កាលពីថ្ងៃពុធម្សិលមិញ ក្រុមរដ្ឋអាជ្ញានៅឯសវនាការកាត់ទោសរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកលើលោកអតីតប្រធានាធិបតី Donald Trump បានបង្ហាញភស្តុតាងថ្មីជាវីដេអូប្រឆាំងនឹងលោក Trump។
វីដេអូនោះ បានបង្ហាញនូវភាពចលាចលហិង្សាដែលបានកើតឡើងនៅឯវិមានសភាកាលពីខែមុន នៅពេលដែលសមាជិកសភាកំពុងប្រកាសអំពីជ័យជម្នះរបស់លោក Joe Biden លើការបោះឆ្នោតប្រធានាធិបតី។
វីដេអូនោះ បានបង្ហាញអំពីក្រុមអ្នកគាំទ្ររបស់លោក Trump រាប់រយនាក់ សង្គ្រប់សម្រុកចូលវិមានសភា ដោយអ្នកខ្លះបានរើកកាយឯកសាររបស់សមាជិកសភា។ អ្នកបះបោរទាំងនោះ ត្រូវបានលោក Trump ជំរុញឲ្យធ្វើដំណើរទៅវិមានសភាដើម្បីព្យាយាមបញ្ឈប់ការប្រកាសជាផ្លូវការរបស់សភានូវជ័យជម្នះរបស់លោក Biden។
វីដេអូកាលពីថ្ងៃទី ៦ ខែមករានោះ បានបង្ហាញទៀតថា កុបករខ្លះ បានស្រែកថា ពួកគេព្យាយាមស្វែងរកលោកអតីតអនុប្រធានាធិបតី Mike Pence ដើម្បីព្យួរកលោក ពីព្រោះលោកបានបដិសេធពុំព្រមធ្វើតាមការទាមទាររបស់លោក Trump ដែលចង់ឲ្យលោករារាំងការប្រកាសអំពីជ័យជម្នះរបស់លោក Biden។
វីដេអូនោះ បានបង្ហាញបន្ថែមថា បាតុករផ្សេងទៀតបានស្វែងរកប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ដែលជាអ្នកប្រឆាំងនឹងលោក Trump ជាយូរមកហើយ ដើម្បីសម្លាប់អ្នកស្រី។
ក្រុមបាតុករ បានសម្រុកចូលក្នុងការិយាល័យរបស់អ្នកស្រី ក៏ប៉ុន្តែក្រុមរដ្ឋអាជ្ញាបាននិយាយថា អាជ្ញាធរបានជម្លៀសអ្នកស្រីចេញពីវិមានសភាទៅកាន់ទីសុវត្ថិភាពរួចហើយនៅពេលនោះ ខណៈពេលដែលបុគ្គលិកខ្លះរបស់អ្នកស្រីបានប្រមូលផ្តុំគ្នានៅក្នុងបន្ទប់សន្និសីទក្បែរនោះដែលចាក់សោជាប់។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Maryland លោក Jamie Raskin ដែលជាប្រធានក្រុមរដ្ឋអាជ្ញា បានចោទប្រកាន់ថា លោក Trump បានជំរុញក្រុមអ្នកគាំទ្ររបស់លោករាប់រយនាក់ឲ្យ «ប្រយុទ្ធឲ្យអស់ពីសមត្ថភាព» នៅក្នុងការតតាំងជាមួយនឹងសមាជិកសភានៅវិមានសភាកាលពីថ្ងៃទី ៦ ខែមករា។
លោក Raskin បានបន្ថែមថា ការជំរុញរបស់លោក Trump នេះ បានបញ្ឆេះឲ្យមានភាពចលាចលហិង្សាដែលធ្វើឲ្យមនុស្ស ៥ នាក់ស្លាប់ ដែលក្នុងនោះរួមមានទាំងមន្ត្រីសន្តិសុខវិមានសភាម្នាក់ផងដែរ៕