ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសអំពីគម្រោងចែកចាយឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ បានលទ្ធផលលឿន ចំនួន ១៥០ លានឧបករណ៍ និងបានជំរុញអភិបាលរដ្ឋនានាឲ្យប្រើឧបករណ៍ទាំងនេះ ដើម្បីបើកសាលារៀនឡើងវិញ។
លោក Trump បានប្រកាសដូច្នេះ ស្របពេលដែលមានការរាយការណ៍ថា សមាជិកម្នាក់នៅក្នុងក្រុមការងារពិសេសរបស់លោកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដែងការព្រួយបារម្ភថា លោកកំពុងតែទទួលបានព័ត៌មានមិនត្រឹមត្រូវអំពីជំងឺរាតត្បាតនេះ។
នៅក្នុងការថ្លែងសុន្ទរកថានៅសួនកុលាបនៃសេតវិមាន លោក Trump បានហៅគម្រោងខាងលើនេះថា ជា«ការពង្រីកទ្រង់ទ្រាយធំ និងមិនធ្លាប់មាន» នៃសមត្ថភាពនៃការធ្វើតេស្ត «ច្រើនជាងទ្វេដងនៃការធ្វើតេស្តដែលបានធ្វើរួចហើយ»។
លោក Trump បាននិយាយថា «ឧបករណ៍ធ្វើតេស្តចំនួន ៥០ លាន នឹងត្រូវផ្ដល់ជូនសហគមន៍ងាយរងគ្រោះបំផុត» ហើយ «១០០ លានទៀត នឹងត្រូវផ្ដល់ជូនទៅតាមរដ្ឋ និងដែនដីនីមួយៗ ដើម្បីប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងបើកសេដ្ឋកិច្ចឡើងវិញ និងនៅតាមសាលារៀនឲ្យបានលឿន តាមដែលអាចធ្វើទៅបាន»។
រដ្ឋបាលរបស់លោក Trump កំពុងលើកទឹកចិត្តឲ្យសាលារៀននានាប្រើប្រាស់ឧបករណ៍ធ្វើតេស្តរបស់ក្រុមហ៊ុន Abbott Laboratories ដែលអាចផ្ដល់លទ្ធផលក្នុងរយ:ពេល ១៥ នាទីនេះ ដើម្បីចាប់ផ្ដើមការបង្រៀនផ្ទាល់ក្នុងថ្នាក់ឡើងវិញ ដែលអាចឲ្យឪពុកម្ដាយសិស្ស មានលទ្ធភាពត្រឡប់ទៅធ្វើការវិញបាន។
កាលពីសប្ដាហ៍មុន បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានរិះគន់លោក Trump ថា មិនមានស្ដង់ដារថ្នាក់ជាតិនៅក្នុងការបើកសាលារៀនឡើងវិញដោយសុវត្ថិភាព និងបាននិយាយថា ខ្លួនលោកផ្ទាល់បានបង្ហាញអំពីគម្រោងនៅក្នុងការធ្វើដូច្នេះកាលពីខែកក្កដា។
លោក Biden បានសង្កត់ធ្ងន់ថា ការបើកសាលារៀនឡើងវិញគួរតែធ្វើឡើងតែក្នុងករណីណាដែលមានការការពារគ្រប់គ្រាន់តែប៉ុណ្ណោះ ដូចជាម៉ាស់ និងការសម្អាតអនាម័យ ក៏ដូចជាផ្អែកលើការពិចារណាផ្នែកសុខាភិបាលនានាដូចជាអត្រាឆ្លងឡើងវិញជាដើម៕