ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បន្ត​ទៅ​មុខ​នូវ​សវនាការ​កាត់ទោស​លោក Trump


រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Palm Beach។
រូបឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Palm Beach។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​បន្ត​ទៅ​មុខ​នូវ​សវនាការ​កាត់ទោស​លោក​អតីត​ប្រធានាធិបតី Donald Trump។

លោក Trump រង​ការ​ចោទ​ប្រកាន់​ថា​បាន​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​នៅ​ឯ​វិមាន​សភា​កាលពី​ខែ​មុន​តាម​រយៈ​ការ​ជំរុញ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ឲ្យ​តតាំង​ជាមួយ​នឹង​សមាជិក​សភា នៅពេល​ដែល​សមាជិក​សភា​ទាំង​នោះ​កំពុង​ប្រកាស​ជា​ផ្លូវការ​ថា លោក Joe Biden ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។

ព្រឹទ្ធសភា​បាន​បោះឆ្នោត​គាំទ្រ​ក្នុង​សំឡេង ៥៦ ទល់​នឹង ៤៤ ដើម្បី​ចាប់ផ្តើម​សវនាការ​បង្ហាញ​ភស្តុតាង​នៅ​ក្នុង​សំណុំ​រឿង​នេះ ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ថ្ងៃ​ត្រង់​ថ្ងៃ​ពុធ​នេះ។

ការ​បោះឆ្នោត​គាំទ្រ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​ជជែក​ផ្ដល់​ហេតុផល​អស់​រយៈពេល ៤ ម៉ោង អំពី​ថាតើ​ការ​កាត់ទោស​នេះ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ឬ​ក៏​អត់ នៅ​ពេល​ដែល​លោក Trump លែង​កាន់​តំណែង​ជា​ប្រធានាធិបតី​រួច​ទៅ​ហើយ​នោះ។

សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ធ្វើ​ជា​រដ្ឋអាជ្ញា​ចោទ​ប្រកាន់​លោក Trump បាន​និយាយ​ថា លោក Trump ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​លោក​នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នៃ​ការ​កាន់​តំណែង​របស់​លោក​ជា​ប្រធានាធិបតី។

មេធាវី​ពីរ​រូប​របស់​លោក Trump បាន​អះអាង​ថា នៅ​ក្នុង​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ ស្ថាបនិក​សហរដ្ឋ​អាមេរិក​មាន​គោល​បំណង​ថា ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​អាច​ធ្វើ​បាន​តែ​នៅ ក្នុង​ពេល​ដែល​ប្រធានាធិបតី​កំពុង​នៅ​កាន់​តំណែង​តែ​ប៉ុណ្ណោះ ដែល​ចំណុច​នេះ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​សម្រាប់​ករណី​លោក Trump នៅ​ពេល​នេះ ដោយសារ​លោក​បាន​បញ្ចប់​អាណត្តិ​រយៈពេល ៤ ឆ្នាំ ជា​ប្រធានាធិបតី​តាំង​ពី​ថ្ងៃ​ទី ២០ ខែ​មករា​មក​ម្ល៉េះ។

នៅ​ពេល​ដែល​សវនាការ​កាត់ទោស​លោក Trump បាន​ចាប់ផ្តើម សមាជិក​រដ្ឋសភា​តំណាង​រដ្ឋ Maryland លោក Jamie Raskin ដែល​ជា​រដ្ឋអាជ្ញា​ម្នាក់​ចោទ​ប្រកាន់​លោក Trump បាន​និយាយ​ថា ប្រសិនបើ​លោក Trump មិន​ទទួល​ខុសត្រូវ នោះ «នឹង​បង្កើត​ឲ្យ​មាន​ការ​លើកលែង​ថ្មី​ស្រឡាង​មួយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​កាលពី​ខែ​មករា»។

លោក Raskin បាន​បន្ថែម​ថា ករណី​នេះ​នឹង​ធ្វើ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នានា​នៅ​ពេល​អនាគត​មិន​ប្រឈម​នឹង​ផលវិបាក​ចំពោះ​ទង្វើ​ខុសឆ្គង​ណា​មួយ​ក្នុង​អំឡុង​ពេល​ខែ​ចុងក្រោយ​នៃ​ការ​កាន់​តំណែង​របស់​ខ្លួន៕

XS
SM
MD
LG