ប៉ូលិសទីក្រុង Boston បានថ្លែងថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន២៧នាក់កាលពីថ្ងៃសៅរ៍ នៅក្នុងថ្ងៃធ្វើបាតុកម្មមួយនៅក្នុងទីក្រុង Boston រដ្ឋ Massachusetts កន្លែងដែលមនុស្សប្រមាណ៤ម៉ឺននាក់បានប្រមូលផ្តុំគ្នា មួយសប្តាហ៍បន្ទាប់ពីមានការធ្វើបាតុកម្មដោយពួកស្បែកស ដែលយល់ថាខ្លួនល្អដាច់គេ ឬហៅថា white supremacists នៅក្នុងទីក្រុង Charlottesville រដ្ឋ Virginia ដែលបានបង្កឲ្យមានមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត។
ស្នងការប៉ូលិសលោក William Evans បានថ្លែងថា មនុស្ស២១នាក់ត្រូវបានចាប់ខ្លួនពីបទវាយតប់ជាមួយនឹងប៉ូលិស។ មនុស្ស៣នាក់បានពាក់អាវក្រោះការពារគ្រាប់កាំភ្លើង ហើយម្នាក់ក្នុងចំណោមនោះមានប្រដាប់ដោយអាវុធ នេះបើយោងតាមស្នងការរូបនោះ។
ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការប្រមូលផ្តុំបញ្ចេញមតិដោយសេរីមួយត្រូវបានបញ្ចប់ ហើយក្រុមមួយផ្សេងទៀតដែលប្រឆាំងនឹងការធ្វើបាតុកម្មបានចាប់ផ្តើមបែកហ្វូងគ្នា ធ្វើឲ្យកកកុញពេញផ្លូវនៅក្បែរតំបន់ Boston Common។ វីដេអូព័ត៌មានបានបង្ហាញថា ក្រុមមន្ត្រីប៉ូលិសនៅក្នុងឯកសណ្ឋានការពារក្រុមបាតុករ បានប៉ះទង្គិចជាមួយនឹងក្រុមដែលប្រឆាំងនឹងក្រុមបាតុករនោះ ខណៈពេលដែលក្រុមមន្ត្រីប៉ូលិសប៉ុនប៉ងប្រមែប្រមូលពួកគេឲ្យដើរតាមទិសដៅតែមួយ។
អ្នកសារព័ត៌មានមួយរូបរបស់ VOA បានថ្លែងថា ភ្ញៀវនៅសណ្ឋាគារដែលអ្នកស្រីស្នាក់នៅត្រូវបានស្នើឲ្យស្ថិតនៅក្នុងសណ្ឋាគារ ដោយសារតែក្រុមបាតុករបានប្រមូលផ្តុំគ្នានៅកកកុញតាមដងផ្លូវ Washington និងដងផ្លូវ Tremont។ អ្នកសារព័ត៌មានរបស់ VOA រូបនេះបានថ្លែងថា អ្នកស្រីបានឃើញក្រុមបាតុករប្រមាណ១០០នាក់តាមបង្អួចសណ្ឋាគារ ហើយពួកគេបានស្រែកថា «ដងវិថីរបស់ពួកយើង»។
ក្រុមសកម្មជនឆ្វេងនិយមរាប់ពាន់នាក់បានធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ ដែលមានចំនួនច្រើនជាងអ្នកដែលបានចូលរួមនៅក្នុងការប្រមូលផ្តុំគ្នាធ្វើការបញ្ចេញមតិដោយសេរី របស់ក្រុមស្តាំនិយម ដែលគ្រោងធ្វើឡើងកាលពីខែកក្កដា ដោយក្រុមមួយហៅខ្លួនឯងថា «ក្រុមបញ្ចេញមតិដោយសេរីនៅក្រុង Boston» ឬ «Boston Free Speech»។
លោក John Medlar អ្នករៀបចំមួយរូបនៃក្រុមបញ្ចេញមតិដោយសេរីនៅក្រុង Boston បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនថា ការប្រមូលផ្តុំនេះមិនស្វាគមន៍ពួកស្បែកស ដែលគិតថាខ្លួនល្អដាច់គេឬក្រុម white supremacists នោះទេ។ លោកបានថ្កោលទោសក្រុមដែលរើសអើងពណ៌សម្បុរទាំងនោះ ដូចជាក្រុម Ku Klux Klan ឬ KKK ជាដើម៕