ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​របស់​លោក Trump នឹង​បង្ហាញ​ការ​ការពារ​ក្ដីរបស់​លោក​ក្នុង​ពេល​តែ​មួយ​ថ្ងៃ


រូបឯកសារ៖ លោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្ររូបលោក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ លោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្ររូបលោក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ក្រុម​មេធាវី​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា ​ពួក​គេ​ត្រូវការ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​ដើម្បី​បង្ហាញ​រឿងក្តី​របស់​លោក​ Trump ក្នុង​សវនការ​កាត់ទោស​លោក​ទៅកាន់​ព្រឹទ្ធ សភា​សហរដ្ឋ​អាមេរិក។​

មេធាវី​របស់​លោក​ Trump កំពុង​បង្កើន​ការពារ​អតីត​ប្រធានាធិបតី​នៅ​ថ្ងៃសុក្រ​នេះ ដោយ​គ្មាន​ការផ្តល់សក្ខីកម្ម​ណា​មួយ​ពី​លោក​អតីត​ប្រធានាធិបតី​ ដែល​បដិសេធ​មិន​ចូលរួម​នៅ​ក្នុង​ការកាត់​ទោស​នោះ។

ការ​ការពារ​ក្ដី​ធ្វើ​ឡើង​ ក្រោយ​បទ​បង្ហាញ​របស់​រដ្ឋសភា​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ ទាក់​ទិន​នឹង​វោហាសាសន៍​របស់​លោក Trump ក្នុង​ការ​ជួប​ជុំ​ថ្ងៃទី ០៦ មករា ​និង​សកម្មភាព​របស់​ក្រុម​អ្នក​តវ៉ា ​ដែល​បាន​លុក​លុយ​ចូល​ក្នុង​វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក​ភ្លាមៗ បន្ទាប់​ពីរ​មាន​ការ​ប៉ុនប៉ងរារាំង​ការ​អនុម័ត​លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០។

ក្នុង​ចំណាត់ការ​មិន​ធម្មតាមួយ​ទៀត​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សមាជិក​ព្រឹទ្ធសភា​ ៣ រូប​ខាងគណបក្ស​សាធារណរដ្ឋ​ ដែលរួមមាន​លោក Lindsey Graham នៃ​រដ្ឋ South Carolina លោក Ted Cruz នៃ​រដ្ឋ Texas និង​លោក Mike Lee នៃ​រដ្ឋ Utah ដែល​ជា​គណ:វិនិច្ឆ័យនៃ​អង្គ​ជំនំជម្រះ​ បាន​ជួប​ជា​មួយ​ក្រុម​មេធាវី​របស់​លោក Trump។

បណ្តាញ​ព័ត៌មាន CNN បាន​រាយការណ៍​ថា លោក David Schoen មេធាវី​មួយ​រូប​របស់​លោក Trump បាន​និយាយ​ថា សមាជិក​ព្រឹទ្ធសភាទំាង​នោះ ចង់​ធានាថា ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក​Trump «យល់​ពី​ដំណើរ​ការ​ជំនុំជម្រះ» មុន​ការ​ធ្វើ​បទ​បង្ហាញ​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​ Trump ត្រូវ​បាន​គេ​រាយការណ៍​ថា លោក​មាន​ការ​ខក​ចិត្ត​នឹង​មេធាវី​របស់​លោក ​គឺ​លោក Schoen និង​លោក Bruce Castor ដែល​ត្រូវ​បាន​ជ្រើសរើស​ បន្ទាប់​ពី​ក្រុម​មេធាវី​ដំបូង​របស់​លោក​អតីត​ប្រធានាធិបតី​បាន​លាលែង​ពី​ការងារ​ភ្លាមៗ ​បន្ទាប់​ពីសវនការ​ចាប់​ផ្ដើម៕

XS
SM
MD
LG