នៅពេលដែលលោកស្រី Marie Yovanovitch ធ្វើសក្ខីកម្មនៅក្នុងសវនាការស៊ើបអង្កេតដើម្បីដកតំណែងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកាំងរូបនេះបានធ្វើការវាយប្រហារតាម Twitter លើឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំប្រទេសអ៊ុយក្រែនរូបនេះដែលបានត្រូវដកចេញពីតំណែង។
លោក ត្រាំ បានសេរសេរថា៖ «នៅគ្រប់កន្លែងដែល Marie Yovanovitch ទៅស្ថានការណ៍នៅទីទាំងនោះមានភាពអាក្រក់។ លោកស្រីបានចាប់ផ្តើមនៅក្នុងប្រទេសសូម៉ាលី តើស្ថានការណ៍នៅទីនោះបែបណា?»
បន្ទាប់មកលោក ត្រាំ បាននិយាយដោយបំភ័ន្តថា ប្រធានាធិបតីអ៊ុយក្រែន Zelenskiy «បាននិយាយមិនល្អអំពីលោកស្រីនៅក្នុងការនិយាយទូរស័ព្ទលើកទីពីររបស់ខ្ញុំជាមួយលោក»។
សំណេរលើ Twitter នេះ ត្រូវបានត្រូវរិះគន់ដោយលោក Adam Schiff ប្រធានគណៈកម្មាធិការខាងស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្ត្រអាមេរិកាំងថា ជា «ការធ្វើទុក្ខបុកម្នេញសាក្សីនៅពេលពិតប្រាកដដោយប្រធានាធិបតីស.រ.អា»។ លោកថា វាជាការវាយប្រហារមួយក្នុងបណ្តាការវាយប្រហារតាមពាក្យសម្តីមួយចំនួនកាលពីពេលថ្មីៗនេះដែលលោក ត្រាំ បានធ្វើប្រឆាំងនឹងពួកសាក្សី, អ្នកបញ្ចេញការសម្ងាត់ និងពួកប្រជាធិបតេយ្យដែលមានទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ដកលោកចេញពីតំណែង។
លោក ត្រាំ បានបដិសេធថាលោកមិនបានធ្វើទុក្ខបុកម្នេញសាក្សីទេហើយលោកបានចោទប្រកាន់ពួកប្រជាធិបតេយ្យថា គ្មានតម្លាភាព។
លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា «ពួកសាធារណរដ្ឋបានត្រូវប្រព្រឹត្តទៅលើដោយអាក្រក់ណាស់»។ លោកបានថ្លែងថាពួកប្រជាធិបតេយ្យមិនបានអនុញ្ញាតឱ្យពួកសាធារណរដ្ឋសួរសំណួរឬមានសាក្សីទេ ហើយលោកបានហៅសវនាការទាំងនេះថា ជាការអាម៉ាស់មួយ។
លោកស្រី Vanessa Beasley ជាសាស្ត្រាចារ្យខាងវោហាសាស្ត្រប្រធានាធិបតីនៅ ឯសាកលវិទ្យាល័យ Vanderbilt បាននិយាយថា ប្រធានាធិបតី ត្រាំ បង្ហាញថាលោកមិនបានត្រូវធ្វើទុក្ខបុកម្នេញទេ។ លោកស្រីបានថ្លែងថា លោកខិតខំព្យាយាមនិយាយថា គ្មាននរណាប៉ះពាល់លោកបានទេ ថាគ្មាននរណាបញ្ឈប់លោកបានឡើយ»៕