ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សក្ខីកម្ម​បិទ​ទ្វារ៖ បេសកជន​អាមេរិកាំង​ផ្នែក​កិច្ចការ​ទ្វីប​អឺរ៉ុប​ដើរ​តួ​ក្នុង​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​សម្រាប់​អ៊ុយក្រែន


រូបឯកសារ៖ អ្នកស្រី Jennifer Williams ទី​ប្រឹក្សា​របស់​លោក​អនុ​ប្រធានាធិបតី Mike Pence អញ្ជើញ​ទៅ​ដល់​វិមាន​សភា Capitol Hill សម្រាប់​សវនាការ​បិទទ្វារ​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ អ្នកស្រី Jennifer Williams ទី​ប្រឹក្សា​របស់​លោក​អនុ​ប្រធានាធិបតី Mike Pence អញ្ជើញ​ទៅ​ដល់​វិមាន​សភា Capitol Hill សម្រាប់​សវនាការ​បិទទ្វារ​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ការ​លើ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង បាន​ផ្សព្វផ្សាយ​សេចក្ដី​លម្អិត​នៃ​សវនាការ​ផ្ដល់​សក្ខីកម្ម​បិទ​ទ្វារ​របស់​មន្ត្រី​ពីរ​រូប។

សេចក្ដី​លម្អិត​នៃ​សវនាការ​បិទ​ទ្វារ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នេះ គឺ​ជា​សក្ខីកម្ម​របស់​លោក Tim Morrison អតីត​មន្ត្រី​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ និង​អ្នកស្រី Jennifer Williams ទី​ប្រឹក្សា​របស់​លោក​អនុ​ប្រធានាធិបតី Mike Pence។ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​សាធារណៈ​របស់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​នេះ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ។

រដ្ឋសភា​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ថា​តើ​លោក Trump មាន​បាន​ស្នើ​ឲ្យ​អ៊ុយក្រែន​ស៊ើប​អង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​អាច​ជា​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។

សេចក្ដី​លម្អិតនៃ​សវនាការ​របស់​លោក Morrison បង្ហាញ​ថា លោក​អះអាង​ដូច​សក្ខីកម្ម​ដែល​មន្ត្រី​ផ្សេង​ទៀត​បាន​លើក​ឡើង​កន្លង​មក ប៉ុន្តែ លោក​ក៏​បាន​ឆ្លើយ​សំណួរ​ទាក់ទិន​នឹង​វិធីសាស្ត្រ​ការទូត​ក្រៅ​ផ្លូវការ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​ធ្វើ​ឡើង​ដោយ​លោក Rudy Giuliani ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក Trump ផង​ដែរ។

ចំណែក​ឯ​សក្ខីកម្ម​របស់​អ្នកស្រី Williams វិញ បង្ហាញ​អំពី​តួនាទី​របស់​អ្នកស្រី​ក្នុង​នាម​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Pence ទទួល​បន្ទុក​កិច្ចការ​ទ្វីប​អឺរ៉ុប និង​រុស្ស៊ី ដែល​ត្រូវ​ផ្ដល់​ដំណឹង​ដល់​លោក Pence នូវ​គ្រប់​បញ្ហា​គោល​នយោបាយ​ការបរទេស​ទាំង​អស់​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​អ៊ុយក្រែន​ផង​ដែរ៕

XS
SM
MD
LG