ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ព្យាយាម​តបត​វិញ​​ ខណៈ​ពួក​ប្រជាធិបតេយ្យ​ផ្ដោត​ខ្លាំង​លើ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ពី​តំណែង


រូប​ឯកសារ៖ លោក​ប្រធានាធិបតិ ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​យុទ្ធនាការ​មួយ​នៅ​មជ្ឈមណ្ឌល Target Center ក្នុង​ក្រុង Minneapolis រដ្ឋ Minnesota កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក​ប្រធានាធិបតិ ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​យុទ្ធនាការ​មួយ​នៅ​មជ្ឈមណ្ឌល Target Center ក្នុង​ក្រុង Minneapolis រដ្ឋ Minnesota កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

ខណៈ​ដែល​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នាំ​យក​សាក្សី​មក​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​សាធារណៈ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បន្ត​និយាយ​វាយប្រហារ​ទៅ​លើ​សាក្សី​និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​នឹង​លោក។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​កំពុង​តែ​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ពី​តំណែង មានវិធីសាស្ត្រ​មួយ​ចំនួន​ដែល​លោក​អាច​ប្រើប្រាស់​ដើម្បី​តបត​ទៅ​នឹង​រឿង​នេះ។

លោក​ប្រធានាធិបតី​ ត្រាំ ថ្លែង​ថា៖ «តើ​អ្នកកំ ពុង​និយាយ​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឬ? អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ខ្ញុំ​ហៅ​លោក​ថា​ជា​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ក្លែងក្លាយ។ លោក​ផ្ដល់​របាយការណ៍​ក្លែងក្លាយ។ ហើយ​តើកូនប្រុស​របស់​លោក Joe Biden គឺ​លោក Hunter Biden ​នៅឯ​ណា? តើ​មាន​រឿង​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​លោក Hunter?»។

ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​ឥឡូវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​ហើយ ហើយ​នរណា​ក៏​អាច​មើល​សវនាការ​ស៊ើបអង្កេត​នេះ​បាន​ដែរ។

លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​ (រូប​ឆ្វេង) ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​វិមានសភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​ (រូប​ឆ្វេង) ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​វិមានសភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Devin Nunes ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក ត្រាំ និង​ជា​សមាជិក​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ថែ្លង​ទៅ​កាន់​សាក្សី​នៅមុន​ពេល​ដែល​ពួកគេ​ផ្ដល់​សក្ខីកម្ម។

លោក Nunes បាន​ថ្លែង​ថា៖ «ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦​ដែល​ជា​រឿង​សំខាន់​បាន​បញ្ចប់​ហើយ ហើយ​ឥឡូវ​នេះ​លោកអ្នក​ងាក​មក​ផ្ដោត​លើ​រឿង​អ៊ុយក្រែន​ម្ដង»។

លោក Nunes ហៅ​ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ ថា​ជា​ការ​ស្វែង​រក​បទឧក្រិដ្ឋ។ នេះ​គឺ​ជា​អ្វី​ដែល​ពួក​សាធារណរដ្ឋ​កំពុង​រៀបចំ​ការ​ស៊ើបអង្កេត​នេះឲ្យ​ទៅ​ជា​ដូច្នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី Vanessa Beasley សាស្ត្រាចារ្យ​ទំនាក់ទំនង​នយោបាយ​នៃ​សាកលវិទ្យាល័យ Vanderbilt។

លោកស្រី Beasley បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ការ​រៀបចំ​ដែល​ប្រាប់​ដល់​សាធារណជន​ថា នេះ​មិនមែន​ជា​រឿង​អ្វី​ដែល​ថ្មី​នោះ​ទេ អ្នក​ទាំងអស់​គ្នា​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា តាំង​ពី​ដើម​មក ពួក​ប្រជាធិបតេយ្យ​ព្យាយាម​រៀបចំ​គម្រោង​ឲ្យ​លោក​ប្រធានាធិបតី​ទៅ​ជា​បែប​នេះ។ នេះ​គឺ​ជា​ការ​សម្រេច​កន្លង​មក ដែល​ពួកគេ​បាន​បង្ហាញសារធាតុ​ពិត​តាមរយៈ​អ្វី​ដែល​ពួកគេ​បាន​និយាយ។ ហើយ​ប្រសិន​បើ​អ្នក​ជឿ​លើ​ការ​រៀបចំ​នេះ អ្នក​នឹង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នោះ»។ ​

នេះ​គឺ​ជា​សារ​ដែល​លោក​ប្រធានាធិបតី ត្រាំ ​លើកឡើង​ម្ដង​ហើយ​ម្ដង​ទៀត​លើ​ twitter និង​រាល់​ពេល​ដែល​លោក​មាន​ឱកាស។

លោក ត្រាំ បាន​និយាយ​វាយប្រហារ​លោកស្រី Marie Yovanovitch ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន ដែល​ត្រូវ​បាន​ដក​ពី​តំណែង ក្នុង​អំឡុង​ពេល​ដែល​លោកស្រី​ផ្ដល់​សក្ខីកម្ម។ លោក ត្រាំ ក៏​និយាយ​វាយប្រហារ​លើ​លោក Adam Schiff ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជា​រឿយៗ​ផង​ដែរ។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ថ្លែង​ថា៖ «លោក​គឺ​ជា​អ្នក​នយោបាយ​ពុករលួយ​ម្នាក់។ និយាយ​ឲ្យ​ស្មោះត្រង់​ទៅ លោក​គួរ​តែ​ត្រូវ​បាន​គេ​កាត់​ទោស»។

យុទ្ធសាស្ត្រ​នេះ​អាច​នឹង​មាន​ប្រសិទ្ធភាព ជាពិសេស​ជាមួយ​នឹង​អ្នក​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​លោក ត្រាំ។

លោកស្រី Shannon O'Brien សាស្ត្រាចារ្យ​ជំនាញ​សិក្សា​ពី​ប្រធានាធិបតី​នៃ​សាកលវិទ្យាល័យ​តិចសាស​ទីក្រុង Austin បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ពួកគេ​បាន​ធ្វើ​ការងារ​យុទ្ធសាស្ត្រ​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​បង្វែរ​នូវ​អ្វី​ដែល​មិន​ល្អ​ចំពោះ​លោក​ប្រធានាធិបតី​ឬ​សេតវិមាន​ឲ្យ​មើល​ទៅ​ជា​ការ​រៀបចំ​ទុក​ជាមុន​របស់​ពួក​ប្រជាធិបតេយ្យ ដូចជា​ព័ត៌មាន​ក្លែងក្លាយ ដែល​មិន​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​ និង​គ្មាន​សុពលភាព​ជាដើម។ ខ្ញុំ​គិត​ថា ពួកគេ​កំពុង​តែ​ព្យាយាម​ធ្វើ​រឿង​នេះ​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ទៀត»។ ​

ស្រប​ពេល​គ្នា​នេះ​ដែរ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​តែ​រៀបចំ​យុទ្ធសាស្ត្រ​របស់​ខ្លួន ដោយ​ព្យាយាម​ធ្វើ​ទៅ​តាម​នីតិវិធី​របស់​រដ្ឋសភា។ ​

គោលបំណង​គឺ​ដើម្បី​រៀបចំ​មូលដ្ឋាន​សម្រាប់​ការ​ស៊ើបអង្កេត​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង ហើយ​ដោយ​សារ​តែ​នេះ​គឺ​ជា​ដំណើរការ​នយោបាយ ដូច្នេះ​អ្វី​ដែល​គេ​ចង់​បាន​បំផុត​គឺ​ប្រមូល​ការ​គាំទ្រ។ ​

លោកស្រី Beasley សាស្ត្រាចារ្យ​ជំនាញ​សិក្សា​អំពី​ប្រធានាធិបតី​នៃ​សាកលវិទ្យាល័យ Vanderbilt បាន​ថ្លែង​ថា៖ «ពួក​ប្រជាធិបតី​កំពុង​តែ​ព្យាយាម​ប្រមូល​ការ​គាំទ្រ​ពី​សាធារណជន តាមរយៈ​ការ​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ដើម្បី​ចោទប្រកាន់លោក​ប្រធានាធិបតី​ ហើយ​នៅ​ទីបំផុត ពួកគេ​អាច​និយាយ​បាន​ថា នេះ​គឺ​ជា​អ្វី​ដែល​ពួកគេគួរ​ត្រូវ​ធ្វើ»។

ពួក​ប្រជាធិបតេយ្យ​ក៏​បាន​ចាប់​ផ្ដើម​ប្រើប្រាស់​ពាក្យ«សូកប៉ាន់»ដើម្បី​ពណ៌នា​ការ​ប្រព្រឹត្ត​ខុសឆ្គង​របស់​លោក​ប្រធានាធិបតី ជាជាង​ប្រើ​ពាក្យ​«​ធ្វើ​អ្វី​មួយ​ដើម្បី​ជា​ថ្នូរ​នឹង​អ្វី​មួយ​ផ្សេង»។

លោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​វិមានសភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​វិមានសភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ មាន​ប្រសាសន៍​ថា៖ «ការ​សូកប៉ាន់​នេះ​គឺ​ជា​ការ​ផ្ដល់​ឬ​ផ្អឹប​ជំនួយ​យោធា​ ដើម្បី​ជា​ថ្នូរ​នឹង​សេចក្ដីថ្លែងការណ៍​សាធារណៈ​មួយ​នៃ​ការ​ស៊ើបអង្កេត​ក្លែងក្លាយ​ទៅ​លើ​ការ​បោះឆ្នោត។ នេះ​គឺ​ជា​ការ​សូកប៉ាន់​ហើយ»។

តើ​នរណា​នឹង​ឈ្នះ ហើយ​នរណា​នឹង​ចាញ់? មិនមាន​នរណា​ម្នាក់​អាច​ដឹង​អំពី​រឿង​នេះ​នៅ​ពេល​នេះ​ទេ។ អ្វី​ដែល​យើង​ដឹង​គឺ​ថា ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នឹង​បន្ដ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ប្រហែល​ជា​រហូត​ដល់​ពេល​បោះឆ្នោត​គាំទ្រ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី (caucus) និង​បោះឆ្នោត​បឋម ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​ចាប់​ផ្ដើម នៅ​ដើម​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​នេះ៕

ប្រែ​សម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG