សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាកើនឡើងជិតដល់ ៧ លាននាក់ហើយ។ ប្រទេសឥណ្ឌាឈរក្នុងលំបាប់ទីពីរ បន្ទាប់ពីអាមេរិក ដោយមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥,៨ លាននាក់ ហើយប្រទេសប្រេស៊ីលស្ថិតក្នុងលំដាប់លេខ ៣ ដែលមានអ្នកឆ្លងដោយសារជំងឺនេះប្រមាណ ៤,៦ លាននាក់ ខណៈដែលប្រទេសមួយចំនួនផ្សេងទៀត កំពុងទទួលរងការផ្ទុះឆ្លងរាលដាលសារជាថ្មី ដោយសារជំងឺនេះ។
នៅប្រទេសប្រេស៊ីល ការបន្តកើនឡើងខ្លាំងនៃករណីឆ្លងនេះ បាននាំឲ្យអាជ្ញាធរប្រកាសផ្អាកពិធីបុណ្យដើរក្បួន Carnival ដ៏ធំនៅទីក្រុង Rio de Janeiro ដែលតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែកុម្ភៈ ក្នុងពេលរដូវក្តៅនៅក្នុងប្រទេសនេះ។ ពិធីនេះជាទូទៅមានប្រជាជនរាប់លាននាក់ចូលរួមដើររាំនៅតាមដងផ្លូវ។ នេះជាលើកទីមួយដែលពិធីបុណ្យដ៏ល្បីរបស់ប្រេស៊ីលនេះ ត្រូវបានផ្អាក។
ដោយឡែក ប្រទេសអង់គ្លេសវិញ បានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៦.៦៣៤ នាក់នៅថ្ងៃព្រហស្បតិ៍ តែមួយថ្ងៃប៉ុណ្ណោះ ដែលនេះជាចំនួនឆ្លងដ៏ច្រើនបំផុត ដែលកើតឡើងប្រចាំថ្ងៃចាប់តាំងពីជំងឺនេះរាតត្បាតពីដំបូងនៅទីនោះ។ អាជ្ញាធរអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ក៏ចាប់តម្រូវឲ្យហាង និងបារលក់ស្រាបៀរ ត្រូវបិទត្រឹមម៉ោង ១០ យប់។
ចំណែកនៅប្រទេសឥណ្ឌូណេស៊ីវិញ ក្រុមការងារប្រយុទ្ធជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យសាធារណជនបន្តប្រយ័ត្នប្រយែង និងគោរពតាមការណែនាំសុខាភិបាល ខណៈមានការកើនករណីឆ្លងថ្មីនៅទីនោះ។ អភិបាលក្រុងហ្សការតាក៏បានពន្យារវិធានការរឹតត្បិតសង្គមនៅទីនោះរហូតដល់ថ្ងៃទី១១ ខែតុលា ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យ មានលទ្ធភាពព្យាបាលអ្នកជំងឺ។
ចំណែកប្រទេសអ៊ីស្រាអែលវិញ នៅក្នុងថ្ងៃសុក្ របានចាប់ផ្តើមវិធានការបិទប្រទេសទាំងស្រុងជាថ្មីវិញរយៈពេល ២ សប្តាហ៍ ក្រោយពីករណីឆ្លងកូវីដ១៩ នៅទីនោះ បានកើនឡើងយ៉ាងគំហុកវិញ៕