ក្រុមអ្នកគាំទ្រជនអន្តោប្រវេសន៍កំពុងរៀបចំផែនការធ្វើបាតុកម្មរាប់រយកន្លែងនៅទូទាំងសហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍នេះដើម្បីតវ៉ាប្រឆាំងនឹងជំហរមិនអត់ឱនលើជនអន្តោប្រវេសន៍ខុសច្បាប់របស់ប្រធានាធិបតី ត្រាំ។
ពួកសកម្មជនក្រុមចម្រុះដែលលម្អៀងខាងឆ្វេងនិយម រួមមានក្រុមដែលរៀបចំដោយការដើរក្បួនរបស់ស្រ្តីដ៏ធំមួយកាលពី២ឆ្នាំមុន កំពុងជួយសម្របសម្រួលការធ្វើបាតុកម្មជាង៦០០កន្លែងនៅទូទាំងប្រទេសដែលពួកគេសង្ឃឹមថា អាចទាក់ទាញមនុស្សរាប់សែននាក់។
ពួកអ្នករៀបចំចាត់ចែងបាតុកម្មនេះបាននិយាយថា ពួកគេកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងមកពីមាតាដែលជំទាស់ប្រឆាំងដល់គោលនយោបាយនៃការបំបែកកូនចេញពីឪពុកម្តាយកាលពីពេលមុនរបស់រដ្ឋបាលលោក ត្រាំ នៅឯព្រំដែនសហរដ្ឋអាមេរិកនិងម៉ិចស៊ិច។ មាតាជាច្រើនម្នាក់ដែលស្ថិតនៅផ្ទះនឹងរៀបចំចាត់ចែងបាតុកម្មនៅថ្ងៃសៅរ៍នេះនៅក្នុងទីក្រុង Portland រដ្ឋ Oregon។
ការតវ៉ាប្រឆាំងត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងធំៗដូចជា រដ្ឋធានីវ៉ាស៊ីនតោន Los Angeles និងទីក្រុងញូយ៉ក និងសហគមន៍តូចៗនានានៅទូទាំងប្រទេស រួមមានសហគមន៍ Appalachia និងតំបន់កណ្តាលភាគខាងលិច។
ការតវ៉ាប្រឆាំងនៅថ្ងៃសៅរ៍នេះដែលត្រូវបានគេហៅថា រក្សាក្រុមគ្រួសារឲ្យនៅជួបជុំគ្នា កំពុងទទួលបានថវិកានិងការគាំទ្រមកពីអង្គការធំៗជាច្រើន រួមមានអង្គការសហ ភាពសេរីភាពស៊ីវិលនិងអង្គការ MoveOn.org។
នៅថ្ងៃសៅរ៍ដែរ តារាសម្តែងសិល្បៈជាច្រើននឹងចូលរួមការប្រគុំតន្រ្តីដើម្បីគាំទ្រការខំប្រឹងប្រែងធ្វើឲ្យជួបជុំក្រុមគ្រួសារដែលត្រូវបានគេបំបែកនៅឯព្រំដែនប្រទេសម៉ិចស៊ិចឡើងវិញ៕