ប្រមុខការពារជាតិមកពីប្រទេសចំនួន ១២ រួមទាំងសហរដ្ឋអាមេរិកផង បានចេញសេចក្តីថ្លែងការណ៍រួមគ្នាក៏កម្រមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយថ្កោលទោសទៅលើការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បង្ក្រាបទៅលើក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដែលគ្មានអាវុធក្នុងដៃ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍នេះលើកឡើងថា «យោធាមានវិជ្ជាជីវៈគោរពតាមស្តង់ដារអន្តរជាតិក្នុងប្រតិបត្តិការរបស់ខ្លួន និងទទួលខុសត្រូវចំពោះការការពារ មិនមែនបង្កគ្រោះថ្នាក់ដល់ប្រជាជនដែលខ្លួនបម្រើនោះទេ»។
សេចក្តីថ្លែងការណ៍នេះបន្ថែមទៀតថា «យើងជំរុញឱ្យកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា និងធ្វើការស្តារឡើងវិញនូវការគោរព និងទំនុកចិត្តពីពលរដ្ឋមីយ៉ាន់ម៉ា ដែលកងកម្លាំងនេះបានបាត់បង់តាមរយៈសកម្មភាពរបស់ខ្លួននោះ»។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយប្រមុខការពារជាតិនៃប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក អ៊ីតាលី ជប៉ុន ហូឡង់ កូរ៉េខាងត្បូង និងប្រទេសនូវែលសេឡង់ បន្ទាប់ពីមានអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ កន្លងទៅ។
មនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ខណៈពេលដែលរបបសឹកយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគាំទ្រដោយប៉ូលិស បានបន្តការបង្ក្រាបដ៏ឃោរឃៅនៅទូទាំងប្រទេស ទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងទិវាកងកម្លាំងប្រដាប់អាវុធ ដែលជាថ្ងៃតវ៉ាដែលមានមនុស្សស្លាប់ច្រើនបំផុត ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងមក។
ជាប្រតិកម្មចំពោះការសម្លាប់អ្នកប្រឆាំងតវ៉ាកាលពីថ្ងៃសៅរ៍នោះ អ្នកនាំពាក្យរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា លោក Guterres «ថ្កោលទោសយ៉ាងខ្លាំងទៅលើការសម្លាប់ជនស៊ីវិលរាប់សិបនាក់ ដែលក្នុងនោះរួមទាំងកុមារនិងមនុស្សវ័យក្មេងផងដែរ ដោយកងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា» ហើយជំរុញឱ្យយោធាបញ្ចៀសអំពើហិង្សានិងការគាបសង្កត់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅ។
សារព័ត៌មានMyanmar Now បានរាយការណ៍កាលពីយប់ថ្ងៃសៅរ៍ថា អ្នកស្លាប់នៅទូទាំងប្រទេសមានចំនួនយ៉ាងហោចណាស់ ១១៤ នាក់ ដោយក្នុងនោះ យ៉ាងហោចណាស់មនុស្ស ២៩ នាក់ត្រូវបានសម្លាប់នៅទីក្រុង Mandalay នៅភាគខាងជើង រួមទាំងទាំងក្មេងប្រុសម្នាក់ដែលមានអាយុ ៥ ឆ្នាំផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន AP បានស្រង់សម្តីរបស់អ្នកស្រាវជ្រាវឯករាជ្យម្នាក់ក្នុងទីក្រុងរ៉ង់ហ្គូន ដែលបានអះអាងថា អ្នកស្លាប់មានចំនួន ១០៧ នាក់។ ចំនួនទាំងពីរនេះលើសពីចំនួនដែលសកម្មជនបានរាយការណ៍ កាលពីពេលមុនថា មានមនុស្សស្លាប់ចំនួន ៩០ នាក់ កាលពីថ្ងៃទី១៤ ខែមីនា។
កងកម្លាំងសន្តិសុខបានសម្លាប់ជនស៊ីវិលនៅក្នុងតំបន់ Sagaing នៃភូមិភាគកណ្តាល ទីក្រុង Lashio នៅភាគខាងកើត និងតំបន់ Bago នៅភាគខាងត្បូងក្បែរទីក្រុងរ៉ង់ហ្គូន និងនៅផ្នែកផ្សេងៗទៀតនៅក្នុងប្រទេស។ នេះបើយោងទៅលើការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានមួយចំនួន។
លោក Thu Ya Zaw ពលរដ្ឋម្នាក់រស់នៅក្នុងទីក្រុង Myingyan ជាទីដែលបាតុករពីរនាក់ត្រូវបានសម្លាប់នោះ បាននិយាយថា «ពួកគេបានបាញ់សម្លាប់ពួកយើងដូចសត្វស្លាប ឬសត្វមាន់ សូម្បីតែនៅក្នុងផ្ទះរបស់យើងក្តី។ យើងនឹងបន្តធ្វើការតវ៉ា មិនថាមានរឿងអ្វីកើតឡើងនោះទេ។ យើងត្រូវតែប្រយុទ្ធរហូតទាល់តែរដ្ឋាភិបាលយោធាបរាជ័យ»។
រដ្ឋាភិបាលយោធាបានបង្កើនការប្រើប្រាស់កម្លាំង ដែលអាចធ្វើឱ្យមនុស្សស្លាប់កាលពីថ្ងៃសៅរ៍ ដោយបានប្រើប្រាស់យន្តហោះចម្បាំង ដើម្បីធ្វើការវាយប្រហារតាមអាកាសទៅក្នុងតំបន់ក្បែរព្រំដែនថៃ ដែលគ្រប់គ្រងដោយក្រុមប្រដាប់ដោយអាវុធ ដែលប្តេជ្ញាផ្តួលរំលំរដ្ឋប្រហារយោធា។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
សហភាពជាតិ Karen (KNU) ដែលជាក្រុមនយោបាយប្រដាប់ដោយអាវុធមួយ បាននិយាយថា យន្តហោះចម្បាំងបានវាយប្រហារភូមិ Day Pu Noe នៅម៉ោងប្រមាណ ៨ យប់ (ម៉ោងក្នុងស្រុក) ដោយបានសម្លាប់មនុស្សពីរនាក់ និងបង្ខំប្រជាពលរដ្ឋរត់ភៀសខ្លួនទៅកន្លែងផ្សេង។
សហភាពជាតិ Karen (KNU) បាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា ខ្លួនបានសម្លាប់ទាហាន ១០ នាក់ រួមទាំងវរសេនីយ៍ទោមួយរូបផងដែរ នៅពេលខ្លួនវាយដណ្តើមយកបន្ទាយទាហានមួយ។
រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនបានឆ្លើយតបចំពោះការស្នើសុំឱ្យធ្វើអត្ថាធិប្បាយចំពោះការសម្លាប់ជនស៊ីវិល ឬរបាយការណ៍ពីការសម្លាប់ទាហានដោយសហភាពជាតិ Karen (KNU) នៅបន្ទាយទាហាននោះទេ។
នៅក្នុងការសម្តែងបង្ហាញពីកម្លាំងមួយ របបយោធាមីយ៉ាន់ម៉ានេះ បានរៀបចំការហែក្បួនដ៏ធំសម្បើមមួយនៅក្នុងរដ្ឋធានីណៃពិដោកាលពីថ្ងៃសៅរ៍ ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៦ ដែលជាការរំឭកដល់ការចាប់ផ្តើមការតស៊ូប្រឆាំងក្នុងស្រុក ទៅលើការគ្រប់គ្រងរបស់ប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទី២នោះ៕