គ្រប់គ្នាសុទ្ធតែយល់ស្របថា កុមារគួរតែទៅរៀននៅសាលា។ ខណៈបញ្ហាបើកសាលារៀនឡើងវិញនៅរដូវស្លឹកឈើជ្រុះខាងមុខនេះស្ថិតក្នុងការជជែកដេញដោលនយោបាយថ្មីបំផុតរបស់រដ្ឋបាលលោកប្រធានាធិបតីត្រាំ សំណួរគឺមិនមែនអំពីថាតើការបើកសាលារៀនឡើងវិញជាគំនិតល្អឬយ៉ាងណានោះទេ ប៉ុន្តែគឺថា តើវាមានសុវត្ថិភាពដែរឬទេ?។
ខណៈសាលារៀននឹងចាប់ផ្តើមបើកឆ្នាំសិក្សាថ្មី នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ លោកប្រធានាធិបតី Donald Trump បានគំរាមសាលារៀនណាដែលមិនបើកឲ្យសិស្សទៅរៀននៅក្នុងថ្នាក់។ ទោះបីជារដ្ឋាភិបាលសហព័ន្ធគ្រប់គ្រងតិចតួចលើហិរញ្ញវត្ថុនៅតាមសាលា ក៏លោក Trump បានបង្ហោះសារថា លោកប្រហែលជានឹងកាត់ថវិកាពីសាលារៀនណាដែលមិនព្រមបើកឲ្យសិស្សចូលរៀន។
គ្រូបង្រៀនចង់បើកថ្នាក់ឡើងវិញ។ គ្រូពេទ្យកុមារចង់បើកទ្វារឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយរវាងសហជីពគ្រូបង្រៀនធំជាងគេពីរក្រុម និងសមាគមគ្រូពេទ្យកុមារអាមេរិកាំងបាននិយាយថា៖ «យើងទទួលស្គាល់ថា កុមាររៀនបានល្អបំផុតពេលរៀនជាមួយគ្រូនៅក្នុងថ្នាក់។ ប៉ុន្តែយើងត្រូវមានវិធីការពារសុវត្ថិភាពដល់គ្រូនិងសិស្ស ពេលបើកសាលារៀនឡើងវិញ»។
ក្រុមអ្នកជំនាញសុខភាពសាធារណៈនិយាយថា ការបើកសាលារៀនឡើងវិញនឹងនាំហានិភ័យជាច្រើនដូចនឹងការបើកអាជីវកម្មឡើងវិញដែរ ហើយសហគមន៍ជាច្រើនដែលបានបើកឆាប់ពេកឬបើកដោយគ្មានការការពារគ្រប់គ្រាន់បានជួបនឹងការឆ្លងផ្ទុះរាលដាលវីរុសឡើងវិញ។
អ្នកស្រី Jennifer Nuzzo អ្នកសា្រវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសន្តិសុខសុខភាពនៃសាកលវិទ្យាល័យ Johns Hopkins ថ្លែងថា៖ «នៅតាមសហគមន៍ដែលមានករណីឆ្លងកើនឡើងខ្លាំង ប្រហែលជាមិនទាន់អាចបើកសាលារៀនឡើងវិញបានទេ រហូតទាល់តែការឆ្លងធ្លាក់ចុះទាប»។
ផលប៉ះពាល់ខ្លាំង
ការបើកសាលារៀនជាផ្នែកសំខាន់មួយនៃការបើកសេដ្ឋកិច្ចឡើងវិញ។ ឪពុកម្តាយជាច្រើនដែលធ្វើការពីផ្ទះមានការងារធ្វើច្រើន ទាំងការងាររបស់ពួកគេនិងមើលថែទាំកូនៗរបស់ពួកគេនៅផ្ទះ។ វាកាន់តែលំបាកសម្រាប់អ្នកធ្វើការដែលចាំបាច់ត្រូវទៅកន្លែងធ្វើការដោយមិនអាចធ្វើពីផ្ទះបាន។
គ្រាដែលសេដ្ឋកិច្ចប្រទេសកំពុងរង្គោះរង្គើ ហើយអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់មិនដែលធ្លាប់មានចាប់តាំងពីវិបត្តិសេដ្ឋកិច្ចនៅទសវត្សរ៍១៩៣០មក ការបើកអាជីវកម្មដើម្បីឲ្យមនុស្សចូលធ្វើការវិញគឺជា ការសម្រេចចិត្តដ៏សំខាន់មួយផ្អែកលើបញ្ហានយោបាយនៅមុនការបោះឆ្នោតប្រធានាធិបតីនៅខែវិចិ្ឆកាខាងមុខនេះ។
ស្ថានភាពនេះក៏មានផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់សិស្សផងដែរ។
សេចក្តីថ្លែងការណ៍រួមរវាងសមាគមគ្រូពេទ្យកុមារនិងគ្រូបង្រៀនក៏បានគូសបញ្ជាក់ថា «នៅសាលាកុមាររៀនបានច្រើនជាងនៅផ្ទះ»។ កុមារក៏រៀនអំពី«ជំនាញសង្គមនិងផ្លូវចិត្តផងដែរនៅសាលា»។ នៅសាលា កុមាររាប់សិបលាននាក់បានទទួលការបណ្តុះបណ្តាលពីបញ្ហាសុខភាពផ្លូវចិត្ត។ សាលារៀនគឺជា ប្រភពសំខាន់នៃការរាយការណ៍អំពីការបំពានលើកុមារ»។
ជំងឺកូវីដ១៩ហាក់មិនសូវវាយប្រហារខ្លាំងលើកុមារដូចមនុស្សពេញវ័យទេ។ ការស្រាវជ្រាវនានារកឃើញថា មានកុមារតិចតួចណាស់ឆ្លងជំងឺកូវីដ១៩ និងមិនសូវមានអាការៈធ្ងន់ធ្ងរនិងស្លាប់ដោយសារជំងឺនេះទេ។
លោក Josh Sharfstein ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសុខភាពសាធារណៈ Bloomberg នៃសាកលវិទ្យាល័យ Johns Hopkins ថា៖ «ទោះបីជាការឆ្លងមានតិចតួចសម្រាប់កុមារក៏ដោយ ក៏មិនមែនមានន័យថា កុមារគ្មានហានិភ័យនោះដែរ»។
ការឆ្លងជាង២សែនករណីក្នុងចំណោមកុមារដោយរួមទាំងការស្លាប់ចំនួន៦៣ករណីនៅសហរដ្ឋអាមេរិកត្រូវបានរាយការណ៍នៅត្រឹមថ្ងៃទី៩ខែកក្កដា។ នេះបើយោងតាមសមាគមគ្រូពេទ្យកុមារអាមេរិកាំង។
ទាំងគ្រូបង្រៀននិងបុគ្គលិកសាលារៀនស្ថិតក្នុងហានិភ័យដូចនឹងអ្នកធ្វើការងារនៅក្នុងកន្លែងបិទជិតផ្សេងដែរ។
អ្នកស្រី Lily EskelsenGarcía ប្រធានសមាគមអប់រំជាតិដែលជាសហជីពគ្រូបង្រៀនធំជាងគេបាននិយាយថា៖ «ប្រសិនបើលោក Trump ទាមទារឲ្យបើកសាលារៀនឡើងវិញស្របពេលមានការឆ្លងកើនឡើងដូច្នេះ ខ្ញុំចង់ឲ្យលោក Trump អង្គុយនៅពីក្រោយសិស្ស៣៩នាក់នៅក្នុងថ្នាក់របស់ខ្ញុំ។ ខ្ញុំចង់ឲ្យលោកអង្គុយនៅទីនោះមួយថ្ងៃ៧ម៉ោងរយៈពេល៥ថ្ងៃក្នុងមួយសប្តាហ៍ ហើយឲ្យសិស្សក្អកនិងកណ្តាស់ដាក់លោក»។
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Johns Hopkins បានព្យាករណ៍ថា គេត្រូវការថវិកា៥០ពាន់លានដុល្លារ ដើម្បីរៀបចំសាលារៀនឲ្យអាចទទួលសិស្សនៅសហរដ្ឋអាមេរិកឲ្យចូលរៀនវិញបានដោយសុវត្ថិភាព៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា