បេក្ខជន ១០ នាក់ប្រកួតប្រជែងធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យបានចូលរួមការជជែកដេញដោលមួយនៅយប់ថ្ងៃពុធនេះ ដែលនេះគឺជា ការជជែកដេញដោលលើកដំបូងនៃយុទ្ធនាការបោះឆ្នោតឆ្នាំ២០២០។ បេក្ខជនទាំងអស់នេះកំពុងប្រជែងគ្នាដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី ដើម្បីឈានទៅប្រកួតជាមួយនឹងលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ។
ការផ្តោតភ្លាមៗគឺទៅលើលោកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភាដ៏សកម្មមកពីរដ្ឋ Massachusetts គឺជាបេក្ខនារីដែលការស្ទង់មតិថ្នាក់ជាតិបង្ហាញលទ្ធផលថា លោកស្រីស្ថិតនៅប្រកៀកប្រកិតគ្នាជាមួយនឹងអតីតប្រធានាធិបតីលោក Joe Biden។
លោក Biden គឺជាបេក្ខជនម្នាក់ដែលក្រុមអ្នកគាំទ្រខាងគណបក្សប្រជាធិបតេយ្យមានទំនោរទៅរក ដើម្បីប្រកួតប្រជែងជាមួយនឹងលោក Trump នៅក្នុងការបោះឆ្នោតដែលត្រូវរៀបចំឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។
លោកស្រី Elizabeth Warren បានថ្លែងទៅកាន់អ្នកបោះឆ្នោតរាប់លាននាក់នៅក្នុងទីក្រុង Miami រដ្ឋ Florida ថា «ខ្ញុំចង់ប្រគល់រដ្ឋាភិបាលឲ្យទៅប្រជាពលរដ្ឋវិញ»។ លោកស្រីបាននិយាយបន្ថែមដោយសំដៅទៅដល់កិច្ចសហប្រតិបត្តិការសំខាន់ៗនានាដោយលោកស្រីបានថ្លែងថា «អ្វីដែលបានបាត់បង់គឺ សេចក្តីក្លាហាន។ សេចក្តីក្លាហានដើម្បីយកទៅប្រជែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ខ្ញុំមានភាពក្លាហានដើម្បីប្រជែងជាមួយពួកគេទាំងនោះ»។
បន្ទាប់មកលោកស្រី Warren បាននិយាយថា លោកស្រីគាំទ្រឲ្យមានប្រព័ន្ធថែរក្សាសុខភាពមួយដែលគ្រប់គ្រងដោយរដ្ឋ ដែលនឹងអាចបញ្ចប់គោលនយោបាយសុខភាពមួយដែលគ្រប់គ្រងដោយក្រុមហ៊ុនធានារ៉ាប់រង ដែលត្រូវបានដាក់ចូលនៅក្នុងគោលនយោបាយរបស់បេក្ខជនខាងគណបក្សប្រជាធិបតេយ្យមួយចំនួន និងបេក្ខជនខាងគណបក្សសាធារណរដ្ឋភាគច្រើន រួមទាំងលោក Trump ផងដែរ។
លោកស្រី Warren ដែលជាអតីតសាស្រ្តាចារ្យច្បាប់នៃសាកលវិទ្យាល័យ Harvard បានបញ្ជាក់ទៀតថា «វិស័យសុខាភិបាលគឺជា សិទ្ធិមនុស្សជាមូលដ្ឋានមួយ ហើយខ្ញុំនឹងប្រយុទ្ធដើម្បីសិទ្ធិជាមូលដ្ឋាននេះ»។
បេក្ខជនដទៃទៀតមានដូចជា អតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍលំនៅដ្ឋាននិងទីក្រុង លោក Julian Castro សមាជិកព្រឹទ្ធសភាមកពីរដ្ឋ New Jersey លោក Cory Booker និងបេក្ខជនផ្សេងទៀតបានអំពាវនាវឲ្យមានការផ្លាស់ប្តូរចំណុចសំខាន់ៗមួយចំនួននៅក្នុងគោលនយោបាយអន្តោប្រវេសន៍អាមេរិក។ បេក្ខជនទាំងនេះបានប្រកាសប្រឆាំងទៅនឹងចំណាត់ការរបស់លោក Trump ដែលបានព្យាយាមរារាំងមិនឲ្យជនចំណាកស្រុកមកពីតំបន់អាមេរិកកណ្តាលស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក៕