ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​ចូលរួម​រិះគន់​ការ​លើក​ឡើង​របស់​លោក​ត្រាំ​អំពី​ហេតុការណ៍​នៅ​ក្រុង​​ Charlotttesville


បុរស​ម្នាក់​បាន​ដួល​ទៅ​លើ​ផ្លូវ​ក្នុង​ពេល​ប៉ះទង្គិច​គ្នា​មួយ​រវាង​ពួក​បាតុករ​​ស្បែក​សជាតិ​និយម​ជ្រុល​ និង​ក្រុម​បាតុករ​មួយ​ក្រុម​ទៀត នៅ​ក្រុង Charlottesville រដ្ឋ Virginia កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា។
បុរស​ម្នាក់​បាន​ដួល​ទៅ​លើ​ផ្លូវ​ក្នុង​ពេល​ប៉ះទង្គិច​គ្នា​មួយ​រវាង​ពួក​បាតុករ​​ស្បែក​សជាតិ​និយម​ជ្រុល​ និង​ក្រុម​បាតុករ​មួយ​ក្រុម​ទៀត នៅ​ក្រុង Charlottesville រដ្ឋ Virginia កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ជាប់​នៅ​ក្នុង​រឿងរ៉ាវ​ចម្រូង​ចម្រាស​ផ្នែក​នយោបាយ​នា​សប្តាហ៍​នេះ បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​គោល​ជំហរ​របស់​លោក​លើ​ជន​ដែល​ទទួល​ខុសត្រូវ​លើ​អំពើ​ហិង្សា​នៅ​ក្រុង Charlottesville ​រដ្ឋ​ Virginia ដែល​កើត​ចេញ​ពី​បាតុកម្ម​មួយ​រៀប​ចំឡើង​ដោយ​ក្រុម​ជន​ស្បែក​ស​ជាតិនិយម។

ការ​លើកឡើង​របស់​លោក​ត្រាំ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ដោយ​បាន​បន្ទោស​ភាគី​ទាំង​សងខាង​សម្រាប់​អំពើ​ហិង្សានោះ​ បាន​បង្ក​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​ទាំង​ពី​តំណាង​រាស្រ្ត​គណបក្ស​សាធារណរដ្ឋ និង​តំណាង​រាស្រ្ត​គណបក្ស​ប្រជាធិបតេយ្យ និង​បាន​កើត​ឡើង​នៅ​ចំ​ពេល​ដែល​អត្រា​សំឡេង​គាំទ្រ​លោក​ប្រធានាធិបតី​កំពុង​តែ​ធ្លាក់​ចុះ។

នៅ​ក្នុង​ការ​ផ្ដោះផ្ដង​ពាក្យ​សម្ដី​ខ្លាំងៗ​ជាមួយ​នឹង​ក្រុម​អ្នក​សារព័ត៌មាន​នៅ​អគារ Trump Tower លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​បាន​ទទូច​ថា ភាគី​ទាំង​សងខាង​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុងអំពើ​ហិង្សា​នៅ​អំឡុងពេល​បាតុកម្ម​នៅ​ ក្រុង Charlottesville។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ឃើញ​ពិនិត្យ​រឿងរ៉ាវ​នោះ​ដិតដល់​យ៉ាងខ្លាំង ដិតដល់​ជាង​ពួក​អស់​លោកទៅ​ទៀត។ ហើយមាន​ក្រុម​មនុស្ស​ នៅ​ភាគី​ម្ខាង​ ដែល​អាក្រក់ ហើយ​មាន​ក្រុម​មនុស្ស​ នៅ​ភាគី​ម្ខាង​ទៀត ដែល​ប្រកបដោយ​អំពើហិង្សា។ ហើយ​គ្មាន​នរណា​ម្នាក់​ចង់​និយាយ​ពី​រឿង​នេះ​ទេ។ ប៉ុន្តែ​ខ្ញុំ​នឹង​និយាយ​នៅ​ពេល​ឥឡូវ​នេះ»។

ការ​លើកឡើង​របស់​លោក​ត្រាំ ដែល​ត្រូវ​បាន​តំណាង​រាស្រ្ត​គណបក្សប្រជាធិបតេយ្យ និង​តំណាង​រាស្រ្ត​មួយ​ចំនួន​នៅ​គណបក្ស​សាធារណរដ្ឋ​ ដែល​ក្នុង​នោះ​រួម​មាន​ប្រធាន​សភា​លោក Paul Ryan ផង​ដែរ ដែល​បាន​អះអាង​នៅ​លើ​បណ្តាញ​សង្គម Twitter ថា «ក្រុម​ជន​ស្បែក​ស ដែល​គិត​ថា ខ្លួន​ឯង​អស្ចារ្យ​ជាង​គេ គឺ​គួរ​ឲ្យ​ខ្ពើមរអើម​ណាស់.... វា​ជា​រឿង​ច្បាស់​លាស់​ដោយ​គ្មាន​រឿង​ស្រពិចស្រពិល​ផ្នែក​ក្រម​សីល​ធម៌​ទេ»។

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Cory Gardner បាន​ធ្វើ​ការ​លើកឡើងនៅ​សាលាក្រុង​មួយ​នៅ​រដ្ឋ​ Colorado ថា៖ «ដូច​ដែល​ខ្ញុំ​បាន​និយាយ​ពី​មុន​នេះ​អញ្ចឹង គឺ​ថា ពួក K-K-K ពួក​ណា​ស៊ី​សម័យ​ទំនើប និង​ពួក​ជនស្បែក​ស ដែល​គិត​ថា ខ្លួន​ឯង​អស្ចារ្យ​ជាង​គេ ចូរ​ទៅ​រូង​របស់​ពួក​អ្នក​ឯង​វិញ​ទៅ»។

​ប្រធានគណៈកម្មាការ​ជាតិ​គណបក្ស​សាធារណរដ្ឋ​លោកស្រី Ronna Romney McDaniel បាន​ថ្លែង​ការពារ​លោក​ប្រធានាធិបតី ទោះ​បី​ជា​លោកស្រី​រិះគន់​ខ្លាំងៗ​លើ​ក្រុម​ជន​ស្តាំ​និយម​ ដែល​បង្ក​ឲ្យ​មាន​ការ​ស្អប់​គុំគួន​ក៏ដោយ។

លោក​ស្រី​បាន​និយាយ​ថា៖ «យើង​មិន​ចង់​បាន​សំឡេង​ឆ្នោត​របស់​អ្នក​ទេ។ យើង​មិន​គាំទ្រ​អ្នក​ទេ។ យើង​នឹង​និយាយ​ប្រឆាំង​អ្នក​។ លោក​ប្រធានាធិបតី​បាន​ថ្លែង​ដូច្នេះ ក៏ដូចជា លោក​អនុ​ប្រធានាធិបតី​ផង​ដែរ»។

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ លោក​ត្រាំ​បាន​រិះគន់​ក្រុម​ជន​ប្រកាន់​ជាតិសាសន៍ និង​បង្ក​ឲ្យ​មាន​ការ​ស្អប់​គុំគួន​ បន្ទាប់​ពី​លោក​បាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​ ដើម្បី​ឲ្យ​កែសម្រួល​សេចក្តីថ្លែងការណ៍​របស់​លោក​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន ដែល​បាន​ថ្កោលទោស​អំពើ​ហិង្សា​ទៅ​លើ «ភាគី​ពាក់ព័ន្ធ​ជា​ច្រើន»។

ប្រធាន​ការិយាល័យ​បណ្តាញ​សារព័ត៌មាន AP នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ អ្នកស្រី Julie Pace បាន​និយាយ​ថា៖ រឿង​ចម្រូង​ចម្រាស់​នេះ បង្ហាញ​ឲ្យ​ឃើញ​នូវ​ចរិក​ប្រយុទ្ធ​តតាំង​របស់​លោក​ប្រធានាធិបតី។ នៅ​ចុង​បញ្ចប់​ នេះ​ជា​បុរស​វ័យ ៧១​ឆ្នាំ​មួយ​រូប ដែល​ជឿ​លើ​អ្វី​ដែល​ខ្លួន​ឯង​បាន​និយាយ​ចេញ​មក។ គ្មាន​នរណា​អាច​គ្រប់គ្រង​គាត់​បាន​ទេ ហើយ​គាត់ មួម៉ៅ​ចិត្ត ពេល​នរណា​ចង់​គ្រប់គ្រង​គាត់។ ដូច្នេះ​សំណួរ​នៅ​ពេល​ឥឡូវ​នេះ​គឺ​ថា តើ​គាត់​បោះជំហាន​ទៅ​មុខ​យ៉ាង​ដូចម្ដេច?»។

អ្នក​វិភាគ​នៃគណបក្ស​សាធារណរដ្ឋ​លោក Scot Faulkner និយាយ​ថា លោក​ត្រាំ​តែង​តែ​យក​ការ​រិះគន់​ថា​ជា​ការ​រិះ​គន់​លើ​រូប​លោក។ លោក Scot បាន​និយាយ​ថា៖ «គាត់​លេង​វោហារសាស្ត្រ​ខ្លះៗ​មក​ពី​អ្នក​នេះ ពី​អ្នក​នោះ ហើយ​ពី​ប្រទេស​ទាំង​មូល។ គាត់​និយាយ​បន្តិច​ពី​នេះ​ បន្តិច​ពី​នោះ ហើយ​បន្ទាប់​មកត្រឡប់​ទៅ​និយាយ​ពី​ខ្លួន​ឯង​វិញ»។

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​រង​ការ​រិះគន់​នៅ​គ្រា​មួយ ដែល​សំឡេង​គាំទ្រ​របស់​លោក​បាន​ធ្លាក់​ចុះ​ទាប​ជាង ៤០​ភាគរយ​នៅ​ក្នុង​ការ​ស្ទង់មតិ​មួយ​ចំនួន។ នេះ​បើ​យោង​ទៅតាមអ្នកវិភាគ​លោក Larry Sabato សាស្រ្តាចារ្យ​នៃ​សាកល​វិទ្យាល័យ​ Virginia។លោក​បាន​ថ្លែង​ប្រាប់​ VOA តាម​ប្រព័ន្ធ​ Skype​ ថា៖ «រឿង​នេះច្របូកច្របល់ និង​ស្មុគស្មាញ ហើយ​គ្រប់គ្នា​យល់ឃើញ​ដូច​នេះ។ គាត់​បាន​អត្រា​សំឡេង​គាំទ្រ​ទាប​ជាង​គេ​បង្អស់ នៅ​ក្នុង​ចំណោម​ប្រធានាធិបតី​ណា​ទាំងអស់ ចាប់​តាំង​ពី​ការ​ស្ទង់មតិ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល ២០០ ថ្ងៃ​ដំបូង​នៃ​ការ​កាន់តំណែង​របស់​ប្រធានាធិបតី»។

រឿងរ៉ាវ​ចម្រូងចម្រាស​ជុំវិញ​ការ​លើកឡើង​របស់​លោក​ប្រធានាធិបតី កើត​ឡើង​នៅ​ចំនឹង​ថ្ងៃបុណ្យ​សព​នាង Heather Heyer ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បន្ទាប់​ពី​រថយន្ត​មួយ​បាន​បុករះ​ហ្វូង​អ្នក​ប្រឆាំង​បាតុកម្ម​នៅ​ក្រុង Charlottesville៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG