អភិបាលក្រុងតូក្យូប្រទេសជប៉ុន អ្នកស្រី Yuriko Koike កាលពីថ្ងៃពុធបានសើ្នឲ្យអ្នកក្រុងតូក្យូកុំចេញពីគេហដ្ឋានក្នុងអំឡុងពេលបុណ្យឈប់សម្រាករដូវក្តៅចុងសប្តាហ៍រយៈពេល៤ថ្ងៃ ខណៈដែលករណីឆ្លងកូវីដ១៩នៅក្នុងរាជធានីរបស់ជប៉ុននេះបានកើនឡើងលើស១០.០០០ករណី។
ក្នុងសន្និសីទព័ត៌មានមួយ អ្នកស្រីអភិបាលក្រុងបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រកំពុងព្យាយាមកំណត់ថា តើចំនួនករណីឆ្លងកើនឡើងនេះជាការផ្ទុះរាតត្បាតលើកទី២ឬយ៉ាងណា ប៉ុន្តែអ្នកក្រុងគួរត្រៀមខ្លួនចំពោះករណីរាតត្បាតលើកទី២។
អាជ្ញាធរតូក្យូកាលពីថ្ងៃពុធបានរាយការណ៍ពីករណីឆ្លងថ្មីប្រចាំថ្ងៃចំនួន២៣៨ករណី ដែលជាចំនួនលើស២០០ករណីជាប់ៗគ្នាពីរថ្ងៃ។
បុណ្យឈប់សម្រាកបួនថ្ងៃនៅចុងសប្តាហ៍នេះត្រូវអាជ្ញាធរជប៉ុនបង្កើតឡើងជំនួសឲ្យព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ២០២០ ដែលដំបូងឡើងគ្រោងត្រូវចាប់ធ្វើឡើងនៅទីក្រុងតូក្យូពីថ្ងៃសុក្រទី២៤ ខែកក្កដានេះ ប៉ុន្តែត្រូវបានពន្យារពេលដល់ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ១៩៕