មនុស្សរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុងហុងកុង នៅថ្ងៃអាទិត្យនេះ ដោយស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ដើម្បីទាមទារឲ្យមេដឹកនាំទីក្រុងនេះចុះចេញពីតំណែង។ ហេតុការណ៍នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីអ្នកស្រី Carrie Lam មេដឹកនាំទីក្រុងហុងកុង បានព្យួរច្បាប់ធ្វើបត្យាប័ន ក្រោយពីមានការតវ៉ាយ៉ាងហិង្សាបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
សកម្មជនធ្វើតង់ដើម្បីតវ៉ា ហើយអ្នកខ្លះកាន់ផ្កា នាំគ្នាដើរតាមដងផ្លូវដើម្បីតវ៉ាដោយបែកញើសសស្រាក់សស្រាំក្នុងអាកាសធាតុដ៏សែនក្ដៅ ដោយដើរពីសួន Victoria ទៅកាន់ការិយាល័យកណ្តាលរដ្ឋាភិបាលទីក្រុងហុងកុង។
អ្នកស្រី Carrie Lam មេដឹកនាំទីក្រុងហុងកុង ដែលគាំទ្រដោយរដ្ឋាភិបាលក្រុង ប៉េកាំង កាលពីថ្ងៃសៅរ៍ បានពន្យារពេលបោះឆ្នោតទៅលើច្បាប់ធ្វើបត្យាប័នដោយមិនកំណត់ ដែលច្បាប់នេះអនុញ្ញាតឲ្យបញ្ជូនខ្លួនបុគ្គលនានាទៅកាន់ប្រទេសចិន ដើម្បីចូលសវនាការ។ អ្នកស្រី Lam បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង។
នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់នយោបាយរដ្ឋាភិបាលក្រុង ហុងកុង ចាប់តាំងពីចក្រភពអង់គ្លេសប្រគល់ដែនដីនេះទៅឲ្យចិនវិញនៅឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍លើកនេះក៏ចោទជាសំណួរទៅលើសមត្ថភាពរបស់អ្នកស្រី Lam ក្នុងការបន្តដឹកនាំទីក្រុងនេះតទៅទៀតផងដែរ។
លោក David Webb ដែលជាសកម្មជននិងជាអ្នកវិនិយោគផងនោះ បានឲ្យដឹងនៅក្នុងព្រឹត្តិបត្រព័ត៌មានមួយនៅថ្ងៃអាទិត្យនេះថា ប្រសិនបើអ្នកស្រី Lam គឺជាភាគហ៊ុនវិញ នោះលោកនឹងផ្ដល់អនុសាសន៍ថា អ្នកស្រីមានតម្លៃជាប្រាក់ស្មើនឹងសូន្យ។
លោក Webb បានថ្លែងថា៖ «ចាត់ទុកថា វាជាជំនួញមួយ នោះមានន័យថាអ្នកស្រីបានបាត់បង់ភាពជឿជាក់ពីសាធារណជនបាត់ទៅហើយ»៕