ក្រុមអ្នកជំនាញនៃគណៈកម្មការផ្នែកបច្ចេកវិទ្យាមួយដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីដើមខែមីនា បានបញ្ចប់នូវការពិនិត្យវាយតម្លៃរយៈពេលបីឆ្នាំលើសមត្ថភាពផ្នែកបច្ចេកវិទ្យាបញ្ញានិម្មិតរបស់សហរដ្ឋអាមេរិក ដោយជំរុញឲ្យមានការបង្កើតជាយុទ្ធសាស្រ្តបច្ចេកវិទ្យាជាតិថ្មីមួយដើម្បីបន្តប្រកួតប្រជែងជាមួយនឹងចិន។
គណៈកម្មការសន្តិសុខជាតិផ្នែកបញ្ញានិម្មិត (NSCAI) របស់សហរដ្ឋអាមេរិកបានសិក្សាពីបែបផែនដែលបច្ចេកវិទ្យាបញ្ញានិម្មិត AI និងសមត្ថភាពបច្ចេកវិទ្យាម៉ាស៊ីនចេះរៀន (machine learning) អាចជួយបំពេញតម្រូវការផ្នែកសន្តិសុខ និងការពារជាតិរបស់សហរដ្ឋអាមេរិក។ គណៈកម្មការនេះស្នើឲ្យមានការចំណាយប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតលើការស្រាវជ្រាវ ធ្វើពិពិធកម្ម(ការពង្រីកប្រភព)ខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរបស់អាមេរិកសម្រាប់បន្ទះឈីប និងផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ដទៃទៀត ក៏ដូចជា ការធ្វើកំណែទម្រង់គោលនយោបាយអន្តោប្រវេសន៍ដើម្បីទាក់ទាញអ្នកស្រាវជ្រាវ និងអ្នកធ្វើការដែលមានទេពកោសល្យ។
ចំណាត់ការមួយចំនួនខាងលើនេះកំពុងតែធ្វើឡើងជាបណ្តើរៗហើយ។ អ្នកតាក់តែងច្បាប់អាមេរិកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យកំពុងតែផ្តោតលើមធ្យោបាយបន្ថែមទៀត ដើម្បីអាចបំពេញតម្រូវការការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាតទល់នឹងចិន បន្ទាប់ពីអស់រយៈពេលជាច្រើនឆ្នាំដែលក្រុមមន្រ្តីនិយាយថា ចិនបានធ្វើចារកម្មខាងពាណិជ្ជកម្ម និងបង្ខំឲ្យមានការផ្ទេរបច្ចេកវិទ្យាមកឲ្យខ្លួនដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួន។
កាលពីថ្ងៃទី០៤ ខែមីនា សមាជិកព្រឹទ្ធសភាមកពីគណបក្សធំៗទាំងពីរបានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយមានគោលដៅជួយជ្រោមជ្រែងរដ្ឋាភិបាលអាមេរិកពង្រឹងភាពជាដៃគូផ្នែកបច្ចេកវិទ្យាបន្ថែមទៀតជាមួយនឹងបណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីតតាំងនឹងការបោះជំហានទៅមុខរបស់ចិននៅក្នុងផ្នែកបច្ចេកវិទ្យាបញ្ញានិម្មិត បច្ចេកវិទ្យា 5G បច្ចេកវិទ្យា Quantum Computing និងផ្នែកបច្ចេកវិទ្យាផ្សេងៗទៀត។
សេចក្តីព្រាងច្បាប់នោះ ត្រូវបានដឹកនាំតាក់តែងដោយសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Virginia លោក Mark Warner ដែលជាអតីតសហគ្រិនផ្នែកបច្ចេកវិទ្យាមួយរូប ហើយនឹងបង្កើតជាការិយាល័យអន្តរទីភ្នាក់ងារថ្មីមួយនៅក្នុងក្រសួងការបរទេស ដែលផ្តោតលើការសម្របសម្រួលយុទ្ធសាស្រ្តបច្ចេកវិទ្យាជាមួយបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដទៃទៀត។ ច្បាប់នេះនឹងជួយបង្កើតមូលនិធិទំហំ ៥.០០០លានដុល្លារដើម្បីជួយទ្រទ្រង់គម្រោងស្រាវជ្រាវផ្សេងៗរវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។
មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាលោក Chuck Schumer កាលពីចុងខែកុម្ភៈ បានជំរុញឲ្យមានកិច្ចប្រឹងប្រែងនៅក្នុងជួរគណបក្សធំៗទាំងពីរ ដើម្បីបង្កើតជាសេចក្តីព្រាងច្បាប់មួយមានគោលដៅវិនិយោគលើបច្ចេកវិទ្យាថ្មីៗដែលប្រែក្លាយវិស័យ ដើម្បីតទល់នឹងចិន។
ដូចគ្នាផងដែរកាលពីចុងខែកុម្ភៈ លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីធ្វើការពិនិត្យវាយតម្លៃរយៈពេល ១០០ថ្ងៃទៅលើខ្សែសង្វាក់ផ្គត់ផ្គង់នៅលើសាកលលោក ដែលត្រូវបានប្រើប្រាស់ដោយវិស័យចម្បងចំនួនបួន ដើម្បីកំណត់ថា តើក្រុមហ៊ុនអាមេរិកកំពុងពឹងផ្អែកខ្លាំងពេកលើក្រុមហ៊ុនផ្គត់ផ្គង់ពីក្រៅប្រទេស ជាពិសេសពីប្រទេសចិនឬទេ។
លោក Schumer បានថ្លែងនៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ កាលពីថ្ងៃទី២៣ ខែកុម្ភៈថា៖ «ខ្ញុំចង់ឲ្យច្បាប់នេះបំពេញនូវផែនការរយៈពេលខ្លី និងរយៈពេលវែងរបស់សហរដ្ឋអាមេរិក ដើម្បីការពារខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប និងរក្សាតំណែងលេខមួយរបស់យើងនៅក្នុងផ្នែកបញ្ញានិម្មិត ប្រព័ន្ធអ៊ីនធឺណិត 5G បច្ចេកវិទ្យា Quantum Computing ការស្រាវជ្រាវផ្នែកជីវវេជ្ជសាស្រ្ត និងការផ្ទុក[ទិន្នន័យ]»។
លោក Schumer បានបន្តថា៖ «យើងមិនអាចពឹងផ្អែកលើគ្រឿងសម្ភារៈបរទេសសម្រាប់បន្ទះឈីបនោះទេ។ យើងមិនអាចបណ្តោយឲ្យប្រទេសចិននាំមុខយើងនៅក្នុងផ្នែកផលិតបន្ទះឈីបនោះទេ»។
ការគាំទ្រពីគណបក្សធំៗទាំងពីរសម្រាប់យុទ្ធសាស្រ្តបច្ចេកវិទ្យារបស់អាមេរិក
សំណើរបស់លោក Schumer គឺផ្អែកលើច្បាប់ Endless Frontier ដែលត្រូវបានអនុម័តឡើងដោយលោក Schumer ផ្ទាល់ និងសមាជិកព្រឹទ្ធសភាលោក Todd Young កាលពីចុងខែឧសភា។ ច្បាប់ Endless Frontier Act ស្វះស្វែងរកប្រាក់ចំនួន ១០០ពាន់លានដុល្លារ ដើម្បីជំរុញការស្រាវជ្រាវនៅក្នុងផ្នែកបច្ចេកវិទ្យាសំខាន់ៗ។ ទម្រង់ថ្មីនៃច្បាប់នេះនឹងដាក់បញ្ចូលនូវចំណាត់ការដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកផងដែរ នេះបើយោងទៅតាមលោក Young ដែលជាអ្នកជំរុញឲ្យមានការដាក់ចេញនូវច្បាប់នេះ។
លោក Young បានថ្លែងប្រាប់ VOA ភាសាចិនកុកងឺថា៖ «ការិយាល័យរបស់ខ្ញុំកំពុងធ្វើការជាមួយនឹងការិយាល័យរបស់សមាជិកព្រឹទ្ធសភាលោក Schumer និងសមាជិករដ្ឋបាលប្រធានាធិបតី ក៏ដូចជា សហការីគណបក្សសាធារណរដ្ឋមួយចំនួនរបស់ខ្ញុំ ដើម្បីព្យាយាម និងដាក់បញ្ចូលគោលនយោបាយជំរុញភាពរឹងប៉ឹង ផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ចូលទៅក្នុងច្បាប់ Endless Frontier Act»។
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ និងប្រធានគណៈកម្មការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភា លោក Bob Menendez បានប្រាប់ VOA ភាសាចិនកុកងឺថា លោកមានជំនឿថា សេចក្តីព្រាងច្បាប់នោះនឹងទទួលបានការគាំទ្រពីគណបក្សទាំងពីរ។
លោក Menendez បាននិយាយថា៖ «ពាក់ព័ន្ធនឹងបញ្ហាដ៏ទូលំទូលាយទាក់ទងនឹងប្រទេសចិន ខ្សែសង្វាក់ផ្គត់ផ្គង់គឺជាកត្តាមួយ។ ប៉ុន្តែយើងកំពុងតែស្វែងរកដំណោះស្រាយលើបញ្ហាធំជាងនេះពាក់ព័ន្ធនឹងរបៀបដែលយើងអាចប្រជែងនឹងប្រទេសចិន និងរបៀបយើងអាចតតាំងនឹងចិន។ ខ្ញុំគិតថា មានចំណុចច្រើនដែលយើងអាចយល់ស្របនិងសហការគ្នា។
លោកបានបន្ថែមថា លោកបានពិភាក្សាគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិនជាមួយនឹងរដ្ឋមន្រ្តីការបរទេសលោក Anthony Blinken ហើយក្រសួងការបរទេសកំពុងធ្វើការវាយតម្លៃពេញលេញមកលើគោលនយោបាយចំពោះប្រទេសចិននាពេលបច្ចុប្បន្ន។
លោក Menendez បានថ្លែងប្រាប់ VOA ថា៖ «មានការពិនិត្យវាយតម្លៃពេញលេញពីសំណាក់រដ្ឋាភិបាលពាក់ព័ន្ធនឹងប្រទេសចិន ដែលរឿងនេះ ខ្ញុំសាទរ»។
កិច្ចប្រឹងប្រែងស្រដៀងគ្នានេះកំពុងត្រូវបានធ្វើឡើងនៅសភាសហរដ្ឋអាមេរិក ជាទីដែលសមាជិកសភាពីគណបក្សសាធារណរដ្ឋជាច្រើនកំពុងជំរុញឲ្យសេតវិមានរក្សានូវគោលជំហរតឹងរ៉ឹងរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ចំពោះប្រទេសចិន។
អ្នកតំណាងរាស្ត្រលោក Greg Steube និងជាសមាជិកគណបក្សសាធារណរដ្ឋមកពីរដ្ឋ Florida បានដាក់ស្នើនូវច្បាប់ Keep Huawei on the Entity List Act កាលពីថ្ងៃទី៣ខែមីនា ដែលគោលនយោបាយនេះតម្រូវឲ្យមានការគ្រប់គ្រងលើការនាំចេញ និងរក្សាទុកនូវក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei នៅក្នុងបញ្ជីអង្គភាពដែលត្រូវឃ្លាំមើលរបស់ក្រសួងពាណិជ្ជកម្មអាមេរិក។
លោក Steube បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្រុមហ៊ុន Huawei គឺជាឧបករណ៍ដ៏ខ្លាំងក្លាមួយដែលគណបក្សកុម្មុយនីស្តចិនអាចប្រើសម្រាប់ចារកម្ម និងការបំផ្លិចបំផ្លាញ ដែលអាចមាន ប្រឆាំងនឹងសហរដ្ឋអាមេរិក»។
លោក James Lankford សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ Oklahoma បាននិយាយថា លោក និងសហការីបានពិភាក្សាជាមួយសេតវិមានអំពីការរក្សាគោលនយោបាយមួយចំនួនចំពោះប្រទេសចិន ដែលបន្តពីអាណត្តិលោកប្រធានាធិបតី Trump។
លោកបានថ្លែងប្រាប់ VOA ថា៖ «យើងចង់ធ្វើឲ្យច្បាស់ថា គោលនយោបាយទាំងនោះមិនគួរត្រូវបានបោះបង់ចោលដោយសារតែមានឈ្មោះលោក Trump នៅលើនោះនោះទេ។ ប្រសិនបើគោលនយោបាយទាំងនោះជាគោលនយោបាយល្អ គោលនយោបាយទាំងនោះគួរតែត្រូវបានរក្សាទុក»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា