កងកម្លាំងសន្ដិសុខមីយ៉ាន់ម៉ាបានបាញ់ប្រហារនៅរោងបុណ្យសពមួយកន្លែងកាលពីថ្ងៃអាទិត្យ ខណៈដែលពលរដ្ឋនៅទូទាំងប្រទេសជួបជុំគ្នាដើម្បីកាន់ទុក្ខសពជនរងគ្រោះចំនួន ១១៤ នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅក្នុងការបង្ក្រាបដ៏អាក្រក់បំផុតទៅលើបាតុកម្មនានា ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈមក។ នេះបើយោងតាមការបញ្ជាក់របស់សាក្សីមួយចំនួន។
អ្នកកាន់ទុក្ខបាននាំគ្នារត់គេចខ្លួនពីរោងបុណ្យសពរបស់និស្សិតម្នាក់ឈ្មោះ Thae Maung Maung អាយុ ២០ ឆ្នាំនៅឯក្រុង Bago ដែលស្ថិតនៅក្បែរទីក្រុងរ៉ង់ហ្គូន។
គេនៅមិនទាន់ដឹងភ្លាមៗពីចំនួនជនរងគ្រោះនៅក្នុងហេតុការណ៍បាញ់បោះនោះនៅឡើយទេ។ នេះបើយោងតាមសាក្សីបីនាក់នៅក្នុងក្រុងនោះដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
មកទល់នឹងពេលនេះ មានជនស៊ីវិលចំនួនជាង ៤៤០ នាក់ហើយដែលត្រូវបានរាយការណ៍ថាត្រូវបានសម្លាប់ ចាប់តាំងពីមានរដ្ឋប្រហារយោធាមក។
ប្រទេសមួយចំនួន ដែលរួមមានទាំងសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងសហភាពអឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានេះ៕