កាលពីថ្ងៃអាទិត្យម្សិលមិញមនុស្សរាប់សែននាក់បានចេញធ្វើបាតុកម្មសារជាថ្មីនៅតាមផ្លូវនានា នៅក្នុងក្រុងហុងកុង ដើម្បីប្រឆាំងនឹងសំណើច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលអនុញ្ញាតឲ្យមានការធ្វើបត្យាប័នបញ្ជូនមនុស្សទៅប្រទេសចិន។
បាតុកម្មនេះបានធ្វើឲ្យហាងលក់ទំនិញ និងអាគាររដ្ឋាភិបាលនានា នៅក្នុងទីក្រុងហុងកុងបិទទ្វារ។ ក្រុមអ្នករៀបចំបាតុកម្មបាននិយាយថា មានមនុស្ស២លាននាក់ចេញមកធ្វើបាតុកម្មនៅតាមផ្លូវនានាក្នុងទីក្រុងហុងកុង។
បាតុកម្មនេះបានផ្ទុះឡើងនៅមួយថ្ងៃ បន្ទាប់ពីសំណើច្បាប់នេះត្រូវបានប្រកាសឲ្យផ្អាកដំណើរការដោយអ្នកស្រី Carrie Lam នាយកប្រតិបត្តិទីក្រុងហុងកុង ប៉ុន្តែក្រុមបាតុករបាននិយាយថា ពួកគេនឹងបន្តធ្វើបាតុកម្មរហូតទាល់តែសំណើច្បាប់នេះត្រូវបានលុបចោលទាំងស្រុង។
នៅស្របពេលជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថា ប្រធានាធិបតីអាមេរិកលោក Donald Trump មានគម្រោងពិភាក្សាអំពីបញ្ហានៅទីក្រុងហុងកុងជាមួយនឹងសមភាគីចិនរបស់លោក គឺលោកប្រធានាធិបតី Xi Jinping នៅឯសន្និសីទកំពូល G20 នៅប្រទេសជប៉ុនដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ។
ក្រុមបាតុករបានកាន់បដាស្រែកទាមទារឲ្យអ្នកស្រី Carrie Lam ចុះចេញពីតំណែង។
បាតុករម្នាក់ឈ្មោះ Steven Chow បាននិយាយថា លោកមិនបានចូលរួមក្នុងបាតុកម្មកាលពីលើកមុនទេ ប៉ុន្តែពេលនេះលោកសម្រេចចូលរួមធ្វើបាតុកម្មដោយសារតែលោកខឹងសម្បារទៅនឹងការបង្រ្កាបរបស់ក្រុមអាជ្ញាធរទៅលើហ្វូងបាតុករ កាលពីដើមសប្តាហ៍មុន។
កាលពីថ្ងៃពុធ ប៉ូលិសបង្រ្កាបកុបកម្មបានបាញ់ឧស័្មនបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងជ័រទៅលើហ្វូងយុវជន ដែលជាក្រុមបាតុករដែលបានប្រមូលផ្តុំគ្នាប្រឆាំងទៅនឹងសំណើច្បាប់នេះ និងបានព្យាយាមគ្រប់គ្រងផ្លូវសំខាន់ៗនៅក្នុងទីក្រុងហុងកុង ដែលស្រដៀងគ្នាទៅនឹងបាតុកម្មរបស់ចលនាឆ័ត្រប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ ៕