ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រសាសន៍​សំខាន់​របស់​លោក​ Trump ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​លើក​ទី​មួយ​ស្តីអំពី«ស្ថានភាព​សហព័ន្ធ‍»


លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​លើក​ទី​មួយ​ស្តីអំពី«ស្ថានភាព​សហព័ន្ធ‍» (State of the Union Address) ទៅ​កាន់​សភាជាតិ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អង្គារ ទី៣០ ខែ​មករា ឆ្នាំ២០១៨។ (រូបថត៖ AP)
លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​លើក​ទី​មួយ​ស្តីអំពី«ស្ថានភាព​សហព័ន្ធ‍» (State of the Union Address) ទៅ​កាន់​សភាជាតិ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អង្គារ ទី៣០ ខែ​មករា ឆ្នាំ២០១៨។ (រូបថត៖ AP)

ប្រសាសន៍​សំខាន់​របស់​លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​លើក​ទី​មួយ​ស្តីអំពី«ស្ថានភាព​សហព័ន្ធ‍» (State of the Union Address) ទៅ​កាន់​សភាជាតិ​សហរដ្ឋអាមេរិក៖

«យើង​ចង់​ឲ្យ​ពល​រដ្ឋ​អាមេរិកាំង​គ្រប់​រូប​យល់​ដឹង​អំពីសេចក្តី​ថ្លៃ​ថ្នូរ​នៃ​ការងារ​ដ៏លំបាក​របស់​ពួកគេ។ យើង​ចង់​ឲ្យកុមារា​កុមារី​គ្រប់​រូប​មាន​សុវត្តិភាព​ក្នុង​ផ្ទះ​របស់​ពួក​គេ​នៅ​ពេល​យប់ ហើយ​យើង​ចង់​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​មាន​មោទនភាព​ចំពោះ​មាតុភូមិ​ដែល​យើង​ស្រឡាញ់»។

«ដូច​ដែល​ខ្ញុំ​បាន​សន្យា​ចំពោះ​ពលរដ្ឋ​អាមេរិកាំង នៅទីនេះ​កាល​ពី​១១​ខែ​មុន យើង​បាន​តាក់​តែង​ច្បាប់​កាត់​បន្ថយ​ពន្ធ​ដារ​ និង ​កែ​ទម្រង់ច្បាប់​ពន្ធដារ យ៉ាង​ធំ​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក»។

«ការ​កាត់​បន្ថយ​ពន្ធដារយ៉ាង​ធំធេង​របស់​យើង​ជួយបន្ធូរអ្នក​មាន​ប្រាក់​ចំណូល​មធ្យម និង​បណ្តា​ក្រុម​ហ៊ុន​ជំនួញ​តូចៗ»។

«យប់​នេះ​ខ្ញុំ​ចង់​និយាយ​ថា​តើអនាគត​របស់​យើង​នឹង​មាន​រូប​រាង​យ៉ាង​ដូច​ម្តេច ហើយ​ថាតើយើង​នឹង​ក្លាយ​ជា​ប្រទេសបែប​ណា។ យើង​ទាំងអស់​គ្នារួម​គ្នា​ជា​ក្រុម​តែ​មួយ ជា​ប្រជាជាតិ​តែ​មួយ និង​ជា​គ្រួសារ​អាមេរិកាំង​តែ​មួយ»។

«ប្រទេស​អាមេរិក​នៅ​ទី​បំផុត​បាន​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មប្រកប​ដោយអយុត្តិធម៌​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ភាព​រុង​រឿង​របស់​យើង ហើយ​បាន​ធ្វើ​ឲ្យ​យើង​បាត់​បង់​ក្រុម​ហ៊ុន​របស់​យើង បាត់​បង់​ការងារ​របស់​យើង និង​ទ្រព្យសម្បត្តិ​របស់ប្រទេស​យើង»។

«អាមេរិក​គឺ​ជា​ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​អ្នក​ស្ថាបនា​ជាតិ។ យើង​សាង​សង់​អាគារ Empire State ក្នុង​រយៈ​ពេល​ត្រឹម​មួយ​ឆ្នាំ។ តើ​វា​មិន​មែន​ជា​រឿង​អាម៉ាស​ទេ​ឬ ដែល​យយើង​ចំណាយ​ពេល​១០ឆ្នាំ​គ្រាន់​តែ​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ដើម្បី​សាងសង់​ផ្លូវ​ដ៏​សាមញ្ញ​មួយ»?

«ខ្ញុំ​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​រួបរួម​គ្នា​ដើម្បី​ផ្តល់​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​សុវត្ថិភាព លឿន ទុក​ចិត្ត​បាន និង​ទំនើប ដែល​សេដ្ឋកិច្ច​យើង​ត្រូវ​ការ ហើយ​ពលរដ្ឋ​របស់​យើង​សាកសម​នឹង​ទទួល​បាន»។

«សហគមន៍​ដែល​មាន​ការ​លំបាក ពិសេស​សហគមន៍​ជន​អន្តោប្រវេសន៍ ក៏​នឹង​ត្រូវ​បាន​ជួយ​ដោយ​គោល​នយោបាយ​អន្តោប្រវេសន៍ ដែល​ផ្តោត​លើ​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​ក្រុមអ្នក​ធ្វើ​ការ​អាមេរិកាំង​និង​ក្រុម​គ្រួសារ​អាមេរិកាំង»។

«ដូច្នេះ​នៅ​រាត្រី​នេះ​ ខ្ញុំ​នឹង​ធ្វើ​ការ​រួម​គ្នា​ជាមួយ​នឹង​សមាជិក​នៃ​បក្ស​ទាំង​ពីរ ទាំង​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណៈ​ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​របស់​យើង មិន​ថា​មាន​ប្រវត្តិ​យ៉ាង​ណា ពណ៌​សម្បុរ ឬ​សាសនា​អ្វី​នោះ​ទេ»។

«ស្រប​ពេល​ដែល​យើង​កសាង​អនុភាព​និង​ជំនឿ​ទុក​ចិត្ត​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​ឡើង​វិញ​ យើង​ក៏​ស្តារ​អនុភាព​និង​គោល​ជំហ​របស់​យើង​នៅ​បរទេស​ឡើង​វិញ​ផង​ដែរ»។

«កាលពី​ឆ្នាំ​មុន ខ្ញុំ​បាន​ប្តេជ្ញា​ថា យើង​នឹង​ធ្វើ​ការ​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​របស់​យើង​ដើម្បី​កម្ចាត់​ពួក​រដ្ឋ​ឥស្លាម​ចេញ​ពី​ផែន​ដី​របស់​យើង។ មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​មាន​មោទនភាព​នឹង​រាយការណ៍​ថា ក្រុម​ចម្រុះ​ដែល​ត្រូវ​កម្ចាត់​ពួក​រដ្ឋ​ឥស្លាម​នោះ​បាន​រំដោះ​ទឹកដី​ស្ទើរ​តែ​១០០ភាគរយ ដែល​ធា្លប់​កាន់​កាប់​ដោយ​ពួក​ឃាតករ​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។ ប៉ុន្តែ​មាន​ការ​ងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ។ យើង​នឹង​បន្ត​វាយ​ប្រយុទ្ធ​រហូត​ដល់​ក្រុម​រដ្ឋ​ឥស្លាម​បរាជ័យ»។

«បទ​ពិសោធន៍​ពី​អតីត​កាល​បាន​បង្រៀន​យើង​ថា ការ​មិន​ខំ​ប្រឹងប្រែង​ឲ្យ​បាន​ល្អ​ថែម​ទៀត​និង​ការ​ធ្វើ​សម្បទាន នឹង​គ្រាន់​តែ​បង្ក​ឲ្យ​មាន​ការ​ឈ្លាន​ពាន​និង​ការ​បង្ក​រឿង​ហេតុ។ ខ្ញុំ​នឹង​មិន​ប្រព្រឹត្ត​កំហុស​ដែល​រដ្ឋបាល​ពី​មុន​បាន​ធ្វើ​ដែល​បាន​នាំ​ឲ្យ​យើង​ធ្លាក់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់»។

«គោល​នយោបាយ​អន្តោ​ប្រវេសន៍​ទី​១​របស់​យើង ផ្តល់​វិធី​ទទួល​បាន​សញ្ជាតិ​អាមេរិក ដល់ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ចំនួន ១​លាន៨​សែន​នាក់ ដែល​មក​ជា​មួយ​ឪពុក​ម្តាយ​របស់​ពួកគេ​តាំង​ពី​តូច។ នៅ​ក្រោម​ផែនការ​របស់​យើង ពួក​អ្នក​ដែលបាន​ទទួល​ការ​សិក្សា និង មាន​ការងារធ្វើ ព្រម​ទាំង​មាន​ចរិកលក្ខណៈល្អ​ប្រសើរ នឹង​អាច​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​ពេញ​សិទ្ធិ»។

«គោល​នយោបាយ​អន្តោ​ប្រវេសន៍​ទី​២​របស់​យើង គឺ​ផ្តោត​ទៅ​លើ​ការការពារ​សន្តិសុខ​នៅ​តាម​ព្រំដែន​របស់​យើង។ នេះ​បាន​ន័យ​ថា​សាង​សង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​យើង»។

«គោល​នយោបាយ​អន្តោប្រវេសន៍​ទី​៣​ គឺ​ការ​បញ្ចប់​នូវ​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​មក​រស់​នៅ​សហរដ្ឋ​អាមេរិក ដែល​កម្មវិធី​នេះ​ជា​ការ​ផ្តល់​ប័ណ្ណ​សិទ្ធិ​រស់​នៅ​ (Green Card) ដោយ​ចៃដន្យ ​និង​មិន​ផ្អែក​លើ​កត្តា​ជំនាញ សមត្ថភាព ឬ​សុវត្ថិភាព​នៃ​ពលរដ្ឋ​របស់​យើង។ វា​ដល់​ពេល​ដែល​យើង​ត្រូវ​ចាប់​ផ្តើមប្រព័ន្ធ​អន្តោប្រវេសន៍​មួយ​ដែល​ផ្អែក​លើ​សមត្ថភាព គឺ​ប្រព័ន្ធ​មួយ​ដែល​ទទួល​មនុស្ស​ពី​ប្រទេស​ផ្សេង​ដែល​មាន​ជំនាញ ដែល​ចង់​ធ្វើ​ការ ដែល​នឹង​រួម​ចំណែក​ដល់​សង្គម​យើង ហើយ​ដែល​ពួក​គេ​នឹង​ស្រឡាញ់​និង​គោរព​ប្រទេស​យើង»។

«គោល​នយោបាយ​អន្តោប្រវេសន៍​ទី​៤ ការពារ​សមាជិក​នៃ​គ្រួសារតែមួយ (ប្តី​ប្រពន្ធ​និង​កូន) (nuclear family)ដោយ​បញ្ចប់​នូវ​អន្តោប្រវេសន៍​សែស្រឡាយ (ធានា​បងប្អូន)។ តាម​ប្រព័ន្ធ​អន្តោប្រវេសន៍​មិន​ដំណើរការ​បច្ចុប្បន្ន ជន​អន្តោប្រវេសន៍​តែ​ម្នាក់​អាច​ធានាសមាជិកក្រុមគ្រួសារ​រាប់​មិន​អស់។ តាម​គម្រោង​ថ្មី​របស់​យើង យើង​នឹង​ផ្តោត​តែ​លើ​គ្រួសារ​ទោល​ ដោយ​អនុញ្ញាត​ឲ្យ​ធានា​បាន​តែ​ប្តីប្រពន្ធ​និង​កូន​ជា​អនីតិជន​តែ​ប៉ុណ្ណោះ។ កំណែទម្រង់​អន្តោប្រវេសន៍នេះ​ចាំបាច់​ខ្លាំង​ណាស់​ មិន​ត្រឹម​តែ​សម្រាប់​សេដ្ឋកិច្ច​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​សម្រាប់​សន្តិសុខ​របស់​យើង និង​អនាគត​របស់​យើង​ផង​ដែរ»។

«ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ការ​វាយប្រហារ​ភេរវកម្មនៅ​ទី​ក្រុង​ញូវយ៉ក​អាច​កើត​ឡើង​ដោយសារ​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​និង​ការ​ធានា​បង​ប្អូន។​ លោក​ថា​ក្នុង​សម័យ​កាល​ភេរវកម្ម​ កម្មវិធី​ទាំង​នេះ​នាំ​ឲ្យ​មាន​ការ​ប្រថុយ​ប្រថាន។ លោក​អះអាង​ថា ​កំណែទម្រង់​អន្តោប្រវេសន៍​ទាំង​៤​នេះ​ជា​សប្បទាននយោបាយ​ជាមួយ​គណបក្សប្រជាធិបតេយ្យដែល​នឹង​បង្កើត​ប្រព័ន្ធ​មួយ​ដែល​មាន​សុវត្ថភាព​និង​ទំនើប ដែល​ប្រព័ន្ធ​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ​មិន​អាច​សម្រេច​បាន»។

«នៅ​រាត្រី​នេះ ខ្ញុំ​ស្នើ​ឲ្យ​សភា​អនុម័ត​ច្បាប់​ដើម្បី​ជួយ​ធានា​ថា ​ប្រាក់​ដុល្លារ​របស់​ពលរដ្ឋ​អាមេរិកាំង​ដែល​សម្រាប់​ផ្តល់​ជំនួយ​នោះ តែង​តែ​បម្រើ​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​អាមេរិកាំង និង​សម្រាប់​តែ​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ប៉ុណ្ណោះ»។

«ភាព​ប្រហើន​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​បន្ត​ផលិត​កាំជ្រួច​មីស៊ីល​អាច​នឹង​គំរាម​កំហែង​ដល់​ស្រុក​ទេស​របស់​យើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ យើង​បន្ត​យុទ្ធនាការ​ដាក់​សម្ពាធ​អតិបរមា​ដើម្បី​រារាំង​វា​មិន​ឲ្យ​កើត​មាន​ឡើង»។

«សហរដ្ឋ​អាមេរិក​ជា​ប្រទេស​តំណាង​ឲ្យ​សេរីភាព ដែល​មាន​រូប​បដិមា​អំពី​សេរីភាព​នៅ​កំពូល​វិមាន​សភា​ Capitol នេះជា​ឧទាហរណ៍​ស្រាប់ ដោយ​មាន​វីរបុគ្គល​ដែល​បាន​ការពារ​សេរីភាព​នេះ​ ហើយ​សេរីភាព​នេះ​បាន​ទាក់ទាញជន​ភៀស​ខ្លួនជា​ច្រើន​ពី​ជុំវិញ​ពិភពលោក ​រួម​ទាំង​អ្នកភៀស​ខ្លួន​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ផង​ដែរ»។

XS
SM
MD
LG