ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ទៅប្រធានាធិបតីរុស្ស៊ីលោក វ្លាឌឺមៀ ពូទីន ថាកុំឲ្យចូលជ្រៀតជ្រែកម្តងទៀតនៅក្នុងការបោះឆ្នោតអាមេរិក។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅអំឡុងកិច្ចប្រជុំទេ្វភាគីជាមួយនឹងលោក ពូទីន នៅខាងក្រៅសន្និសីទកំពូល G20 នៅទីក្រុង Osaka ប្រទេសជប៉ុន លោក ត្រាំ ត្រូវបានសួរថា តើលោកនឹងប្រាប់ទៅមេដឹកនាំរុស្ស៊ីមិនឲ្យចូលជ្រៀតជ្រែកនៅក្នុងដំណើរការបោះឆ្នោតអាមេរិកដែរឬទេ?
ពេលនោះលោក ត្រាំ បានឆ្លើយថា៖ «ពិតមែនហើយ ខ្ញុំនឹងនិយាយរឿងនេះ»។ បន្ទាប់មកលោកបានញញឹមនិងបានបែរមុខទៅរកប្រធានាធិបតីរុស្ស៊ី ហើយបាននិយាយថា «លោកប្រធានាធិបតី កុំជ្រៀតជ្រែកចូលក្នុងការបោះឆ្នោត»។ បន្ទាប់មកលោកបាននិយាយពាក្យនេះឡើងវិញដោយចង្អុលទៅលោក ពូទីន ថា «កុំជ្រៀតជ្រែកចូលក្នុងការបោះឆ្នោត»។
កាយវិការនេះបានធ្វើឲ្យមតិសាធារណៈជាច្រើនយល់ថាលោក ត្រាំ មិនបានយកចិត្តទុកដាក់លើបញ្ហានេះទេ។
នេះគឺជាជំនួបលើកទីមួយរវាងមេដឹកនាំទាំងពីរចាប់តាំងពីមានការចេញផ្សាយរបាយការណ៍ស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ដែលបានសន្និដ្ឋានថា គ្មានការឃុបឃិត ឬការសហកាគ្នារវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ កាលពីពេលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ ជាមួយនឹងក្រុមមន្រ្តីរដ្ឋាភិបាលរុស្ស៊ីទេ។
ទោះជាយ៉ាងណាក៏ដោយ ក៏ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបីទៀតបានប្រកាសដូចគ្នាថា ពួកគេជឿថារដ្ឋាភិបាលក្រុងមូស្គូបានចូលជ្រៀតជ្រែកនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោត។ សេតវិមានបានប្រាប់ឲ្យដឹងថា លោក ត្រាំ និងលោក ពូទីន បានជួបពិភាក្សាគ្នានៅថ្ងៃសុក្រនេះនៅប្រទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសឡើងវិញ និងបានព្រមព្រៀងគ្នាថា នឹងបន្តកិច្ចពិភាក្សាអំពីយុទ្ធសាស្រ្តគ្រប់គ្រងអាវុធសតវត្សរ៍ទី២១។
សេតវិមានបានប្រកាសទៀតថា លោក ត្រាំ និងលោក ពូទីន ក៏បានពិភាក្សាអំពីបញ្ហានៅប្រទេសអ៊ីរ៉ង់ ស៊ីរី វេណេស៊ុយអេឡា និងប្រទេសអ៊ុយក្រែនផងដែរ៕