លោក J.B. ដែលមិនចង់ប្រាប់ឈ្មោះពិតរបស់លោក បានប្រាប់ VOA ថា ជីវិតក្នុងសហរដ្ឋអាមេរិកអស្ចារ្សណាស់។ លោកបានធ្វើការជាសាស្រ្តាចារ្យគោលចរណ៍ឲ្យមហាវិទ្យាល័យអាមេរិកាំង។
លោកបាននិយាយថា «ខ្ញុំសប្បាយចិត្តណាស់ដែលកំពុងធ្វើការជាមួយសាកលវិទ្យាល័យរបស់ខ្ញុំ។ ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ។ ខ្ញុំស្រឡាញ់និស្សិតនិងមហាវិទ្យាល័យរបស់ខ្ញុំដែលខ្ញុំធ្វើការ»។
រហូតមកទល់ឥឡូវនេះ លោក J.B. បានត្រូវគេអនុញ្ញាតឲ្យធ្វើការដោយប្រើទិដ្ឋាការនិស្សិត ហើយសាកលវិទ្យាល័យរបស់លោកបានផ្តល់ការងាររយៈពេលយូរ ប្រសិនបើ លោកអាចទទួលបានទិដ្ឋាការធ្វើការងារ។ ក៏ប៉ុន្តែ លោកមិនខ្លាចការដាក់ពាក្យសុំរបស់លោកនឹងមិនបានទទួលការយល់ព្រមនោះទេ។
ការភ័យខ្លាចរបស់លោក J.B. មានហេតុផលត្រឹមត្រូវ នេះបើតាមមេធាវីអន្តោប្រវេសន៍៣នាក់ដែលបានប្រាប់ VOA ថា ពួកគេលោក បានឃើញករណីទាំងនេះដែលការផ្តួចផ្តើមរបស់រដ្ឋបាលលោក ត្រាំ កំពុងទប់ស្កាត់ជនអន្តោប្រវេសន៍ត្រឹមត្រូវតាមច្បាប់មកពីគ្រប់ទីកន្លែងទាំងអស់។
លោក Shabnam Lotfi មេធាវីអន្តោប្រវេសន៍បាននិយាយថា «គ្មាននរណាម្នាក់ដឹងថា នឹងមានអ្វីកើតមានឡើងទេ។ ពួកមន្រ្តីមានអារម្មណ៍ច្របូកច្របល់។ អ្នកដាក់ពាក្យសុំមានអារម្មណ៍ច្របូកច្របល់។ មេធាវីមិនដឹងថាតើនឹងមានអ្វីកើតមានឡើង។ វាមានភាពស្មុគ្រស្មាញណាស់។ ខ្ញុំគិតថា វាមានដំណើរការមិនប្រក្រតីនៅថ្នាក់ជាតិ។
ច្បាស់ជាងនេះទៀត លោកស្រី Jennifer Minear ដែលជាមេធាវីរបស់លោក J.B.និយាយថា សេវាកម្មចូលសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) បានចាប់ផ្តើមបដិសេធពាក្យសុំសម្រាប់អ្នកដែលសង្ឃឹមថា នឹងផ្លាស់ប្តូរឋានៈពីប្រភេទទិដ្ឋាការនិស្សិតប្រភេទ F-1 ទៅប្រភេទទិដ្ឋាការងារ H-1B បើពួកគេទទួលបានអ្វីដែលសេវាកម្មចូលសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) បានចាត់ទុកជាថា ការបណ្តុះបណ្តាលជាក់ស្តែងជាង១២ខែក្នុងអំឡុងនៃកម្មវិធីទទួលសញ្ញាប័ត្រនោះ។
យោងតាមមន្រ្តីសេវាកម្មចូលសញ្ជាតិនិងអន្តោប្រវេសន៍អាមេរិក (USCIS) ដែលបានថ្លែងប្រាប់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ទីភ្នាក់ងារនោះបានសើរើពិនិត្យមើលឡើងវិញនូវគោលនយោបាយនិងបទប្បញ្ញត្តិមួយចំនួនដើម្បីផ្លាស់ប្តូរបទបញ្ជាប្រធានាធិបតីរបស់ប្រធានាធិបតី «ទិញរបស់អាមេរិក ជួលជនជាតិអាមេរិកាំង»។
ក៏ប៉ុន្តែ មនុស្សដូចជាលោក J.B. ដែលបានធ្វើតាមបទប្បញ្ញត្តិនិងច្បាប់អន្តោប្រវេសន៍កំពុងស្ថិតក្នុងស្ថានភាពដ៏ស្មុគ្រស្មាញមួយ។
បន្ទាប់ពីបញ្ចប់ការសិក្សារបស់លោកក្នុងមុខវិជ្ជាសង្គមវិជ្ជានិងសេដ្ឋកិច្ច លោកបានដាក់ពាក្យសុំកម្មវិធីបណ្តុះបណ្តាលជំនាញការងារសម្រាប់និស្សិតបរទេសសិក្សានៅសហរដ្ឋអាមេរិកឬ Optional Practical Training (OPT) ដែលអនុញ្ញាតឲ្យនិស្សិតអន្តរជាតិមានទិដ្ឋាការប្រភេទ F1 ធ្វើការពេញម៉ោងនៅក្នុងសហរដ្ឋអាមេរិករហូតដល់មួយឆ្នាំក្នុងជំនាញដែលទាក់ទិននឹងការសិក្សារបស់ពួកគេ បន្ទាប់ពីការបញ្ចប់ការសិក្សា។ ក្នុងឋានៈជានិស្សិត លោក J.B បានធ្វើការនៅក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញក្នុងពេលកំពុងសិក្សាឬ Curricular Practical Training (CPT)។
ការធ្វើការស្របច្បាប់ក្នុងជំនាញរបស់លោកនៅក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញការងារសម្រាប់និស្សិតបរទេសសិក្សានៅសហរដ្ឋអាមេរិកឬ Optional Practical Training (OPT) និងកម្មវិធីបណ្តុះបណ្តាលជំនាញក្នុងពេលកំពុងសិក្សាឬ Curricular Practical Training (CPT) បានធ្វើឲ្យលោក J.B មានរយៈពេល១២ខែ សម្រាប់ការបណ្តុះបណ្តាញជំនាញដែលនឹងស្របទៅតាមគោលការណ៍អន្តោប្រវេសន៍នៅពេលបច្ចុប្បន្ននេះ។ ទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់លោកមានការព្រួយបារម្ភថា នីតិវិធីថ្មីត្រូវបានរៀបចំឡើងដែលនឹងធ្វើឲ្យការដាក់ពាក្យសុំដែលអាចទទួលការយល់ព្រមកាលពីពេលមុនក្លាយទៅជាការដាក់ពាក្យដែលមិនអាចទទួលយល់ព្រមទៅវិញ។
ទោះជាមិនមានការប្រកាសឲ្យដឹងក៏ដោយ លោកស្រី Minear បាននិយាយថា សេវាកម្មចូលសញ្ជាតិនិងអន្តោប្រវេសន៍អាមេរិក (USCIS) បានចាប់ផ្តើមបដិសេធសំណើផ្លាស់ប្តូរឋានៈភាពសម្រាប់និស្សិតមានប្រភេទទិដ្ឋាការ F-1 ដែលបានធ្វើការអស់រយៈពេលជាង១២ខែ។
លោកស្រីបាននិយាយទៀតថា៖ «ដូច្នេះ USCIS កំពុងប្រាប់នរណាដែលឋានៈភាពរបស់គេត្រូវបាន USCIS យល់ព្រមរួចហើយនោះថា ពួកគេបានធ្វើខុសក្នុងការផ្តល់ការ យល់ព្រមដល់ឋានៈភាពនោះ។ ហើយជាលទ្ធផល បុគ្គលនោះនៅពេលឥឡូវនេះនឹងអស់ឋានៈភាពហើយត្រូវតែចាកចេញពីសហរដ្ឋអាមេរិកមុនការចាប់ផ្តើមការងារដែលមិនមាននរណានឹងមិនយល់ព្រមថា ជននោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានឋានៈភាពនោះ ហើយបានបំពេញទៅតាមលក្ខខណ្ឌសម្រាប់ឋានៈភាពទិដ្ឋាការប្រភេទ H-1B។ វាជារឿងក្រឡាប់ចាក់មួយ»។
អ្នកនាំពាក្យសេវាកម្មចូលសញ្ជាតិនិងអន្តោប្រវេសន៍អាមេរិក USCIS ដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា «បើ និស្សិតនោះទទួលបានកម្មវិធីបណ្តុះបណ្តាលជំនាញក្នុងពេលកំពុងសិក្សាឬ Curricular Practical Training (CPT)សម្រាប់រយៈពេល១ឆ្នាំឬច្រើនជាងនោះ រួចហើយ និស្សិតនោះមិនមានលទ្ធភាពក្រោយកម្មវិធីបណ្តុះបណ្តាលជំនាញការងារសម្រាប់និស្សិតបរទេសសិក្សានៅសហ រដ្ឋអាមេរិកឬ Optional Practical Training (OPT) ទេ។ ខណៈដែលរដ្ឋបាលរបស់លោកត្រាំបានគាំទ្រច្បាប់ដែលនឹងកាត់បន្ថយជនអន្តោប្រវេសន៍ស្របច្បាប់ វិធានការនោះបានបរាជ័យនៅក្នុងសភាសហរដ្ឋអាមេរិក។ ក្នុងខណៈនោះដែរ ពួកមន្រ្តីអាចប្រើការណែនាំខាងរដ្ឋបាលដើម្បីផ្លាស់ប្តូររបៀបដែលពួកមន្រ្តីអន្តោប្រវេសន៍ចាត់ការរឿងក្តីនិងការដាក់ពាក្យសុំនោះ។
រដ្ឋបាលរបស់លោក ត្រាំ នៅតែព្យាយាមរឹតបន្តឹងច្បាប់សុំសិទ្ធិជ្រកកោនជាបន្ត។
លោក Jeff Sessions រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិក កាលពីពេលថ្មីៗនេះបានសម្រេចថា ជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ មិនអាចទទួលបានសិទ្ធិជ្រកកោនទេ។ ក្រោយមក សេវាកម្មចូលសញ្ជាតិនិងអន្តោប្រវេសន៍អាមេរិក (USCIS) បានពង្រីកការសម្រេចនោះដោយរួមបញ្ចូលទាំងជនរងគ្រោះនៃអំពើហិង្សាដោយជនអន្ធពាល ជាហេតុផលដែលសំអាងដោយជនអន្តោប្រវេសន៍ជាច្រើនដែលរត់គេចខ្លួនពីការបង្ហូរឈាមក្នុងតំបន់អាមេរិកកណ្តាល។
លោកស្រី Minear និយាយទៀតថា មានសេចក្តីណែនាំដ៏ច្បាស់លាស់មកពីរដ្ឋបាលនេះដើម្បីធ្វើឲ្យប្រាកដថា រាល់ពាក្យសុំត្រូវតែពិនិត្យឆេកឆេរដោយផ្តោតលើការបដិសេធនេះ។
លោកស្រីនិយាយទៀតថា៖ «មិនមានអ្វីខុសទេដើម្បីស្វែងរកការបន្លំហើយធ្វើឲ្យប្រាកដថា ការបន្លំមិនមាននៅទីនោះ ក៏ប៉ុន្តែ យើងចាំបាច់អនុវត្តច្បាប់នៅពេលដែលច្បាប់មានដើម្បីផ្តល់ការយល់ព្រមការដាក់ពាក្យសុំដែលមានភាពត្រឹមត្រូវហើយរដ្ឋបាលនេះមិនគិតគូរអំពីរឿងនេះទាល់តែសោះ»។
តាមការវិភាគរបស់កាសែត Washington Post ពីទិន្នន័យរបស់ក្រសួងការបរទេសបានប្រាប់ឲ្យដឹងថា ចំនួនមនុស្សដែលទស្សនាសហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន១២ភាគរយនៅក្នុងការកាន់ដំណែងរយៈពេល២ឆ្នាំដំបូងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
ប្រទេសយ៉េមែន ស៊ីរី អ៊ីរ៉ង់ លីប៊ី និងប្រទេសសូម៉ាលី ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត បណ្តាលមកពីការហាមឃាត់ការធ្វើដំណើរ។ កាសែតនោះបានរាយការណ៍ទៀតថា មានការធ្លាក់ចុះពួកទេសចរណ៍និងជនអន្តោប្រវេសន៍ចំនួន៨១ភាគរយមកពីប្រទេសទាំងនោះនៅចុងឆ្នាំសារពើពន្ធ២០១៧។
រដ្ឋបាលរបស់លោកត្រាំ ក៏បានប្រកាសផែនការលប់ចោលលិខិតអនុញ្ញាតឲ្យធ្វើការរបស់អ្នកកាន់ប្រភេទទិដ្ឋាការ H-4 ដែលត្រូវទុកសម្រាប់ប្តីឬប្រពន្ធរបស់អ្នកកាន់ប្រភេទធ្វើការងារ H-1B។
នៅឆ្នាំ២០១៥ រដ្ឋបាលរបស់ប្រធានាធិបតី អូបាម៉ា បានអនុញ្ញាតឲ្យប្រភេទទិដ្ឋាការ H-4s ធ្វើការងារបាន។ អ្នកកាន់ប្រភេទទិដ្ឋាការនោះប្រហែល៩ម៉ឺន១ពាន់នាក់ ភាគច្រើននៃអ្នកទាំងនោះជាប្តីប្រពន្ធមានជំនាញបានឆ្លៀតយកឱកាសនោះ។សេវាកម្មចូលសញ្ជាតិនិងអន្តោប្រវេសន៍អាមេរិក (USCIS) មិនទាន់បានធ្វើការសម្រេចចុងក្រោយអំពីលិខិតធ្វើការងារ H-4 នោះទេ។
VOA បានផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោក J.B. និងមហាវិទ្យាល័យដែលជួលលោកធ្វើការ។ លោកនិងមហាវិទ្យាល័យនោះសុំកុំឲ្យ VOA បញ្ចេញអត្តសញ្ញាណរបស់ពួកគេដើម្បីបញ្ចៀសភាពគ្រោះថ្នាក់ដល់ឱកាសរបស់លោក J.B. ដើម្បីទទួលទិដ្ឋាការប្រភេទH-1B។ បើសិនជាលោកមិនទទួលបានទិដ្ឋាការប្រភេទ H-1Bទេលោកនឹងត្រូវចាកចេញពីសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ លោកអាចត្រូវបានគេសុំឲ្យចាកចេញ ប្រសិនបើសេវាកម្មចូលសញ្ជាតិនិងអន្តោប្រវេសន៍អាមេរិក (USCIS) កំណត់ថា លោកបានរំលោភឋានៈ ភាពប្រភេទទិដ្ឋាការ F-1 របស់លោក។ បើសិនជាមានករណីនេះកើតឡើង សេវាកម្មចូលសញ្ជាតិនិងអន្តោប្រវេសន៍អាមេរិក (USCIS) មិនអាចផ្លាស់ប្តូរឋានៈភាពរបស់លោកទៅប្រភេទទិដ្ឋាការការងារទេ ខណៈដែលលោកស្ថិតនៅក្នុងសហរដ្ឋអាមេរិកនោះ។
លោកស្រី Minear និយាយថា៖ «ប្រសិនបើ លោក J.B. មិនបានទទួលការអនុញ្ញាតឲ្យផ្លាស់ប្តូរឋានៈភាពនៅក្នុងសហរដ្ឋអាមេរិកទេ លោកត្រូវតែធ្វើឲ្យការដាក់ពាក្យសុំបានទទួលការយល់ព្រម លោកត្រូវចាកចេញពីសហរដ្ឋអាមេរិកដើម្បីឲ្យទទួលបានការបោះត្រាលើទិដ្ឋាការប្រភេទ H-1B ហើយនឹងចូលក្នុងសហរដ្ឋអាមេរិកវិញដើម្បីឲ្យប្រភេទទិដ្ឋាការ H-1B ថ្មីនោះមានសុពលភាពហើយចាប់ផ្តើមធ្វើការ។
មន្រ្តីមហាវិទ្យាល័យម្នាក់បានប្រាប់ VOA ថា ការបដិសេធមិនអនុញ្ញាតឲ្យលោក J.B. ត្រឡប់ចូលក្នុងសហរដ្ឋអាមេរិកវិញ អាចប៉ះពាល់ដល់និស្សិតនិងសាស្រ្តាចារ្យផ្សេងទៀត នៅពេលដែលបន្ទុកការងារ នឹងត្រូវធ្លាក់ទៅលើគ្រូបង្រៀននានា។ ថ្នាក់រៀនថែមទាំងអាចត្រូវផ្អាកទៀតផង។
មន្រ្តីម្នាក់បាននិយាយនៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទថា៖ «យើងបានជួលគាត់ ពីព្រោះគាត់ជាបេក្ខជនមានគុណសម្បត្តិខ្លាំងបំផុត»។
លោកស្រី Minear បាននិយាយទៀតថា ពួកគេរំពឹងថានឹងបានទទួលដំណឹងពីមន្រ្តីអន្តោប្រវេសន៍នៅក្នុងរយៈពេល២សប្តាហ៍ទៀត។
លោក J.B. និយាយថា៖ «ខ្ញុំមានជីវិត ឆ្កែ ប្រាក់សន្សំនិងផ្ទះរបស់ខ្ញុំនៅទីនេះ។ នេះជាផ្ទះរបស់ខ្ញុំ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន