លោក Vladimir Kolokoltse រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរុស្ស៊ី និយាយថា លោក Ivan Golunov អ្នកកាសែតខាងស៊ើបអង្កេត បានត្រូវដោះលែងចេញពីការឃុំឃាំងក្នុងផ្ទះហើយពួកអាជ្ញាធរ ឥឡូវនេះកំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុងនៅក្នុងការឃុំឃាំងលោកនេះ។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ លោក Kolokoltse បាននិយាយថា ក្រុមមន្រ្តីប៉ូលិសបានទាក់ទិនក្នុងការឃុំឃាំងអ្នកកាសែតនោះ បានត្រូវបញ្ឈប់ពីការងារជាបណ្តោះអាសន្ន។
លោក Kolokoltse បាននិយាយថា៖ «លទ្ធផលនៃការធ្វើតេស្តជីវសាស្រ្ត ព្រហ្មទណ្ឌ ម្រាមដៃ និងពន្ធុ បាននាំឲ្យមានការសម្រេចបញ្ឈប់ការកាត់ទោសខាងព្រហ្មទណ្ឌដល់លោក Ivan Golunov បណ្តាលមកពីការខ្វះភស្តុតាងថា លោក បានចូលរួមក្នុងការប្រព្រិត្តអំពើឧក្រិដ្ឋកម្មនេះ»។
លោក Kolokoltse បានអានសេចក្តីថ្លែងការណ៍ថា៖ «នៅថ្ងៃនេះ លោក Ivan Golunov នឹងរួចខ្លួនពីការឃុំឃាំងក្នុងផ្ទះ ហើយការចោទប្រកាន់ប្រឆាំងនឹងលោកនឹងលែងមានតទៅទៀតហើយ»។
សេចក្តីថ្លែងការណ៍នោះ ក៏បានប្រកាសដែរថា ការចាប់ផ្តើមស៊ើបអង្កេតផ្ទៃក្នុងអំពីភាពត្រឹមត្រូវតាមច្បាប់នៃការចាប់ខ្លួននោះ។
លោក Kolokoltse ក៏បាននិយាយដែរថា លោកបានស្នើសុំឲ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បញ្ឈប់មន្រ្តីទាំងនោះពីការងារបណ្តោះអាសន្នរហូតទាល់តែការស៊ើបអង្កេតនេះ បានបញ្ចប់សព្វគ្រប់។
លោកបាននិយាយទៀតថា៖ «ខ្ញុំបានធ្វើការសម្រេចសុំឲ្យប្រធានាធិបតីសហព័ន្ធរុស្ស៊ីបញ្ឈប់ការងាររបស់លោកឧត្តមសេនីយ Andrey Puchkov ពីការងារជាប្រធានកិច្ចការផ្ទៃក្នុងរបស់ក្រុងម៉ូស្គូ និងលោក Yuri Devyatkin ប្រធានផ្នែកត្រួតពិនិត្យការជួញដូរថ្នាំញៀននៅក្នុងក្រសួងមហាផ្ទៃរុស្ស៊ី»៕