ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី រុស្ស៊ី និង​អ៊ីរ៉ង់​បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែក​លើ​ខេត្ត Idlib ប្រទេស​ស៊ីរី


ជន​ភៀស​ខ្លួន​ស៊ីរី​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​បាតុកម្ម​ទាមទារ​ឲ្យ​បញ្ឈប់​ការ​វាយប្រហារ​តាម​អាកាស នៅ​ក្នុង​ខេត្ត Idlib​ ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
ជន​ភៀស​ខ្លួន​ស៊ីរី​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​បាតុកម្ម​ទាមទារ​ឲ្យ​បញ្ឈប់​ការ​វាយប្រហារ​តាម​អាកាស នៅ​ក្នុង​ខេត្ត Idlib​ ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

ប្រធានាធិបតីអាមេរិក​លោក Donald Trump កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី រុស្ស៊ី និង​អ៊ីរ៉ង់ បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែក​លើ​ខេត្ត Idlib នៃ​ប្រទេស​ស៊ីរី។

លោក Trump បាន​បញ្ជាក់​នៅ​លើ Twitter កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ការ​ទម្លាក់​គ្រាប់​បែក​នេះ​បាន «សម្លាប់​ជន​ស៊ីវិល​ធម្មតា​ជា​ច្រើន​ដោយ​មិន​រើស​មុខ»។ លោក​បាន​សរសេរ​បន្ត​ថា៖ «ពិភពលោក​កំពុង​តាមដាន​មើល​ការ​វាយ​ប្រហារ​គ្នា​នេះ។ តើ​វាយ​ប្រហារ​គ្នា​ដើម្បី​អ្វី? តើ​អ្នក​បាន​អ្វី​ពី​ការ​វាយ​ប្រហារ​គ្នា​នេះ? បញ្ឈប់​ការ​វាយ​ប្រហារ​គ្នា​ទៅ!»។

នៅ​ក្នុង​ការ​បញ្ជាក់​ប្រាប់​អ្នក​កាសែត​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក Trump ក៏​បាន​លើក​ឡើង​ផង​ដែរ ​អំពី​ការ​អំពាវនាវ​របស់​លោក​កាល​ពី​ឆ្នាំ​មុន​ឲ្យ​ប្រទេស​ស៊ីរី និង​សម្ព័ន្ធ​មិត្ត​របស់​ស៊ីរី​ធ្វើ​យ៉ាង​ណា​ជៀស​មិន​ឲ្យ​វាយ​ប្រហារ​ខ្លាំងក្លា​នៅ​ក្នុង​ខេត្ត Idlib ដោយសារតែ​មាន​ការ​ព្រួយ​បារម្ភ​ផ្នែក​មនុស្សធម៌។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ក៏​បាន​លើក​ឡើង​អំពី​គំនិត​ស្រដៀង​គ្នា​នេះ​ដែរ​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ ប៉ុន្តែ រដ្ឋាភិបាល​របស់​លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា វត្តមាន​របស់​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ខេត្ត Idlib កំពុង​បំផ្លាញ​ដល់​កិច្ច​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ជម្លោះ​រយៈពេល ៨ ឆ្នាំ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ខេត្ត Idlib ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរី​ជាប់​ព្រំដែន​ប្រទេស​តួកគី។ ខេត្ត​នេះ​គឺ​ជា​ផ្នែក​សំខាន់​ចុង​ក្រោយ​នៃ​ប្រទេស​ស៊ីរី​ដែល​នៅតែ​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម ដែល​ព្យាយាម​ទម្លាក់​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad ពី​តំណែង។

ក្រុម​ពួក​ឧទ្ទាម​ដែល​នៅ​កាន់កាប់​ខេត្ត Idlib នេះ កន្លង​មក​បាន​បដិសេធ​មិន​ព្រម​ចុះចាញ់។ ដូច​ដែល​លោក Trump បាន​បញ្ជាក់​អ៊ីចឹង កង​កម្លាំង​ស៊ីរី និង​រុស្ស៊ី និង​មួយ​ផ្នែក​តូច​កង​កម្លាំង​អ៊ីរ៉ង់ បាន​បង្កើន​ការ​ទម្លាក់​គ្រាប់​បែក និង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែតយ៉ាង​ខ្លាំងក្លា​លើ​ខេត្ត Idlib៕

XS
SM
MD
LG