ក្រុមបាតុករជានិស្សិតរាប់ពាន់នាក់ ដែលស្លៀកពាក់ខោអាវពណ៌ខ្មៅបានដើរហែក្បួនតវ៉ាក្នុងទីក្រុងហុងកុងនៅថ្ងៃសុក្រនេះ ដោយទាមទារឱ្យរដ្ឋាភិបាលដកចេញទាំងស្រុងនូវសំណើច្បាប់បត្យាប័នដ៏ចម្រូងចម្រាសមួយ និងទាមទារឱ្យមេដឹកនាំនៃដែនដីនេះគឺអ្នកស្រី Carrie Lam ដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង ចុះចេញពីតំណែង។
ក្រុមបាតុករបានធ្វើឱ្យកកស្ទះចរាចរណ៍និងបានរាំងខ្ទប់ផ្លូវដ៏សំខាន់មួយឆ្ពោះទៅកាន់សភាក្រុងហុងកុង ដែលរដ្ឋាភិបាលបានបិទទ្វារនៅថ្ងៃសុក្រនេះ។
ក្រុមបាតុករនៅថ្ងៃសុក្រនេះ ក៏បានជំរុញឱ្យមន្ត្រីហុងកុងដកចេញវិញនូវការពិពណ៌នាបាតុកម្មកាលពីថ្ងៃទី១២ខែមិថុនាថាជាការបះបោរ ហើយក៏ជំរុញឱ្យអាជ្ញាធរដោះលែងបាតុករដែលត្រូវបានចាប់ខ្លួនទាំងអស់ ព្រមទាំងទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងបាតុករទាំងនោះ។
ក្រុមបាតុករនៅថ្ងៃសុក្រនេះ ក៏បានទាមទារឱ្យអាជ្ញាធរបើកការស៊ើបអង្កេតទៅលើការប្រើប្រាស់កម្លាំងរបស់ក្រុមប៉ូលិស ក្នុងអំឡុងពេលមានបាតុកម្មក្នុងពេលថ្មីៗនេះផងដែរ។ ប៉ុន្តែ រដ្ឋាភិបាលមិនទាន់ឆ្លើយតបដោយផ្ទាល់ទៅនឹងការទាមទារទាំងនេះនៅឡើយទេ។
កាលពីថ្ងៃអង្គារ អ្នកស្រី Carrie Lam បានធ្វើការសុំទោសចំពោះវិបត្តិនយោបាយនិងការរំជើបរំជួលក្នុងទីក្រុងហុងកុងដែលបណ្ដាលមកពីសេចក្ដីស្នើច្បាប់ស្ដីពីបត្យាប័ននោះ៕