនិងក្នុងចំណោមប្រទេសសត្រូវ។ ប្រទេសទាំងនេះថាពួកគេនៅតែប្តេជ្ញាចំពោះការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីនមួយដែលរួមរស់ដោយសន្តិភាពជាមួយអ៊ីស្រាអែល។ ដំណោះស្រាយពីររដ្ឋនេះក៏ជាគោលជំហរយូរ លង់របស់សហរដ្ឋអាមេរិក ប៉ុន្តែជាគោលជំហរដែលលោក Netanyahu ប្រឆាំង។
ដែនដីហ្កាហ្សាត្រូវបានបំផ្លិចបំផ្លាយដោយសង្គ្រាមរយៈពេលជាង១៥ខែរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់៕
វេទិកាបញ្ចេញមតិ