លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថាលោកនិយាយបញ្ចេញមតិផ្ទាល់ខ្លួនរបស់លោកទៅលើតម្លៃ។ លោក ត្រាំ កំពុងប្រឈមនឹងការរិះគន់ជុំវិញការឆ្លើយតបរបស់លោកទៅនឹងការប្រមូលផ្តុំរបស់ពួកស្បែកសជាតិនិយមមួយកាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋ Virginia។
ដោយបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី Fox News Sunday របស់អាមេរិក លោក Tillerson ត្រូវបានគេសួរអំពីការរិះគន់របស់គណៈកម្មាធិការអង្គការសហប្រជាជាតិទៅលើរដ្ឋបាលរបស់លោក ត្រាំ ចំពោះអ្វីដែលអ្នកខ្លះមើលឃើញថា គឺជាការខកខានឬភាពស្ទាក់ស្ទើរក្នុងការថ្កោលទោសហេតុការណ៍ហិង្សាដែលមានលក្ខណៈរើសអើងពូជសាសន៍។
លោក Tillerson បានមានប្រសាសន៍ថា៖ «យើងសម្តែងនូវតម្លៃរបស់អាមេរិកពីក្រសួងការបរទេស។ យើងតំណាងឲ្យប្រជាជនអាមេរិក។ យើងតំណាងឲ្យតម្លៃរបស់អាមេរិក ការប្តេជ្ញារបស់យើងចំពោះសេរីភាព ការប្តេជ្ញារបស់យើងចំពោះការប្រព្រឹត្តដោយស្មើគ្នារបស់ប្រជាជននៅទូទាំងពិភពលោក ហើយសារនេះ មិនដែលផ្លាស់ប្ដូរនោះទេ»។
លោក ត្រាំ បានថ្កោលទោសការរើសអើងនៅក្នុងអត្ថាធិប្បាយទៅកាន់សាធារណជនរបស់លោកអំពីការប្រមូលផ្តុំគ្នានេះ ប៉ុន្តែលោកត្រូវបានគេរិះគន់ចំពោះសុន្ទរកថាលើកដំបូងរបស់លោក ដែលលោកមិនបានលើកឡើងពីពួកស្បែកសដែលយល់ថាខ្លួនឯងល្អដាច់គេនោះទេ ហើយលោកបានថ្លែងថា មានភាគីជាច្រើន ដែលត្រូវទទួលខុសត្រូវនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សានៅក្នុងទីក្រុង Charlottesville៕