ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលត្រូវគេបណ្តេញចេញពីតំណែងប្រចាំនៅប្រទេសអ៊ុយក្រែន មានគម្រោងធ្វើជាកសិណសាក្សីនៅថ្ងៃសុក្រនេះនៅឯការស៊ើបអង្កេតប្តឹងទម្លាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចេញពីតំណែងរបស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក។
លោកស្រី Marie Yovanovitch បានមានប្រសាសន៍អំពីការបណ្តេញលោកស្រីចេញពីតំណែងថា «ខ្ញុំមិនជឿថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជ្រើសរើសដកឯកអគ្គរដ្ឋទូតផ្អែកលើការអះអាងគ្មានមូលដ្ឋាននិងមិនត្រឹមត្រូវដោយមនុស្សដែលមានគោលបំណងប្រព្រឹត្តការមិនត្រឹមត្រូវនេះសោះ»។
លោក William Taylor ឯកអគ្គរដ្ឋទូតស្តីទីប្រចាំនៅប្រទេសអ៊ុយក្រែននិងលោក George Kent ជាមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសហរដ្ឋអាមេរិកចំពោះប្រទេសអ៊ុយក្រែននៅក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់កសិណសាក្សីកាលពីថ្ងៃពុធកន្លងទៅនេះ។
អ្នកការទូតទាំង៣នាក់នេះ បានផ្តល់កសិណសាក្សីសម្ងាត់កាលពីពេលមុនអំពីការខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការដាក់សម្ពាធលើអ៊ុយក្រែនឲ្យស៊ើបអង្កេតលោក Joe Biden អតីតអនុប្រធានាធិបតីនិងស៊ើបអង្កេតការចោទប្រកាន់ថាបានឃុបឃិតធ្វើឲ្យខូចឈ្មោះចំពោះការបោះឆ្នោតនៅឆ្នាំ ២០១៦។
ពួកគណបក្សប្រជាធិបតេយ្យ និយាយថា ការបើកសវនាការនេះនឹងអនុញ្ញាតឲ្យសាធារណៈជនវាយតម្លៃពីភាពដែលអាចជឿទុកចិត្តបានរបស់សាក្សីនិងការផ្តល់កសិណសាក្សីរបស់ពួកគេ។ ពួកសាធារណរដ្ឋ ទំនងធ្វើការប៉ុនប៉ងបង្ខូចដំណើរការនៃ ការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែង និងបណ្តុះបង្អាប់ការផ្តល់កសិណសាក្សីរបស់សាក្សីនេះ។
លោកស្រី Yovanovych ជាអ្នកការទូតប្រចាំអាជីពនិងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ុយក្រែនចាប់តាំងពីខែកក្កដា ឆ្នាំ២០១៦ រហូតដល់ខែឧសភា ឆ្នាំ ២០១៩ នៅពេលដែលលោកស្រី ត្រូវបានគេកោះហៅឲ្យវិលត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីលោក Rudy Giuliani ដែលជាមេធាវីរបស់ប្រធានាធិបតី ត្រាំ និងសម្ព័ន្ធមិត្តរបស់លោក បានធ្វើអ្វីដែលសហការីរបស់លោកស្រីនិងពួកគណបក្សប្រជាធិបតេយ្យ បានពណ៌នាថា ជាយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះប្រឆាំងនឹងលោកស្រី៕