បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍និយាយនៅថ្ងៃសុក្រនេះថា ការបដិសេធរបស់តុលាការមិនឲ្យអង្គការសង្គមស៊ីវិលចូលសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនសហជីពដែលកំពុងជាប់ឃុំដោយសារសកម្មភាពតស៊ូមតិ នោះគឺជារឿងអយុត្តិធម៌ និងបង្ហាញការអនុវត្តច្បាប់មិនមានតម្លាភាព។
ការលើកឡើងរបស់ក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុងធ្វើកូដកម្មលើដងវិថីរដ្ឋសភាជាតិ រាជធានីភ្នំពេញនេះធ្វើឡើងខណៈថ្នាក់ដឹកនាំ និងសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់ ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្នពីបទញុះញង់ បន្ទាប់ពីពួកគេដឹកនាំកូដកម្មទាមទាររកដំណោះស្រាយវិវាទការងារជិត១០ខែរវាងក្រុមហ៊ុន និងបុគ្គលិក។
កំពុងឈរធ្វើកូដកម្មជាមួយក្រុមកូដករផ្សេងទៀតនារសៀលថ្ងៃសុក្រនេះ កញ្ញា វ៉ាន់ រីណា បុគ្គលិកផ្នែកតុល្បែងក្នុងកាស៊ីណូណាហ្គាវើលដ៍ប្រាប់ VOA ថា កូដករនឹងបានដឹងអំពីស្ថានភាពរស់នៅ និងសុខទុក្ខរបស់មន្ត្រីសហជីពដែលជាតំណាងពួកគេ ប្រសិនបើក្រុមសង្គមស៊ីវិលត្រូវបានតុលាការអនុញ្ញាតឲ្យបានចូលទៅសួរសុខទុក្ខពួកគេក្នុងពន្ធនាគារនោះ។
កញ្ញានិយាយថា ការបដិសេធរបស់ស្ថាប័នតុលាការមិនឲ្យក្រុមសង្គមស៊ីវិលចូលសួរសុខទុក្ខតំណាងរបស់ពួកគេគឺជារឿងដែលមិនអាចទទួលយកបាន ហើយវាអយុត្តិធម៌សម្រាប់អ្នកដែលធ្វើការដើម្បីការពារប្រយោជន៍កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍។
កញ្ញាវ៉ាន់ រីណាថ្លែងថា៖ «សូម្បីតែការចង់ដឹង ចង់ឮពីសុខទុក្ខរបស់ប្រធានសហជីពដែលជាតំណាងនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានបំបិទសិទ្ធិទាំងស្រុង។ វាគឺជា[រឿង] អយុត្តិធម៌សម្រាប់ពួកខ្ញុំដែលជាបុគ្គលិក ព្រោះពួកខ្ញុំក៏មិនអាចទៅសួរនាំបាន សម្រាប់សង្គមស៊ីវិលដែលយើងអាចពឹងពាក់គាត់បានថា គាត់ដឹងឮ ទទួលដំណឹង ពីសុខទុក្ខពួកគាត់ទាំង៨នាក់ហ្នឹង ដើម្បីពាំនាំដល់សមាជិកយើងដែលកំពុងធ្វើកូដកម្មនេះទៀតសោត សម្រេចសម្រួលគឺយើងអត់បានទទួលដំណឹងពីសុខទុក្ខអ្វីពីគាត់ទាំងអស់។ វាគឺជារឿងអយុត្តិធម៌ដែលមិនអាចទទួលយកបាន សម្រាប់ការលើកឡើងរបស់តុលាការ»។
កូដករម្នាក់ទៀត លោក ជួប ចាន់ណាត ក៏បានលើកឡើងដែរថា ការដែលតុលាការបដិសេធមិនឲ្យក្រុមសង្គមស៊ីវិលចូលសួរសុខទុក្ខតំណាងរបស់ពួកគេគឺជាការបំបិទសិទ្ធិយ៉ាងខ្លាំងប្រឆាំងតំណាងកម្មកររបស់សហជីព និងកូដករ។
លោកប្រាប់វីអូអេក្នុងពេលកំពុងចូលរួមការធ្វើកូដកម្មថា៖ «គ្រាន់តែយើងទៅសួរសុខទុក្ខជាលក្ខណៈមួយ ការនឹករឭក ក៏រងការរឹតបន្តឹងដែរ ដូច្នេះនេះជាអ្វីដែលជាការរឹតត្បិតមែនទែនចំពោះយើងទាំងអស់គ្នាដែលជាកូដករនៅទីនេះ ដែលតំណាងខ្លួន ដែលចាត់ទុកថា ជាឪពុកម្តាយ ដែលជាប់គុក ហើយយើងក៏អត់មានសិទ្ធិទៅសួរសុខទុក្ខគាត់។ នេះជាការរឹតត្បិតមែនទែននូវបញ្ហានេះ ព្រោះថា រយៈពេលមិនមែនបីបួនថ្ងៃទេ គឺរយៈពេលដែលចាប់ខ្លួនហ្នឹងគឺ៣៦ថ្ងៃហើយ»។
ក្នុងជំនួបថ្ងៃទី១ខែកុម្ភៈ មន្ត្រីយុត្តិធម៌កម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រកាសសហការគ្នារៀបចំយន្តការថ្មីមួយអំពីការអនុវត្តទោសមិនជាប់ក្នុងពន្ធនាគារ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងមន្ទីរឃុំឃាំង។មន្ត្រីសង្គមស៊ីវិលសាទរ ប៉ុន្តែពួកគេលើកទឹកចិត្តឲ្យស្ថាប័នតុលាការ និងមន្ត្រីអនុវត្តច្បាប់គួរពិចារណាអំពីសិទ្ធិទទួលបានការជំនុំជំម្រះក្តីឆាប់រហ័ស និងប្រកបដោយយុត្តិធម៌ ដោយមិនគួរប្រើនីតិវិធីឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្នរង់ចាំការឡើងសវនាការជាជម្រើសអាទិភាពនោះទេ។
គិតត្រឹមថ្ងៃសុក្រទី៤ កុម្ភៈនេះ គឺមានរយៈពេល៤៧ថ្ងៃហើយដែលបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បន្តធ្វើកូដកម្មលើដងវិថីរដ្ឋសភាជាតិក្បែរស្ថានទូតអូស្ត្រាលី និងក្បែរអគារអាជីវកម្មកាស៊ីណូរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារដំណោះស្រាយក្នុងវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ និងទាមទារឲ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨រូបនោះ។
កូដករទាំងអស់ដែលបាននិងកំពុងបន្តធ្វើកូដកម្មអះអាងថា ពួកគេនៅតែរក្សាជំហរធ្វើកូដកម្មរហូតដល់តំណាងសហជីពរបស់ពួកគេត្រូវបានដោះលែង ហើយវិវាទការងារដែលកើតមានរវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានដោះស្រាយដោយសមស្រប។
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន៨ រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ជាដើម បានដាក់លិខិតរួមគ្នាមួយទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសុំជួបសួរសុខទុក្ខតំណាងសហជីពទាំង៨នាក់ក្នុងមួយខែម្ដង ដោយគិតចាប់ពីខែមករាឆ្នាំ២០២២ទៅ។
មួយសប្តាហ៍ក្រោយការដាក់លិខិត នៅថ្ងៃទី១ ខែកុម្ភៈ ចៅក្រុមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានចេញលិខិតបដិសេធការស្នើរបស់អង្គការក្រៅរដ្ឋាភិបាលទាំង៨ ដោយលើកមូលហេតុថា សំណុំរឿងនេះស្ថិតក្នុងដំណាក់កាលស៊ើបសួរ ហើយចៅក្រមស៊ើបសួរកំពុងបន្តស្រាវជ្រាវអង្កេតរកបុគ្គលមួយចំនួនទៀតដែលចៅក្រមត្រូវកោះហៅសួរបំភ្លឺ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើងថា ការសួរសុខទុក្ខរបស់អង្គការសង្គមស៊ីវិល មិនមានធ្វើឲ្យប៉ះពាល់ដល់នីតិវិធីនៃការស៊ើបសួររបស់តុលាការនោះទេ។ លោកថា ការបដិសេធមិនឲ្យសង្គមស៊ីវិលចូលសួរសុខទុក្ខសហជីពណាហ្គាវើលដ៍ទាំង៨នាក់នោះអាចដោយសារអាជ្ញាធរមិនចង់ឲ្យសង្គមស៊ីវិលបានដឹងអំពីស្ថានភាពរបស់អ្នកដែលកំពុងជាប់ឃុំ។
លោកនិយាយថា៖ «មួយរយៈក្រោយនេះគឺមានការរឹតត្បិតវត្តមានរបស់អង្គការសង្គមស៊ីវិលផ្សេងៗនៅក្នុងការចូលរួមទៅសួរសុខទុក្ខ។ អ៊ីចឹងហើយបានយើងគិតថា វាអាចជាចេតនាមួយនៅក្នុងការដែលរឹតត្បិតការចូលទៅសួរសុខទុក្ខនេះ ដោយមើលឃើញថាការចូលទៅសួរសុខទុក្ខនេះគឺជាទម្រង់មួយដែលវាធ្វើឲ្យមានការប៉ះពាល់នូវការដែលពួកយើងចូលទៅ ហើយយើងដឹងអំពីស្ថានភាពជាក់ស្តែង ការអនុវត្តនូវលក្ខខណ្ឌសម្រាប់ពួកគាត់»។
លោក ឃុន ថារ៉ូ បន្ថែមថា ក្រុមសង្គមស៊ីវិលនឹងប្តឹងទៅសាលាឧទ្ធរណ៍ដើម្បីស្នើឲ្យថ្នាក់ដឹកនាំ និងសកម្មជនសហជីពណាហ្គាវើលដ៍ទាំង៨នាក់នោះបាននៅក្រៅឃុំ ឈានទៅរកការចូលតុចចាររកដំណោះស្រាយសមស្របរវាងក្រុមហ៊ុន និងបុគ្គលិក។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ឆ្លើយតបនឹងសំណួររបស់ VOA ពាក់ព័ន្ធនឹងការលើកឡើងរបស់កូដករ និងសហជីពយ៉ាងខ្លីថា៖ «ខ្ញុំមិនទទួលបានព័ត៌មាននេះទេ»។
ថ្នាក់ដឹកនាំ និងសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់ ក្នុងនោះមានប្រធានសហជីពទ្រទ្រង់ សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការសម្រេច ឃុំខ្លួនបណ្ដោះអាសន្នពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ខណៈពួកគេដឹកនាំកូដកម្មប្រឆាំងនឹងការបញ្ឈប់ការងារបុគ្គលិកជាង១.៣០០នាក់ ដោយបង្ខំក្នុងនោះក៏មានសមាជិក និងថ្នាក់ដឹកនាំសហជីពនិងទាមទារការទូទាត់សំណងសមស្របតាមច្បាប់ការងារ។
អង្គការ និងសហជីពទាំងជាតិ និងអន្តរជាតិមួយចំនួនលើកឡើងថា វិវាទរវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាវិវាទការងារសុទ្ធសាធ។ ពួកគេបានស្នើឲ្យអាជ្ញាធរដោះលែងថ្នាក់ដឹកនាំ និងសមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ជាបន្ទាន់ ហើយទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើពួកគេដោយឥតលក្ខខណ្ឌ៕