ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​លោក Trump ហៅ​សំណុំ​រឿង​ក្តី​ចោទ​ប្រកាន់​លោក Trump ថា​ជា​ការ​សងសឹក​នយោបាយ


រូបដកស្រង់ពីវីដេអូ បង្ហាញឲ្យឃើញលោក Michael van der Veen មេធាវីការពារក្តីមួយរូបរបស់អតីតប្រធានាធិបតី Donald Trump ថ្លែងនៅក្នុងដំណាក់កាលទី ២ នៃសវនាការកាត់ទោសលោក Trump នៅក្នុងសាលព្រឹទ្ធសភាក្នុងវិមានសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ ទី១២ ខែកុម្
រូបដកស្រង់ពីវីដេអូ បង្ហាញឲ្យឃើញលោក Michael van der Veen មេធាវីការពារក្តីមួយរូបរបស់អតីតប្រធានាធិបតី Donald Trump ថ្លែងនៅក្នុងដំណាក់កាលទី ២ នៃសវនាការកាត់ទោសលោក Trump នៅក្នុងសាលព្រឹទ្ធសភាក្នុងវិមានសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ ទី១២ ខែកុម្

កាលពី​ថ្ងៃសុក្រ ក្រុម​មេធាវី​របស់​លោក Donald Trump បាន​បើក​ការ​ការពារក្តី​ឲ្យ​លោក Trump ដោយ​បាន​បដិសេធ​ថា លោក Trump មិន​បាន​ដើរ​តួនាទី​អ្វី​ទាំងអស់​ក្នុង​ការ​ញុះញង់​ឲ្យ​មាន​កុបកម្ម​ហិង្សា នៅ​វិមានសភា​សហរដ្ឋ​អាមេរិក ហើយ​ថាការ​ចោទ​ប្រកាន់​ប្រឆាំង​លោក Trump ដោយ​ក្រុម​រដ្ឋ​អាជ្ញា ត្រូវបាន​ធ្វើឡើង​ដោយ​សារ​តែ​ «ភាព​ស្អប់ខ្ពើម» បែប​នយោបាយ និង​ជា​ផ្នែក​មួយ​នៃ​«យុទ្ធនាការ​ធ្វើ​ទុក្ខបុក​ម្នេញ» របស់​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ។

ក្រុម​មេធាវី​របស់​លោក​អតីត​ប្រធានាធិបតី​ Trump​ បាន​ថ្លែង​ទៅ​កាន់​សមាជិក​ព្រឹទ្ធសភា​ថា លោក Trump មាន​សិទ្ធិ​ក្នុង​ការ​ជំទាស់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ ២០២០ ដែល​រួម​មាន​ទាំង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក មុន​ពេល​ការ​វាយប្រហារ​លើ​វិមាន​សភា​អាមេរិក​បាន​កើត​ឡើង​នោះ មិន​មែន​ជា​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​នោះ​ទេ។

ក្រុម​មេធាវី​បាន​ព្យាយាម​យក​ឈ្នះ​លើ​យុទ្ធសាស្ត្រការ​ពារ​សំណុំរឿង​របស់​ក្រុម​រដ្ឋអាជ្ញា ដោយ​បាន​ប្រដូចការ​ចោទសួរ​អំពី​ភាព​ស្របច្បាប់​ដោយក្រុមប្រជាធិបតេយ្យអំពី​ជ័យជម្នះ​របស់​លោក Trump ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ ទៅ​នឹង​ការ​ជំទាស់​របស់​លោក Trump នឹង​ការ​ចាញ់​ឆ្នោត​របស់​លោក​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០២០។

ពួកគេ​បាន​និយាយ​ថា នៅ​ពេល​លោក Trump​ ទទូច​ឲ្យ​ក្រុម​អ្នក​គាំទ្រ «តស៊ូ​យ៉ាង​ខ្លាំងក្លា» នៅ​ក្នុង​ការ​ប្រមូលផ្តុំ​កាលពី​ថ្ងៃទី ៦ ខែមករា​នោះ ​វាមិន​ខុស​គ្នា​ពី​វោហាសាស្ត្រ​របស់​ក្រុម​ប្រជាធិបតេយ្យ​ខ្លួន​ឯង​ផ្ទាល់​ ដែល​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នោះ​ទេ។​

លោក Michael van der Veen មេធាវី​ម្នាក់​របស់​លោក Trump បាន​ថ្លែង​ថា៖ «នេះ​គឺជា​វោហាសាស្ត្រ​នយោបាយ​ទូទៅ ដែល​មិន​មាន​លក្ខណៈ​ខុសគ្នា​ពី​ភាសា​ដែល​ត្រូវបាន​ប្រើ​ប្រាស់​ដោយ​ក្រុម​អ្នក​នយោបាយ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​រយៈពេល​រាប់រយ​ឆ្នាំ​មក​ហើយ​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «អ្នក​នយោបាយ​ច្រើន​រាប់​មិន​អស់ បាន​និយាយ​ពី​ការ​តស៊ូ​ដើម្បី​គោលការណ៍​របស់​យើង»។

បន្ទាប់​ពី​ក្រុម​រដ្ឋអាជ្ញា​បាន​លើកឡើង​ពី​សំណុំរឿង​ប្តឹង​លោក Trump ដោយ​ផ្តោត​លើ​រូបភាព​ហិង្សា និង​ក្តុកក្តួល​ក្នុង​ចិត្ត ដែល​បាន​កើត​មាន​ឡើង​ក្នុង​ហេតុការណ៍​លុកលុយ​វិមានសភា ក្រុម​មេធាវី​របស់​លោក Trump បាន​និយាយ​ថា រាល់​អំពើ​ហិង្សា​ [នៅ​វិមាន​សភា] គឺជា​រឿង​គួរ​ឲ្យ​រន្ធត់ មិន​អាច​ទទួល​យក​បាន និង​ខុស​ច្បាប់ ដូច​ការ​លើកឡើង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ពិត​មែន ប៉ុន្តែ​លោក Trump មិនបាន​បញ្ជាឲ្យ​លុកលុយ​វិមាន​សភា​នោះទេ។

លោក Van der Veen បាន​និយាយ​ថា ការ​លុកលុយ​វិមាន​សភា​ត្រូវបាន​ធ្វើ​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម​ដែល​បាន​«ឆ្លៀត​ឱកាស» ពី​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ដើម្បី​បម្រើ​គោលបំណង​ផ្ទាល់​ខ្លួន​របស់​ពួកគេ ហើយ​ថា អ្នក​ទាំង​នោះ​បាន​រៀប​គម្រោង​ប្រព្រឹត្ត​អំពើ​ហិង្សា តាំងពី​មុន​ពេល​លោក Trump បាន​ថ្លែង​សុន្ទរកថា​ទៅ​ទៀត។

លោក​បាន​ថ្លែង​ថា៖ «អ្នក​មិន​អាច​ញុះញង់​ឲ្យ​កើត​មាន​រឿងរ៉ាវ​ដែល​នឹង​ត្រូវ​កើត​ឡើង​នោះ​ទេ»។​

ក្រុម​សាធារណរដ្ឋ​បាន​ទទួល​ស្គាល់​ពី​ស្ថានភាព​ដ៏រន្ធត់​ដែល​បាន​កើត​ឡើង​នៅ​វិមាន​សភា កាលពី​ខែ​មករា។ ហើយ​ពួកគេ​រំពឹង​ថា ការ​ទទួល​ស្គាល់​នេះ​អាច​បន្ថយផល​ប៉ះពាល់​លើ​លោក Trump ឬ​បន្ថយ​ជ័យជំនះ​របស់​ក្រុម​ប្រជាធិបតេយ្យ។

ក្រុមការពារក្តីលោក Trump ចង់លើកបង្ហាញពីបញ្ហាធំជាងនេះទៀតថាតើលោក Trump អាចត្រូវផ្តន្ទាទោសឲ្យទទួលខុសត្រូវពីបទការញុះញុងឲ្យមានកុបកម្មហិង្សាកាលពីថ្ងៃទី ៦ ខែមករា បានដែរឬយ៉ាងណា៕

XS
SM
MD
LG