នៅក្នុងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធទីមួយរបស់គាត់កាលពីថ្ងៃអង្គារប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានឯកភាពនិងបាននិយាយអំពីអ្វីដែលលោកឃើញថា ជាសមិទ្ធិផលក្នុងគោលនយោបាយការបរទេសនិងសេដ្ឋកិច្ច។
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា៖ «នៅយប់នេះ ខ្ញុំអំពាវនាវដល់យើងគ្រប់គ្នាឲ្យទុកការខ្វែងគំនិតគ្នាដោយឡែកដើម្បីស្វែងរកមតិរួមនិងធ្វើឲ្យមានឯកភាពដែលយើងត្រូវការឲ្យមានសម្រាប់ផ្តល់អត្ថប្រយោជន៍ជូនប្រជារាស្ត្រដែលបានបោះឆ្នោតឲ្យយើងបម្រើពួកគេ»។
នៅក្នុងសុន្ទរកថាមួយមានរយៈពេល៨០នាទី លោក ត្រាំ បានអំពាវនាវដល់ពួកសមាជិកសភាឲ្យអនុម័តសំណើរបស់លោកអំពីការសើរើប្រព័ន្ធអន្តោប្រវេសន៍របស់ប្រទេស និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។
ស្តីពីគោលនយោបាយការបរទេស លោក ត្រាំ បានសន្យាថានឹងប្រកាន់គោលជំហរមួយតឹងរ៉ឹងជាងមុនដោយនិយាយថា គាត់នឹងធ្វើការដើម្បីដោះស្រាយ«ភាពខ្ចោះជាមូលដ្ឋាន»នៅក្នុងកិច្ចព្រមព្រៀងបរមាណូអ៊ីរ៉ង់ និងបង្ហាញការប្តេជ្ញាទាំងស្រុងរបស់អាមេរិកាំងក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសកូរ៉េខាងជើង។
ប្រធានាធិបតី ត្រាំ បានថ្លែងថា៖ «បទពិសោធន៍កាលពីអតីតកាលបានបង្រៀនយើងថា ការខ្វល់ខ្វាយនិងការធ្វើសម្បទានបាននាំឲ្យមានអំពើឈ្លានពាននិងការបង្ករឿងតែប៉ុណ្ណោះ។ ខ្ញុំនឹងមិនធ្វើតាមកំហុសរបស់រដ្ឋបាលកាលពីពេលមុនៗទៀតទេ ដែលរដ្ឋបាលនោះបាននាំយើងទៅកាន់គោលជំហរប្រកបដោយគ្រោះថ្នាក់»៕