ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​និង​ការពារ​ជាតិ​អាមេរិក​ធ្វើ​ដំណើរ​ដល់​ជប៉ុន ក្នុង​ដំណើរ​ទស្សនកិច្ច​ពង្រឹង​សម្ព័ន្ធភាព​នៅ​ទ្វីប​អាស៊ី


រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​ លោក Lloyd Austin ដើរ​ចុះ​ពី​យន្ដហោះ ខណៈ​ដែល​លោក​អញ្ជើញ​ទៅ​ដល់​មូលដ្ឋាន​ទ័ពផ្លូវ​អាកាស US Yokota ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​ លោក Lloyd Austin ដើរ​ចុះ​ពី​យន្ដហោះ ខណៈ​ដែល​លោក​អញ្ជើញ​ទៅ​ដល់​មូលដ្ឋាន​ទ័ពផ្លូវ​អាកាស US Yokota ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្នុង​គោល​បំណង​កៀរគរ​សម្ព័ន្ធមិត្ត​សំខាន់ៗ​នៅ​ទ្វីប​អាស៊ី​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ទាំង​ពីរ​រូប​ដែល​ធ្វើ​ដំណើរ​ដោយ​ឡែក​ពី​គ្នា​នេះ បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​ដែល​ជា​ប្រទេស​ទី​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ ដោយ​ពួកគេ​នឹង​ជួប​ពិភាក្សា​ជាមួយ​សមភាគី​របស់​ខ្លួន និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga នៅ​ថ្ងៃ​អង្គារ​នេះ។

មន្ត្រី​ទាំង​ពីរ​រូប​នេះ​នឹ​ង​ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ពុធ ហើយ​បន្ទាប់​មក លោក Austin នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឥណ្ឌា ចំណែក​ឯ​លោក Blinken នឹង​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​ដើម្បី​រៀបចំ​ទទួល​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ចិន។

នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​រួម​គ្នា​មួយ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​កាសែត Washington Post កាល​ពី​ថ្ងៃ​ចន្ទ លោក Austin និង​លោក Blinken បាន​លើក​ឡើង​ថា ពួកគេ​នឹង​សម្លឹង​ទៅ​រក «ការ​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ឡើង​វិញ​ជាមួយ​មិត្តភក្តិ​និង​ដៃគូ​របស់​សហរដ្ឋ​អាមេរិក»។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​មាន​គោល​បំណង​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ទប់ទល់​នឹង​ការ​ប្រឈម​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ចិន​ផងដែរ។

លោក​ទាំង​ពីរ​បាន​សរសេរ​ថា៖ «អំណាច​រួម​របស់​យើង​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​រឹងមាំ នៅ​ពេល​ដែល​យើង​ត្រូវ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ភាព​គឃ្លើន​និង​ការ​គំរាមកំហែង​របស់​ប្រទេស​ចិន»។

លោក​ទាំង​ពីរ​បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​នោះ​ថា៖ «ដោយ​ធ្វើការ​រួម​គ្នា យើង​នឹងធ្វើ​ឲ្យ​ប្រទេស​ចិន​ទទួល​ខុសត្រូវ នៅ​ពេល​ដែល​រដ្ឋាភិបាល​ចិន​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​តំបន់ Xinjiang និង​តំបន់​ទីបេ ច្រោះ​យក​ស្វ័យភាព​ទីក្រុង​ហុងកុង​ជា​ប្រព័ន្ធ ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កោះ​តៃវ៉ាន់​ចុះខ្សោយ ឬ​ក៏​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​នោះ»។

លោក​ទាំង​ពីរ​បាន​បន្ថែម​ថា៖ «ប្រសិនបើ​យើង​មិន​ធ្វើ​សកម្មភាព​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ដឹក​មុខ​នោះ​ទេ នោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ធ្វើ»៕

XS
SM
MD
LG