ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​មេដឹកនាំ​​ប្រទេស​មួយ​ចំនួន​រិះគន់​សំណើ​របស់​លោក Trump ​ចំពោះ​សហរដ្ឋ​អាមេរិក​កាន់កាប់​តំបន់​ហ្កាហ្សា


បដា​រូបលោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានបង្ហាញនៅអគារ​ទីក្រុង Tel Aviv កាលពីថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២៥។
បដា​រូបលោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានបង្ហាញនៅអគារ​ទីក្រុង Tel Aviv កាលពីថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២៥។

សម្ពន្ធមិត្តក៏​ដូចជាគូសត្រូវ​របស់​សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃ​ពុធ​បាន​រិះគន់​សំណើ​របស់​លោក​ប្រធានាធិបតី Donald Trump ឱ្យសហរដ្ឋ​អាមេរិក​ចូល​ត្រួតត្រា​តំបន់ Gaza Strip ​ដែល​នេះ​នឹងបង្ខំ​ជនជាតិ​ប៉ាឡេស្ទីន​២លានឱ្យ​នាក់​ចាកចេញ​ទៅកាន់​ប្រទេស​ផ្សេង​ ​ហើយ​បន្ទាប់មក​អភិវឌ្ឍ​ដែនដីជាប់​សមុទ្រ​មីឌីទែរ៉ាណេ​នេះឱ្យទៅ​ជា​«រមណីយដ្ឋាន​ឆ្នេរសមុទ្រ​នៃ​តំបន់​មជ្ឈិមបូព៌ា»។

​លោក​ប្រធានាធិបតី Trump ​ធ្វើ​សំណើ​នេះឡើង​នៅ​ឯ​សន្និសីទ​កាសែត​នៅ​សេតវិមាន​កាលពី​រសៀល​ថ្ងៃ​អង្គារ​រួម​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ហើយ​ប្រតិកម្ម​របស់​ពិភពលោក​ដល់​ការ​ស្នើ​នេះ​មាន​ភ្លាមៗ​ហើយ​ភាគ ច្រើន​ជា​រួមជំទាស់​នឹងគំនិតរបស់​លោក​ប្រធានាធិបតី Trump ដែល​ធ្លាប់​ជាពាណិជ្ជករ​ខាង​អចលនទ្រព្យ​នៅ​ក្រុង​ New York។

ចក្រភព​អង់គ្លេស ចិន អាល្លឺម៉ង់ អៀឡង់ រុស្ស៊ី​និង​ប្រទេស​អេស្ប៉ាញ​សុទ្ធ​តែបាន​និយាយ​ថា​ ពួកគេ បន្ត​គាំទ្រ​ដំណោះស្រាយ​រដ្ឋ២​គឺ​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​មួយ​ដែល​នឹង​រួម​បញ្ចូល​ទាំង​តំបន់​ហ្កាហ្សា​និង​តំបន់ West Bank ដែល​ត្រូវ​បាន​កាន់ កាប់​ដោយ​អ៊ីស្រាអែល ​នៅ​មាន​ជាប់​នឹង​អ៊ីស្រាអែល។

សំណើ​រដ្ឋ២​ដែល​មាន​គោលបំណង​បញ្ចប់​ជម្លោះនិង​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​អស់​រាប់ទសវត្សរ៍​បាន​ក្លាយ​ជា​ឫស​គល់​មួយ​នៃ​គោលនយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ ទោះបី​រដ្ឋាភិបាល​របស់​លោក Netanyahu បាន​ជំទាស់​ប្រឆាំង​ក៏
ដោយ។

ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​ជា​សម្ពន្ធមិត្ត​អាមេរិកដែល​ផលិតប្រេង​ដ៏​សំខាន់​មួយ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ប្រើ​ពាក្យ​ធ្ងន់​ដ៏​ឆាប់​រហ័ស​ថា​ ការ​អំពាវនាវ​របស់​ខ្លួន​

សម្រាប់​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​មួយ​ជា៖ «គោលជំហរម៉ឺងម៉ាត់ មិន​ប្រែប្រួល​និង​មិន​ងាករេ»។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese បាន​និយាយ​នៅ​ក្នុង​ការ​គាំទ្រ​ដំណោះ​ស្រាយ​រដ្ឋ២​ថា៖ «គោលជំហរ​របស់​អូស្ត្រាលី​គឺ​នៅ​ដដែល​ដូច​ដែល​ខ្លួន​មាន​នៅ​ព្រឹក​មិញ​នេះ ដូច​ដែល​ខ្លួន​មាន​កាលពី​ឆ្នាំ​ទៅ​និង​កាលពី​១០ឆ្នាំ​ដែរ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG