លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារថា ការបិទរដ្ឋាភិបាលនៅចុងឆ្នាំនេះអាចជាការខាតបង់តូចមួយ ដើម្បីបង្ខំឲ្យសភាអនុម័តទៅវិធានការតឹងរ៉ឹងជាងមុនពាក់ព័ន្ធនឹងច្បាប់អន្តោប្រវេសន៍។
លោក ត្រាំ បានសរសេរនៅលើទំព័រ Twitter របស់លោកថា៖ «ខ្ញុំមិនខ្វល់ពីផលប៉ះពាល់ទៅលើនយោបាយនោះទេ។ ច្បាប់អន្តោប្រវេសន៍និងសន្តិសុខតាមព្រំដែនរបស់យើងស្ថិតក្នុងគ្រោះមហន្តរាយទាំងស្រុងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយមិនមានវិធីណាដែលពួកគណបក្សប្រជាធិបតេយ្យអនុញ្ញាតឲ្យមានការកែកុនបញ្ហានេះបាន ដោយពុំចាំបាច់ត្រូវបិទរដ្ឋាភិបាលនោះទេ។
លោកបានថ្លែងថា៖ «សន្តិសុខព្រំដែនគឺជាសន្តិសុខជាតិ ហើយសន្តិសុខជាតិគឺជាជោគជ័យយូរអង្វែងរបស់ប្រទេសជាតិរបស់យើង។ ហើយលោកបានបន្ថែមថា ការបិទរដ្ឋាភិបាលអាចនឹងនាំមកនូវសហរដ្ឋអាមេរិកដែលមានសុវត្ថិភាពនិងរុងរឿងមួយ។
នេះជាថ្ងៃទី៣ជាប់គ្នាហើយដែលលោក ត្រាំ បានដាក់គំនាបទៅលើសភាឲ្យយល់ព្រមទៅលើការទាមទាររបស់លោកឲ្យសាងសង់ជញ្ជាំងដ៏ចម្រូងចម្រាសនៅតាមព្រំប្រទល់រវាងអាមេរិកនិងប្រទេសម៉ិកស៊ិក ដើម្បីរារាំងជនអន្តោប្រវេសន៍ខុសច្បាប់។ ទោះជាយ៉ាងនេះក្តី ពីរដងមកហើយក្នុងខែមិថុនា ដែល សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនក្នុងសភាតំណាងរាស្ត្ររួមជាមួយនឹងសមាជិកគណបក្សប្រជាធិបតេយ្យដែលប្រឆាំងដាច់ខាតនោះ បានច្រានចោលការធ្វើកំណែទម្រង់បញ្ហាអន្តោប្រវេសន៍ដែលលោក ត្រាំ គាំទ្រ រួមបញ្ចូលទាំងថវិកា ២៥ពាន់លានដុល្លារដែលស្នើឡើងដើម្បីសាងសង់ជញ្ជាំងផងដែរ៕