ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃពុធបានធ្វើជាម្ចាស់ផ្ទះរៀបចំទទួលប្រធានាធិបតីចិនលោកស៊ី ជីនពីងដើម្បីចរចានៅវិមានក្រឹមឡាំងដែលឆ្លុះបញ្ចាំងពីការកើនឡើងនូវចំណងទាក់ទងរវាងប្រទេសទាំង២ដែលអតីតគូប្រកួតប្រជែងកុម្មុយនីស្តក្នុងអំឡុងសង្គ្រាមត្រជាក់។
នៅឯបញ្ចប់ជំនួបមានសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយប្រទេសចិននិងរុស្ស៊ី បានសម្តែងការគាំទ្រប្រទេសអ៊ីរ៉ង់ហើយបានសរសើរអ៊ីរ៉ង់ចំពោះការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លែអ៊ែររបស់អ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោក។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី។
ប្រទេសទាំង២ បានសង្កត់ពីការតាំងចិត្តរបស់ខ្លួនដើម្បីថែរក្សាទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍នោះ ប្រាប់ឲ្យដឹងថា «ភាគីនានា បានបញ្ជាក់ពីសេចក្តីត្រូវ ការដើម្បីការពារផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងគ្នានិងគ្នាជាមួយអ៊ីរ៉ង់ ហើយជំទាស់ប្រឆាំងដាច់ខាតការដាក់ទណ្ឌកម្មជាឯកតោភាគីដោយរដ្ឋណាមួយនៅក្រោមលេសនៃច្បាប់ជាតិរបស់ខ្លួន»។
សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លែអ៊ែររបស់អ៊ីរ៉ង់នោះនៅខែ ឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងលើប្រទេសអ៊ីរ៉ង់។ ថ្វីបើ បានសំដែងនូវការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសអ៊ីរ៉ង់ក៏ដោយ រហូតមកទល់ពេលនេះ ទាំងប្រទេសចិននិងរុស្ស៊ី ទំនងជាធ្វើទៅតាមលក្ខខណ្ឌនៃការដាក់ទណ្ឌកម្មរបស់សហ រដ្ឋអាមេរិក។ ការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ទៅកាន់តំបន់អាស៊ី បានធ្លាក់ចុះ នៅពេលដែលចិន មិនទំនងជាទិញប្រេងច្រើនដូចដែលខ្លួនបានធ្វើមុនខែវិច្ឆិកាឆ្នាំមុនទេ នៅ ពេលដែលការដាក់ទណ្ឌកម្មប្រេង បានចាប់ផ្តើមហើយបានចូលជាធរមាននៅដើមខែឧសភា៕