ប្រទេសជប៉ុនកាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើរុស្ស៊ីចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដែលកំពុងផ្តល់សញ្ញានៃការផ្លាស់ប្តូរជំហរពីការឆ្លើយតបទន់ភ្លន់និងមិនសូវច្បាស់លាស់របស់ជប៉ុនក្នុងពេលកន្លងទៅប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូក្នុងពេលដែលរុស្ស៊ីចូលកាន់កាប់តំបន់ Crimea កាលពីឆ្នាំ២០១៤។
ការដាក់ទណ្ឌកម្មបន្ថែមចុងក្រោយនេះរបស់ជប៉ុន រួមមានការត្រួតពិនិត្យការបម្លាស់ទីនិងទ្រព្យសម្បតិ្តរបស់បុគ្គលជាច្រើនដែលជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោកVladimir Putin និងមន្ត្រីមួយចំនួនទៀតរបស់ប្រទេសបេឡារុសផងដែរ។
ការដាក់ទណ្ឌកម្មរបស់ជប៉ុនក៏រួមមានផងដែរ ការហាមឃាត់ការនាំចេញឧបករណ៍ចម្រាញ់ប្រេងទៅឲ្យរុស្ស៊ីនិងឧបករណ៍ប្រើប្រាស់ទូទៅផ្សេងៗទៀត ទៅឲ្យប្រទេសបេឡារុសដែលអាចត្រូវបានប្រើប្រាស់ដោយពួកយោធារបស់ប្រទេសនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ការដាក់ទណ្ឌកម្មថ្មីៗនេះ ជាការបន្ថែមទៅលើទណ្ឌកម្មដែលជប៉ុនបានប្រកាសដាក់រួចហើយកាលពីចុងខែកុម្ភៈ នៅពេលដែលរដ្ឋាភិបាលក្រុងតូក្យូ បានរារាំងមិនឲ្យជនជាតិរុស្ស៊ីមួយចំនួនចូលក្នុងប្រទេសរបស់ខ្លួននិងបានបង្កកទ្រព្យសម្បត្តិរបស់មនុស្សមួយចំនួនដែលក្នុងនោះមានទ្រព្យសម្បត្តិមួយចំនួនត្រូវគេជឿថា ជាកម្មសិទ្ធិរបស់លោកPutin។
ចំណាត់ការបែបនេះ ផ្ទុយទៅនឹងសុន្ទរកថាដែលបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅដើមឆ្នាំនេះ។ ក្នុងសន្ទរកថាស្តីពីគោលនយោបាយកាលពីថ្ងៃទី ១៧ ខែមករាកន្លងទៅ លោក Kishida បានថ្លែងថា រដ្ឋាភិបាលក្រុងតូក្យូ បានត្រៀមខ្លួនរួចជាស្រេចក្នុងការអភិវឌ្ឍនូវទំនាក់ទំនងដ៏ទូលំទូលាយមួយជាមួយប្រទេសរុស្ស៊ីដែលក្នុងនោះក៏រួមមានកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពលផងដែរ។
តាមការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មាន Nikkei Asia និងទូរទស្សន៍តូក្យូកាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅបានឲ្យដឹងថា អ្នកឆ្លើយតបចំនួន៦១% ចង់ឲ្យរដ្ឋាភិបាលជប៉ុនអនុវត្តតាមប្រទេសលោកខាងលិចនៅក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ហើយមានអ្នកឆ្លើយតបក្នុងការស្ទង់មតិនោះតែ៣០%ប៉ុណ្ណោះដែលចង់ឲ្យជប៉ុនមានដំណោះស្រាយខាងការទូតដោយខ្លួនឯង៕