សភាតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យ ចាប់ផ្តើមដំណាក់ការថ្មីមួយនៅក្នុងការស៊ើបអង្កេតដកហូតតំណែងលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ ដោយមានការផ្តល់កសិណសាក្សីជាសាធារណៈពីពួកមន្រ្តីរដ្ឋបាលដែលកំពុងបម្រើការងារនៅពេលបច្ចុប្បន្ននិងកាលពីអតីតកាល។ ពួកសាក្សីទាំងនោះ នឹងផ្តល់សេចក្តីលម្អិតពីស្ថានភាពនៃការចោទប្រកាន់ថា ប្រធានាធិបតីត្រាំ បានបបួលពួកបរទេសឲ្យជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០២០។
ការផ្តល់កសិណសាក្សីរបស់ពួកសាក្សីអស់ជាច្រើនសប្តាហ៍ ដែលបានធ្វើឡើងសម្ងាត់នៅវិមានរដ្ឋសភា Capitol Hill ឥឡូវនេះ ធ្វើឡើងជាសាធារណៈ។
លោក Adam Schiff ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការសម្ងាត់របស់សភាតំណាងរាស្រ្តដែលដឹកនាំការបើកសវនាការខាងគណបក្សប្រជាធិបតេយ្យ សង្ឃឹមនឹងបង្ហាញប្រជាពលរដ្ឋអាមេរិកាំងពីហេតុផលដើម្បីប្តឹងទម្លាក់ប្រធានាធិបតីត្រាំចេញពីតំណែង។
កសិណសាក្សីទីមួយ គឺលោកឯកអគ្គរដ្ឋទូត William Taylor ដែលជាសាក្សីដ៏សំខាន់ម្នាក់របស់គណបក្សប្រជាធិបតេយ្យ។ លោក Schiff បានសរសើរលោក Taylor មុនពេលការផ្តល់កសិណសាក្សីរបស់លោក៖
«លោកជាមនុស្សម្នាក់ដែលខ្ញុំគិតថាកំពុងតែបំរើសេវាយ៉ាងសំខាន់មួយសម្រាប់ប្រទេសជាតិ ពាក់ព័ន្ធនឹងរឿងរ៉ាវដែលគួរឲ្យព្រួយបារម្ភ ដែលលោកបានដឹង»។
អ្នកការទូតកំពូលសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ុយក្រែន បានប្រាប់សមាជិកសភាតំណាងរាស្រ្តថា ជារឿងច្បាស់លាស់ណាស់ ដែលថាជំនួយខាងសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន មានជាប់ទាក់ទិនទៅនឹងកិច្ចសហប្រតិបត្តិការរបស់ប្រទេសនោះនៅក្នុងការស៊ើបអង្កេតលោក Joe Biden និងក្រុមគ្រួសាររបស់លោក។ លោក Biden ជាគូប្រជែងខាងនយោបាយដ៏សំខាន់របស់ប្រធានាធិបតីត្រាំ។
កសិណសាក្សីឯទៀតនៅសប្តាហ៍នេះ គឺលោក George Kent មន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និងលោកស្រី Marie Yovanovitch អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែនដែលបានប្រាប់សមាជិកសភាថា លោក Rudy Giuliani មេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីត្រាំ បានបំផ្លាញបណ្តាញគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ហើយថាជំនួយសហរដ្ឋអាមេរិកដែលបានទទួលការអនុម័តពីសភាភ្ជាប់ទៅនឹងការយល់ព្រមរបស់អ៊ុយក្រែនដើម្បីផលប្រយោជន៍ខាងនយោបាយផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីត្រាំ។
លោកស្រី Jackie Speier សភាតំណាងរាស្រ្តខាងគណបក្សប្រជាធិតេយ្យថ្លែងថា៖
«នេះជាករណីពុករលួយយ៉ាងធ្ងន់ធ្ងរមួយ»។
ពួកគណបក្សសាធារណរដ្ឋបានផ្តោតលើការការពារការនិយាយទូរស័ព្ទរបស់ប្រធានាធិបតីត្រាំជាមួយប្រធានាធិបតីអ៊ុយក្រែនដែលជាបញ្ហាសំខាន់នៅក្នុងការស៊ើបអង្កេតប្តឹងដកហូតប្រធានាធិបតីចេញពីតំណែង។ លោក Jim Jordan តំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋថ្លែងថា៖
«ខ្ញុំទុកចិត្តលើការសន្ទនាតាមទូរស័ព្ទនោះ។ ខ្ញុំទុកចិត្តលោកប្រធានាធិបតី Zelenskiy និងលោកប្រធានាធិបតី Trump។ ហើយខ្ញុំទុកចិត្តថាអ៊ុយក្រែនមិនបានដឹងថាមានការផ្អិបជំនួយទេ ហើយអ៊ុយក្រែនក៏មិនបានធ្វើអ្វីដើម្បីឲ្យបញ្ចេញជំនួយនោះដែរ។ រឿងទាំងនោះជាការពិត ប៉ុន្តែយើងមានរឿងកំប៉ិចកំប៉ុក ដែលលោក Schiff ចង់កកាយឡើង ដែលមិនសំខាន់ចំពោះរឿងដែលបានកើតឡើងពិតប្រាកដនោះទេ»។
ប្រធានាធិបតីត្រាំ បានហៅដំណើរការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងជាការអយុត្តិធម៌។ លោកប្រធានាធិបតីត្រាំ បានថ្លែងថា៖
«មិនដែលមានប្រធានាធិបតីណាម្នាក់ដែលបើកចំហរដល់ថ្នាក់នេះទេ។ នេះជាការធ្វើទុក្ខបុកម្នេញ កំរិតខ្ពស់បំផុត ហើយនេះជារឿងអាក្រក់ណាស់សម្រាប់ប្រទេសជាតិយើង»។
ការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែង ច្បាស់ជានឹងទទួលបានការអនុម័តពីសភាតំណាងរាស្រ្តដែលត្រួតត្រាដោយគណបក្សប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ លទ្ធផលនៃការកាត់ទោសក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលកាន់កាប់ដោយសំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋ ទំនងនឹងមិនបានទទួលជោគជ័យទេ ដោយទុកឲ្យប្រធានាធិបតីត្រាំ នៅកាន់ដំណែងរហូតដល់ការបោះឆ្នោតឆ្នាំ២០២០៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន