ចំនួនអ្នកឆ្លងវីរុសដែលបង្កជំងឺកូវីដ១៩ដែលត្រូវបានរាយការណ៍សរុបនៅទូទាំងពិភពលោកមកដល់ថ្ងៃពុធ បានកើនដល់ជាង១៥លាននាក់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ចំណែកចំនួនអ្នកស្លាប់សរុបពីជំងឺកូវីដ១៩ បានកើនឡើងដល់ ៦១៨.០០០ នាក់ បើតាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins។
ការបន្តកើនឡើងនេះកើតមានឡើងខណៈដែលប្រទេសជាច្រើននៅមានការខ្វែងគំនិតគ្នាពីរបៀបនៃការឆ្លើយតបនឹងវិបត្តិសុខភាពនេះ។
នៅសហរដ្ឋអាមេរិក ទិន្នន័យផ្សាយដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC កាលពីថ្ងៃអង្គារបង្ហាញថាតួលេខនៃអ្នកឆ្លងកូវីដ១៩ពិតប្រាកដនៅតំបន់ខ្លះរបស់សហរដ្ឋអាមេរិក អាចមានចំនួនពីរដងរហូតដល់១៣ដងលើសចំនួនដែលត្រូវបានអាជ្ញាធររាយការណ៍ជាផ្លូវការ។
នៅប្រទេសប្រេស៊ីល ដែលមានទាំងករណីឆ្លងនិងស្លាប់ពីកូវីដ១៩ ច្រើនជាងគេទី២ក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក មន្ត្រីសុខាភិបាលកាលពីថ្ងៃអង្គារបានអនុញ្ញាត ឲ្យមានការធ្វើតេស្តលើមនុស្សនូវវ៉ាក់សាំងកូវីដ១៩មួយដែលត្រូវបានស្រាវជ្រាវផលិតរួមគ្នាដោយក្រុមហ៊ុនអាមរិកនិងអាល្លឺម៉ង។
នៅប្រទេសអូស្ត្រាលី អាជ្ញាធរនៅក្រុងទីក្រុង Melbourne កាលពីថ្ងៃពុធបានតម្រូវឲ្យពលរដ្ឋពាក់ម៉ាស់ឬក្រណាត់គ្របមាត់និងច្រមុះ ខណៈដែលករណីឆ្លងកូវីដ១៩នៅទីនោះបន្តកើនឡើងខ្លាំង។ អ្នកក្រុង Melbourne នៅពេលនេះអាចចេញទៅក្រៅផ្ទះបានតែក្នុងករណីទៅធ្វើការ ទៅសាលារៀន ទៅហាត់ប្រាណ និងសម្រាប់កិច្ចការចាំបាច់ប៉ុណ្ណោះ។ ប្រទេសអូស្ត្រាលីមានករណីឆ្លងសរុបជាង១២.០០០នាក់។
មេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃអង្គារបានសម្រេចកិច្ចព្រមព្រៀងលើកញ្ចប់ថវិកាជំនួយជាង២លានលានដុល្លារសម្រាប់វិបត្តិកូវីដ១៩។
ប៉ុន្តែកាលពីថ្ងៃអង្គារដែរ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិថា ការបិទសាលានៅជុំវិញពិភពលោកបាននាំឲ្យសិស្សមេត្តេយ្យយ៉ាងតិច៤០លាននាក់មិនបានចូលរៀន៕