ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​គ្រោង​ដោះដូរ​ចំណាប់ខ្មាំង​ជាមួយ​អ្នកទោស​នៅ​ជុំ​ទី ៥


ជនជាតិប៉ាឡេស្ទីន​ជិះ​រទះនៅ​ក្នុង​ទីក្រុងហ្កាហ្សា​កាលពីថ្ងៃទី​០៧ កុម្ភៈ ឆ្នាំ២០២៥។
ជនជាតិប៉ាឡេស្ទីន​ជិះ​រទះនៅ​ក្នុង​ទីក្រុងហ្កាហ្សា​កាលពីថ្ងៃទី​០៧ កុម្ភៈ ឆ្នាំ២០២៥។

អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​គ្រោង​នឹង​ដោះដូរ​ចំណាប់ខ្មាំង​ជាមួយ​អ្នកទោស​បន្ថែម​ទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ​ប្រតិកម្ម​ប្រឆាំង​ខ្លាំងក្លា​ចំពោះ​សំណើ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែល​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​គ្រប់គ្រង​តំបន់​ហ្កាហ្សា​បាន​ធ្វើឲ្យ​មាន​ភាព​ស្រពិចស្រពិល​ចំពោះ​អនាគត​នៃ​កិច្ចព្រមព្រៀង​ដ៏​ផុយស្រួយ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

កាលពី​ថ្ងៃ​សុក្រ ក្រុម​យុទ្ធនាការ​មួយ​របស់​អ៊ីស្រាអែល​បាន​ជំរុញ​រដ្ឋាភិបាល​អ៊ីស្រាអែល​ឲ្យ​ប្រកាន់​ខ្ជាប់​តាម​បទឈប់បាញ់​តំបន់​ហ្កាហ្សា​មុន​ការ​ដោះដូរ​ចំណាប់ខ្មាំង​ជាមួយ​អ្នកទោស​នៅ​ជុំ​ទី ៥ ចូល​មក​ដល់ ទោះបីជា​ការ​លើកឡើង​របស់​លោក Trump បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​និង​តំបន់​ផ្សេង​ទៀត​ក៏ដោយ។

តាំងពី​ពេល​ដែល​លោក Trump ប្រកាស​ដូច្នេះ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​មក អ៊ីស្រាអែល​បាន​បញ្ជា​យោធា​របស់​ខ្លួន​ឲ្យ​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ផ្លាស់ទី​លំនៅ «ដោយ​ស្ម័គ្រចិត្ត» របស់​ពលរដ្ឋ​តំបន់​ហ្កាហ្សា។ ចំណែក​ឯ​ក្រុម​ហាម៉ាស់​វិញ​បាន​ប្រឆាំង​នឹង​ផែនការ​របស់​លោក Trump នេះ​ថា «មិន​អាច​ទទួល​យក​បាន​ទាំងស្រុង»។

ក្រុម​ហាម៉ាស់​និង​អ៊ីស្រាអែល​គ្រោង​នឹង​ធ្វើការ​ដោះដូរ​ចំណាប់ខ្មាំង​ជាមួយ​អ្នកទោស​នៅ​ជុំ​ទី ៥ នៅ​ថ្ងៃ​សៅរ៍​នេះ​ក្រោម​បទឈប់បាញ់​ថ្ងៃ​ទី ១៩ ខែ​មករា។

ក្រុម​យុទ្ធនាការ Hostage and Missing Families Forum របស់​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា៖ «ប្រទេស​ជាតិ​ទាំងមូល​ទាមទារ​ចង់​ឃើញ​ចំណាប់ខ្មាំង​ត្រឡប់​មក​ផ្ទះ​វិញ។...ឥឡូវ​នេះ​គឺ​ជា​ពេល​ដើម្បី​ធានា​ថា​កិច្ច​ព្រមព្រៀង​នេះ​ត្រូវបាន​បំពេញ​រួចរាល់​រហូត​ដល់​ចុងក្រោយ​បំផុត»។

អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​បាន​ធ្វើការ​ដោះដូរ​ចំណាប់ខ្មាំង​ជាមួយ​អ្នកទោស ៤ លើក​មក​ហើយ​នៅ​ក្រោម​ដំណាក់កាល​ដំបូង​នៃ​កិច្ចព្រមព្រៀង​បទឈប់បាញ់​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG