អ្នកស្រី Carrie Lam មេដឹកនាំក្រុងហុងកុង ដែលមានទំនោររករដ្ឋាភិបាលចិន បានធ្វើការសុំទោសនៅថ្ងៃអង្គារនេះ សម្រាប់វិបត្តិនយោបាយ និងភាពចលាចលដែលបង្កឡើង ដោយសារសំណើច្បាប់មួយដែលអនុញ្ញាតឲ្យមានការធ្វើបត្យាប័នបញ្ជូនមនុស្សទៅកាន់ប្រទេសចិនដីគោក។ ប៉ុន្តែ អ្នកស្រីមិនបានធ្វើតាមការទាមទាររបស់ក្រុមអ្នកតវ៉ាដែលចង់ឲ្យអ្នកស្រីចុះចេញពីតំណែងដោយសារតែរឿងសំណើច្បាប់នេះទេ។
អ្នកស្រី Carrie Lam បានប្រាប់អ្នកកាសែតថា អ្នកស្រីនឹងមិនលើកឡើងពីសំណើច្បាប់នេះទៀតទេ រហូតទាល់តែរដ្ឋាភិបាលអាចដោះស្រាយបញ្ហាបែកបាក់គ្នានេះបាន ប៉ុន្តែអ្នកស្រីបានបញ្ជាក់ថា អ្នកស្រីនឹងនៅតែកាន់តំណែងជាមេដឹកនាំក្រុងហុងកុងរហូតដល់ពេលអស់អាណត្តិ។
ការប្រឆាំងចំពោះសំណើច្បាប់នេះបានធ្វើឲ្យមានការតវ៉ាម្ដងហើយម្ដងទៀតនៅក្នុងទីក្រុងហុងកុងនៅក្នុងខែនេះ។ ក្រុមអ្នករៀបចំការធ្វើបាតុកម្មនេះបាននិយាយថា មនុស្ស ២ លាននាក់ បានចូលរួមនៅក្នុងការតវ៉ាកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
អ្នកតវ៉ា និងសមាជិកសភាដែលមានទំនោរទៅរកប្រជាធិបតេយ្យភាគច្រើន បានហៅសំណើច្បាប់នេះថាជា «សំណើច្បាប់ដ៏អាក្រក់» ឬក៏ «ច្បាប់ដ៏អាក្រក់» ដែលពួកគេយល់ឃើញថាជាការរំលោភលើអធិបតេយ្យភាពទីក្រុងហុងកុង ដែលអធិបតេយ្យភាពនេះត្រូវបានព្រមព្រៀងរហូតដល់ឆ្នាំ ២០៤៧ នៅពេលដែលអង់គ្លេសប្រគល់ទឹកដីហុងកុងដល់ប្រទេសចិនវិញកាលពីឆ្នាំ ១៩៩៧។
សហរដ្ឋអាមេរិកបានបង្ហាញការគាំទ្រជាថ្មីចំពោះក្រុមអ្នកតវ៉ាកាលពីថ្ងៃចន្ទកន្លងទៅនេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Morgan Ortagus បាននិយាយថា ក្រុមបាតុករបានចូលរួមនៅក្នុងការតវ៉ាដោយសន្តិវិធីសម្រាប់ «រឿងរ៉ាវដែលមានចែងនៅក្នុងច្បាប់មូលដ្ឋាន»៕