រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននិងកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃពុធ។
នេះគឺជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកទីមួយ នៃសមាជិកគណៈរដ្ឋមន្ត្រីរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden។
ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងឲ្យឃើញនូវក្តីបារម្ភកើនឡើងអំពីការប្រឈម ដែលបង្កឡើងដោយប្រទេសចិន និងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
លោក Blinken និងលោក Austin នឹងជួបប្រជុំក្នុងកិច្ចសន្ទនា ២+២ ជាមួយសមភាគីជប៉ុននិងកូរ៉េខាងត្បូង ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមីនា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកកំពុងសម្លឹងទៅរកការពង្រឹងចំណងទាក់ទងជាមួយសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន ស្របពេលដែលប្រទេសចិនកំពុងអនុវត្តនូវគោលនយោបាយការបរទេសកាន់តែខ្លាំងក្លា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត។
រួមជាមួយនឹងប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន រដ្ឋបាលរបស់លោក Biden ក៏នឹងត្រួតពិនិត្យឡើងវិញទាំងស្រុងផងដែរនូវគោលនយោបាយរបស់ខ្លួន ចំពោះប្រទេសកូរ៉េខាងជើង៕