ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបន្តសន្និសីទកាសែតប្រចាំថ្ងៃឡើងវិញអំពីការរាតត្បាតនៃមេរោគកូរ៉ូណាកាលពីថ្ងៃអង្គារម្សិលមិញបាននិយាយថា ចំនួនករណីឆ្លងនៃជំងឺកូវីដ១៩ បានកើនឡើងយ៉ាងខ្លាំងនៅទូទាំងប្រទេសហើយ «ជាអកុសល វានឹងប្រហែលកាន់តែអាក្រក់ឡើង មុនពេលវាមានភាពប្រសើរឡើងវិញ»។
លោកប្រធានាធិបតីត្រាំបាននិយាយនៅឯសន្និសីទកាសែតលើកទីមួយចាប់តាំងពីចុងខែមេសាមកថា៖ «តំបន់ខ្លះនៃប្រទេសយើងកំពុងធ្វើបានល្អ។ តំបន់ផ្សេងទៀត ធ្វើមិនសូវបានល្អ»។
លោកប្រធានាធិបតីត្រាំក៏មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ខ្លាំងៗនៅឡើយចំពោះការពាក់ម៉ាស់ជាវិធីមួយដើម្បីជួយកម្រិតការរាលដាលនៃមេរោគកូរ៉ូណាដ៏ប្រល័យដែលបានឆ្លងពលរដ្ឋអាមេរិកាំងជាង៣លាន៥សែននាក់ ហើយបានសម្លាប់មនុស្សជាង១សែន៤ម៉ឺន១ពាន់នាក់។ នេះបើតាមសាកលវិទ្យាល័យ John Hopkins របស់សហរដ្ឋអាមេរិក។
លោកប្រធានាធិបតីត្រាំបាននិយាយដោយទាញម៉ាស់ចេញពីហោប៉ាវខោរបស់លោកថា៖ «ទោះបីលោក អ្នកចូលចិត្តឬមិនចូលចិត្តម៉ាស់ក៏ដោយ ម៉ាស់មានឥទ្ធិពល។ ខ្ញុំកំពុងទម្លាប់ប្រើម៉ាស់»។
លោកប្រធានាធិបតីត្រាំទើបតែពាក់ម៉ាស់ជាសាធារណៈលើកដំបូងកាលពីពេលថ្មីៗនេះក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Walter Reed នៅជិតរដ្ឋធានីវ៉ាស៊ីនតោន។ លោកប្រធានាធិបតីបានច្រានចោលការតម្រូវឲ្យពាក់ម៉ាស់ទូទាំងប្រទេស។
នៅថ្ងៃអង្គារម្សិលមិញដែរ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យបានដាក់ចេញផែនការសេដ្ឋកិច្ចសម្រាប់ប្រទេសនៅពេលធ្វើសុន្ទរកថានៅរដ្ឋ Delaware ។ លោកបានស្តីបន្ទោសប្រធានាធិបតីត្រាំចំពោះការបរាជ័យក្នុងការដឹកនាំក្នុងអំឡុងនៃការរាតត្បាតមេរោគកូរ៉ូណា៕