ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​ចោទ​ប្រកាន់​បណ្តាញ​ផ្សព្វផ្សាយ​ និង​សើរើ​ពាក្យ​សន្យា​អំឡុង​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន


ប្រធានាធិបតី​ត្រាំ​ឈរ​នៅ​ក្នុង​ការជួប​ជុំ​នៅមជ្ឈមណ្ឌល​​សន្និបាត​ Phoenix កាល​ពី​ថ្ងៃទី​២២ សីហា ២០១៧។
ប្រធានាធិបតី​ត្រាំ​ឈរ​នៅ​ក្នុង​ការជួប​ជុំ​នៅមជ្ឈមណ្ឌល​​សន្និបាត​ Phoenix កាល​ពី​ថ្ងៃទី​២២ សីហា ២០១៧។

«បណ្តាញ​ផ្សព្វផ្សាយ​ទាំង​នោះ​មិន​ចង់​រាយការណ៍​ថា ខ្ញុំ​បាន​និយាយ​ធ្ងន់ៗ​ប្រឆាំង​នឹង​ការ​ស្អប់គុំគួន ភាព​ជ្រុល​និយម និង​អំពើ​ហិង្សា ហើយ​និង​ការណ៍​ដែល​ខ្ញុំ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​លើ​ពួក​ណាស៊ី​សម័យ​ទំនើប ក្រុម​ជន​ស្បែក​ស ដែល​គិត​ថា ខ្លួន​អស្ចារ្យ​ជាង​គេ និង​ពួក​ KKK»។

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ចោទប្រកាន់​បណ្តាញ​ផ្សព្វផ្សាយ​នានា​ចំពោះ​រឿងរ៉ាវ​ចម្រូងចម្រាសជុំវិញ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​ ក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​នៅ​ក្រុង​ Phoenix រដ្ឋ​ Arizona កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​។ ​លោក​ប្រធានាធិបតី​ក៏​បាន​បញ្ជាក់​គោលជំហរ​សារ​ជាថ្មី​ម្តង​ទៀត​ពី​របៀបវារៈ​នយោបាយ​របស់​លោក​ផង​ដែរ។

បន្ទាប់​ពី​ជួប​ជាមួយ​កងទាហាន​ម៉ារីន និង​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​នៅ​ ទីក្រុងYuma លោក​ត្រាំ​បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​Phoenix ដោយ​ប្រើប្រាស់​វោហារសាស្ត្រ​ដូច​កាល​លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ លោក​បាន​មាន​ប្រសាសន៍​ថា៖

«នៅ​ល្ងាច​នេះ ជាមួយ​នឹង​មិត្ត​រួម​ជាតិ​ទាំងអស់ យើង​អះអាង​ជា​ថ្មី​នូវ​ប្រពៃណី ទំនៀមទម្លាប់ និង​គុណ​តម្លៃ ដែល​យើង​មាន​រួមគ្នា»។

លោក​ប្រធានាធិបតី​ត្រាំ​បាន​រង​ការ​រិះគន់​យ៉ាង​ច្រើន​ ដោយសារ​លោក​និយាយ​ថា មាន​ភាគី​ជា​ច្រើន ដែល​ត្រូវ​ស្តី​បន្ទោស​ ចំពោះ​ការ​ស្អប់ខ្ពើម និង​អំពើ​ហិង្សា បន្ទាប់​ពី​សមាជិក​ជនស្បែក​ស ដែល​គិត​ថា ខ្លួន​ឯង​អស្ចារ្យ​ជាង​គេ ឬ ​white Supremacist មួយរូប​ នៅ​ក្រុង Charlottesville រដ្ឋ Virginia បាន​បើក​រថយន្ត​បុករះ​ហ្វូង​មនុស្ស​ប្រឆាំង​នឹង​ការ​ធ្វើ​បាតុកម្មកាល​ពីថ្ងៃ​ទី១២ ខែ​សីហា​កន្លង​ទៅ។ ជន​រូប​នោះ​បាន​ធ្វើ​ឲ្យ​ស្រ្តី​ម្នាក់​បាត់បង់​ជីវិត និង​ធ្វើ​ឲ្យ​មនុស្ស ១៩​នាក់​ផ្សេង​ទៀត​រង​របួស។ លោក​ត្រាំ​បាន​ចោទ​ប្រកាន់​បណ្តាញ​ផ្សព្វផ្សាយ​នានា​ថា មានភាព​លម្អៀង​ក្នុង​ការ​ធ្វើ​សេចក្តី​រាយការណ៍។​

«បណ្តាញ​ផ្សព្វផ្សាយ​ទាំង​នោះ​មិន​ចង់​រាយការណ៍​ថា ខ្ញុំ​បាន​និយាយ​ធ្ងន់ៗ​ប្រឆាំង​នឹង​ការ​ស្អប់គុំគួន ភាព​ជ្រុល​និយម និង​អំពើ​ហិង្សា ហើយ​និង​ការណ៍​ដែល​ខ្ញុំ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​លើ​ពួក​ណាស៊ី​សម័យ​ទំនើប ក្រុម​ជន​ស្បែក​ស ដែល​គិត​ថា ខ្លួន​អស្ចារ្យ​ជាង​គេ និង​ពួក​ KKK»។

ការ​ថ្លែង​ដូច​នេះ​ពី​សំណាក់​លោក​ប្រធានាធិបតី​ត្រាំ​ពី​រឿងរ៉ាវ​នៅ​ក្រុង Charlottesville បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​តាម​បណ្តា​ក្រុង​ដទៃ​ទៀត​នៅ​សហរដ្ឋអាមេរិក ហើយ​បាតុករ​បាន​ចេញ​តាម​ដង​ផ្លូវ​នានា​នៅ​ក្រុង​ Phoenix កាល​ពី​យប់​ថ្ងៃ​អង្គារ។

លោក Mel. J Flleming II ដែល​ជា​បាតុករ​មួយ​រូប​ និយាយ​ថា៖

«លោក​ដូណាល់ ត្រាំ មិន​បាន​ធ្វើ​អ្វី​បាន​សម្រេច​ទាល់​តែ​សោះ។ អ្វី​ដែល​លោក​ចង់​ធ្វើ​នោះ គឺ​គាប​សង្កត់​គូបដិបក្ខ​នយោបាយ ហើយ​សម្ញែង​ចរិក​ដ៏​ក្រអឺត​ក្រទម​របស់​លោក»។

​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ក៏​បាន​ចេញ​ទៅ​តាម​ដង​ផ្លូវ​នៅ​ក្រុង Phoenix ផង​ដែរ។

លោក Tom Thornton ដែល​ជា​អ្នក​គាំទ្រ​លោក​ត្រាំ​ បាន​និយាយ​ថា៖

«ខ្ញុំ​គាំទ្រ​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សេរី។ ខ្ញុំ​គាំទ្រ​ប្រធានាធិបតី​របស់​យើង ហើយ​អ្វីៗ​ទាំង​អស់​ ដែល​គាត់​ធ្វើ។ ខ្ញុំ​គាំទ្រ​រដ្ឋធម្មនុញ្ញ​របស់​យើងដូច្នេះ​ហើយ ទើប​ខ្ញុំ​ចេញ​មក​ចូលរួម​ថ្ងៃ​នេះ»។

លោក​ត្រាំ​បាន​គំរាម​បិទ​រដ្ឋាភិបាល​ ប្រសិន​បើ​សភា​មិន​ផ្តល់​ថវិកា​ដើម្បីសាង​សង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន និង​បាន​និយាយថា ការ​និយាយ​ខ្លាំងៗ​របស់​លោកទៅ​លើ​ប្រទេស​កូរ៉េខាងជើង គឺ​មាន​ប្រសិទ្ធភាព៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG