ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​សហរដ្ឋ​អាមេរិក​នឹង​បើក​សវនាការ​សាធារណៈ​ជា​លើក​ដំបូង​សម្រាប់​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ដក​ប្រធានាធិបតី​ពី​តំណែង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​មុន​ការ​ដើរ​ក្បួន New York City Veterans Day Parade នៅ​ឧទ្យានទីលាន Madison Square Park ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​មុន​ការ​ដើរ​ក្បួន New York City Veterans Day Parade នៅ​ឧទ្យានទីលាន Madison Square Park ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

សមាជិក​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​កំពុង​ត្រៀម​រៀបចំ​ចុងក្រោយ​សម្រាប់​សវនាការ​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង។

សាក្សី​ដែល​នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ថ្ងៃ​ពុធ​ស្អែក​មាន​ដូចជា​លោក William Taylor ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ស្ដីទី​ប្រចាំ​ប្រទេស​អ៊ុយក្រែន និង​លោក George Kentឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​ទ្វីប​អឺរ៉ុប និង​អាស៊ី​អឺរ៉ុប។

លោក Taylor និង​លោក Kent ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ការទូត និង​មន្ត្រី​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​នៅ​ពេល​បច្ចុប្បន្ន និង​កាល​ពី​អតីតកាល ដែល​បាន​ផ្ដល់​សក្ខីកម្ម​ក្នុង​សវនាការ​បិទ​ទ្វារ​របស់​គណៈកម្មាធិការ​រដ្ឋសភា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ។

គណៈកម្មាធិការ​មួយ​ចំនួន​របស់​រដ្ឋសភា​បាន​ផ្សព្វផ្សាយ​អត្ថបទ​នៃ​សវនាការ​ទាំង​នេះ ដែល​នៅ​ក្នុង​នោះ មន្ត្រី​ទាំង​នោះ​បាន​រៀបរាប់​លំអិត​អំពី​វិធី​ដែល​លោក Trump និង​ទីប្រឹក្សា​របស់​លោក​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​អាច​ជា​គូ​ប្រជែង​ដ៏​ចម្បង​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ និង​លើ​លោក Hunter Biden ដែល​ជា​កូន​ប្រុស​របស់​លោក Biden ទាក់ទិន​នឹង​ការងារ​របស់​លោក Hunter សម្រាប់​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ​មួយ​របស់​ប្រទេស​អ៊ុយក្រែន ក៏​ដូចជា​គំនិត​ដែល​ថា អ៊ុយក្រែន​បាន​ជ្រៀតជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ មិន​មែន​ប្រទេស​រុស្ស៊ី​នោះ​ផង​ដែរ។

ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​នេះ កន្លង​មក​ផ្ដោត​លើ​ការ​សន្ទនា​រវាង​លោក Trump និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy កាល​ពី​ចុង​ខែ​កក្កដា ដែល​នៅ​ក្នុង​ការ​សន្ទនា​នោះ លោក Trump បាន​ស្នើ​លោក Zelenskiy ឲ្យ​ជួយ​ស៊ើប​អង្កេត​លើ​លោក Biden៕

XS
SM
MD
LG