លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រូវគេរំពឹងនឹងចេញការអំពាវនាវមួយឲ្យការឯកភាពជាតិក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធម្សិលមិញនៅក្នុងទីក្រុង Reno ភាគខាងលិច។
ក្នុងសុន្ទរកថាព្រាងទុកមួយដែលត្រូវថ្លែងទៅកាន់សន្និបាតជាតិរបស់ក្រុមអតីតយុទ្ធជនអាមេរិកាំង លោកប្រធានាធិបតីត្រាំនិយាយថា វាជាពេលវេលាដើម្បីព្យាបាលមុខរបួសដែលបានបំបែកយើង ហើយស្វះស្វែងរកការឯកភាពជាតិថ្មីដែលផ្អែកលើតម្លៃរួមដែលបង្រួបបង្រួមយើង។លោកប្រធានាធិបតីក៏ត្រូវគេរំពឹងនិយាយដែរថា «យើងជាពលរដ្ឋតែមួយ ដែលមានផ្ទះនិងទង់ជាតិតែមួយ»។
សុន្ទរកថានោះកើតមានឡើងមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីត្រាំប្រើប្រាស់សុន្ទរកថានៅក្នុងទីក្រុងហ្វ៊ីនិច រដ្ឋអារីហ្សូណាដើម្បីរិះគន់បណ្តាញព័ត៌មានម្តងទៀតចំពោះសេចក្តីរាយការណ៍នៃការឆ្លើយតបរបស់លោកទៅនឹងអំពើហឹង្សាដ៏ប្រល័យនៅឯការតវ៉ាប្រឆាំងកាលពីពេលថ្មីៗនេះដែលបានរៀបចំឡើងដោយពួកគាំទ្ររបបណាស៊ីសហើយនឹងពួកប្រកាន់ពូជសាសន៍ White Supremacists នៅក្នុងទីក្រុង Charlottesville រដ្ឋ Virginia។ លោកប្រធានាធិបតីត្រាំបានត្រូវរិះគន់យ៉ាងខ្លាំងចំពោះការស្តីបន្ទោសឲ្យភាគីទាំងសងខាងចំពោះអំពើហឹង្សាដែលបានធ្វើឲ្យអ្នកស្រី Heather Heyer អាយុ៣២ឆ្នាំបានត្រូវស្លាប់នៅពេលដែលបុរសម្នាក់មានការទាក់ទិនជាមួយពួកប្រកាន់ពូជសាសន៍ White Supremacists បានបើករថយន្តរបស់ខ្លួនបុកហ្វូងបាតុករប្រឆាំង។
លោកប្រធានាធិបតីត្រាំបានសរសេរនៅក្នុងប្រព័ន្ធTwitterរបស់លោកថា «កាលពីយប់ម៉ិញនៅក្នុងទីក្រុងហ្វីនិច ខ្ញុំបានអានអ្វីៗទាំងអស់ពីសេចក្តីថ្លែងការណ៍នៅក្រុង Charlottesville ដែលព័ត៌មានក្លែងក្លាយរាយការណ៍មិនបានត្រឹមត្រូវ។ពលរដ្ឋឥឡូវនេះយល់ហើយ»៕