ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ស្រ្តី​កម្ពុជា​និង​ភូមា​ជួប​គ្នា​ដើម្បី​បង្កើត​បណ្តាញ​តស៊ូ​មតិ


លោកស្រី​ Yin Myo Su ​ស្ថាបនិក​និង​ជា​នាយិកា​អង្គការ ​Inthar Heritage House របស់​ភូមា​ថ្លែង​នៅ​ក្បែរ​លោក​ស្រី​មូរ ​សុខហួរ ​តំណាង​រាស្ដ្រ​ជាប់​ឆ្នោត​ខាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៤។ (គង់ សុឋានរិទ្ធ/វីអូអេ)
លោកស្រី​ Yin Myo Su ​ស្ថាបនិក​និង​ជា​នាយិកា​អង្គការ ​Inthar Heritage House របស់​ភូមា​ថ្លែង​នៅ​ក្បែរ​លោក​ស្រី​មូរ ​សុខហួរ ​តំណាង​រាស្ដ្រ​ជាប់​ឆ្នោត​ខាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៤។ (គង់ សុឋានរិទ្ធ/វីអូអេ)
ក្រុមស្ត្រីនាំមុខមកពី​ប្រទេស​កម្ពុជា​និង​មក​ពី​ប្រទេស​ភូមា​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះ​សម្រាប់​រយៈពេល​ពីរថ្ងៃដើម្បីចែក​រំលែក​អំពី​ការតស៊ូ​ដើម្បី​អ្វីមួយ​ដែល​ស្ត្រីទាំង​នោះ​ហៅថា​ «សម្រាប់​ការ​ផ្លាស់​ប្តូរ​សង្គម»​ និង​ដើម្បីបង្កើត​បណ្តាញ​ថា្នក់​ជាតិ​មួយ​នៃ​អ្នក​ដឹក​នាំ​សង្គម​ស៊ីវិល​ជា​ស្ត្រី។

លោក​ស្រីមូរ ​សុខហួរ ​តំណាង​រាស្ដ្រ​ជាប់​ឆ្នោត​ខាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និងជា​អ្នក​សម្រប​សម្រួល​កិច្ច​ប្រជុំ​នេះ​មួយរូប​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានក្នុង​ទីក្រុង​ភ្នំពេញ​ថា​បណ្តាញ​ស្ត្រី​នេះ​គឺ​ដើម្បី​ជំរុញ​ស្ត្រី​ក្នុង​ចលនា​នយោបាយ​និង​សម្រាប់​កែប្រែ​និង​អភិវឌ្ឍន៍​សង្គម។​

លោក​ស្រី​បន្ថែម​ថា៖​ «ធំ​បំផុត​គឺ​ជំរុញឲ្យ​ស្ត្រី​ក្លាយ​ជា​អ្នក​នយោបាយ នៅថ្នាក់ជាតិ​ក៏ដូចជា​នៅ​ថ្នាក់​មូលដ្ឋាន​ដែរ។​យើង​តស៊ូ​មតិ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។​យើង​តស៊ូ​មតិ​ដោយ​យើង​ចង​កម្លាំង​គ្នា​ជា​ស្ត្រី​នៅ​ប្រទេស​ភូមា ​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​ជា​បណ្តាញ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ»។

អង្គការ​អាមេរិកាំង​ចំនួន​ពីរ​គឺ ​អង្គការ​ Vital Voices Global Partnership ​ដែល​ជា​អង្គការ​បង្កើត​ឡើង​ដោយ​លោកស្រី​ Hillary Clinton ​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​និង​មូលនិធិ ​Open Society Foundation ​បានគាំទ្រ​ដល់​ការ​បង្កើត​បណ្តាញ​ស្ត្រីជា​អ្នក​ដឹកនាំ​នេះ​ រួម​ជាមួយ​នឹង​អង្គការ​ស្ត្រីខ្មែរ​ដែល​ជា​អង្គការ​ក្នុង​ស្រុក។

មាន​ស្ត្រី​មក​ពី​ប្រទេស​ភូមា​ចំនួន​៨​រូប​ដែល​ធ្វើការ​ក្នុង​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​ក្នុង​នោះ​មាន​ផ្នែក​អង្គការ​សង្គម​ស៊ីវិល​និង​ផ្នែក​ជំនួញ​ផងដែរ។

ដោយ​ឡែក​ស្ត្រី​កម្ពុជា​មាន​ចំនួន​ប្រាំរូប​ក្នុង​នោះ​មាន​លោកស្រី​មូរ សុខហួរ ​ដែល​តំណាង​អ្នកនយោ​បាយ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​សកម្មជន​ដីធ្លី​និង​តំណាង​សង្គម​ស៊ីវិល។

លោកស្រី​ Yin Myo Su ​ស្ថាបនិក​និង​ជា​នាយិកា​អង្គការ ​Inthar Heritage House ​របស់​ប្រទេស​ភូមា​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ដែរ​ថា​ស្ថាន​ភាព​សង្គម​និង​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា​ប្រហាក់​ប្រហែល​នឹង​នៅ​ប្រទេស​កម្ពុជា​ដែរ​ដូចជា​ការ​រំលោភ​ដី​ដែល​កើត​រាល់ថ្ងៃ​ហើយ​ស្រ្តី​មក​ពី​ប្រទេស​ភូមា​ចង់ដឹង​ថា​តើ​ស្ត្រី​កម្ពុជា​ដោះ​ស្រាយ​យ៉ាង​ដូចម្តេច។​ មួយវិញ​ទៀត​ការ​ប្រឈម​មាន​សភាព​ធំធេង​និង​គ្រោះ​ថ្នាក់​នៅ​ប្រទេស​ភូមា។

«យើង​មក​ទីនេះ​ដើម្បី​រៀន​សូត្រ​ពីបងប្អូន​ស្រី​ជនជាតិ​កម្ពុជា​របស់​យើង។​ហើយ​យើង​នឹង​ចែក​រំលែក​បទ​ពិសោធន៍​របស់​យើង​ផង​ដែរ។​កិច្ច​សន្ទនា​នេះ​មាន​សារៈ​សំខាន់​ណាស់។​មិន​មែន​សម្រាប់​តែ​អ្នក​ចូល​រួម​ទាំង​នេះ​ទេ​ប៉ុន្តែ​វា​មាន​សារៈសំខាន់​សម្រាប់ពេល​ដែល​យើង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​យើង​ សហគមន៍​របស់​យើង​និង​វិល​ត្រឡប់​ទៅ​កាន់​ការងារ​របស់​យើង​វិញ។​ការរៀន​សូត្រ​ពី​ស្ត្រីជា​អ្នក​ដឹកនាំ​របស់​ប្រទេស​កម្ពុជា​នឹង​ជួយ​យើង​ច្រើន​ណាស់»។

នៅ​ក្នុងកិច្ច​ប្រជុំនៃ​បណ្តាញ​ស្ត្រី​នេះ​ដែរ​មាន​ស្ត្រី​ភូមា​ដែល​ធ្វើការ​នៅ​ក្នុង​សង្គម​ស៊ីវិល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​រ៉ង់ហ្គោន​ចាប់​ដាក់​គុក​រយៈ​ពេល​ប្រាំពីរឆ្នាំ​ហើយ​សកម្មជន​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នកស្រី​ទេព វន្នី​ ដែលជា​អ្នកតវ៉ា​ឈានមុខ​នៃ​សហគមន៍​បឹងកក់​ក៏​បានចូលរួម​ចែក​រំលែក​បទពិសោធន៍​ក្នុង​ការតស៊ូ​របស់​ខ្លួនដែរ។

កញ្ញា​ Lauren Wollack ​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​កម្មវិធី​ប្រគល់​អំណាច​ជា​យុទ្ធសាស្ដ្រ​និងការ​ច្នៃប្រឌិត​របស់​អង្គការ​ Vital Voices Global Partnership ​យល់​ឃើញ​ថាជំនួប​រវាងស្ត្រីនៃ​ប្រទេស​ទាំងពីរ​នឹង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គាត់​ធ្វើការ​សហការ​គ្នា​និង​ធ្វើ​សកម្មភាព​ថ្មីៗ​បន្ថែម​ទៀត។

«ខ្ញុំ​គិត​ថា​ការ​ប្រឈម​ជាច្រើន​ដែល​យើង​ជួប​ប្រទះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​លោកស្រី​មូរ សុខហួរ​ ប្រឈម​ លោកឃើញ​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​នៅ​ប្រទេស​ភូមា​ ដូចជា​ការ​រំលោភ​ដីធ្លី ​អំពើ​ហិង្សា ​ការបង្រ្កាប​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ព្យាយាម​ស្វែង​រក​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ។​ដូច្នេះ​ខ្ញុំ​គិត​ថាក្រុម​ស្ត្រី​មក​ចូល​រួម​នៅ​ទីនេះ​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​អំពី​បញ្ហា​ទាំង​នេះ​ ហើយ​ពួក​គាត់​និ​យាយ​ថាដើម្បី​ប្រកាន់​យក​ការជាក់​ជាក់​ទាំង​នេះ​គឺមាន​តែ​ធ្វើ​ឲ្យ​សំឡេង​របស់​ស្ត្រី​រឹង​មាំ​ជាង​មុន ​និង​មាន​អំណាច​ជាង​មុន»។

នៅ​ប្រទេស​ភូមា​ប្រព័ន្ធ​អ៊ីនធើណិត​មាន​ភាព​លំបាក​និង​ដំណើរ​ការ​យឺត​ជាង​ប្រទេស​កម្ពុជា។​

ក្នុងនោះ​ដែរ​ស្ត្រី​កម្ពុជា​នឹង​បង្ហាញ​ពី​ផល​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​សម្រាប់​គាំទ្រ​ដល់​ការតស៊ូ​របស់​ស្ត្រី។

ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​លោក​វីលាម ថដ (William E. Todd) ​ក៏​បាន​ជួប​ស្ត្រី​មក​ពី​ប្រទេស​ទាំង​ពីរ​ផង​ដែរ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ៕
XS
SM
MD
LG